អំពើ​ហិង្សា​​លើ​វិហារ​អេហ្ស៊ីប​មួយ​កន្លែង សម្លាប់មនុស្ស​យ៉ាង​តិច​២៣៥​នាក់

សេចក្ដី​រាយការណ៍​បាន​ឲ្យដឹង​ថា អ្នក​ថ្វាយ​បង្គំ​យ៉ាង​តិច ២៣៥​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក និង​កាំភ្លើង​​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ នៅ​ភាគ​ខាង​ជើង​ខេត្ត​ស៊ីណៃ​របស់​ប្រទេស​អេហ្ស៊ីប។

ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​អេហ្ស៊ីប បាន​រាយការណ៍​ថា គ្រាប់​បែក​មួយ​បាន​ផ្ទុះ​បំប៉ើង​វិហារ Rawda ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៤០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​នៃ​ទីក្រុង​ El-Arish ទីរួម​ខេត្ត​ស៊ីណៃ មុន​នឹង​ខ្មាន់​កាំភ្លើង​បើក​ការ​បាញ់​រះ​ទៅ​លើ​មនុស្ស​ម្នា​ដែល​ចូល​រួម​ថ្វាយ​បង្គំ​ព្រះ​នៅ​ថ្ងៃ​សុក្រ។

សាក្សី​បាន​និយាយ​ថា ជន​វាយ​ប្រហារ​បាន​បើក​រថយន្ត​ឡោម​ព័ទ្ធ​ព្រះ​វិហារ ហើយ​បន្ទាប់​មក​បំផ្ទុះ​គ្រាប់​បែក​នៅ​ខាង​ក្រៅ​ព្រះ​វិហារ​នោះ។

បន្ទាប់​មក ខ្មាន់​កាំភ្លើង​បាន​បាញ់​ផ្ដួល​អ្នក​ថ្វាយ​បង្គំ​ព្រះ ខណៈ​ដែល​ពួកគេ​ព្យាយាម​រត់​គេច និងបាន​ប្រើ​ប្រាស់​រថយន្ត​តម្រង់​ជួរ​នៅ​ក្នុង​ព្រះវិហារ​នោះ សម្រាប់​បាំង​គ្រាប់​កាំភ្លើង។

អ្នក​នាំ​ពាក្យ​យោធា​អេហ្ស៊ីប បាន​និយាយ​ថា យន្ត​ហោះ​ចម្បាំង​នៃ​កង​ទ័ព​អាកាស​អេហ្ស៊ីប បន្ទាប់​មក បាន​កម្ទេច​រថយន្ត​ទាំង​នោះ ដែល​ត្រូវ​បានប្រើ​ប្រាស់​សម្រាប់​ការ​វាយ​ប្រហារ និង​បាន​កម្ទេច​ទីតាំង​អាវុធ​របស់​ភេរវករ។

ការិយាល័យ​រដ្ឋ​អាជ្ញា បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មា​មួយ​ថា មនុស្ស ២៣៥​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ១០៩​នាក់ បាន​រង​របួស នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ ដែល​ជា​ការ​វាយ​ប្រហារ​ធំ​បំផុត​បង្ក​ឡើង​ដោយ​ក្រុម​ឥស្លាម​ជ្រុល​និយម​នៅ​ក្នុង​រយៈ​ពេល ៤​ឆ្នាំ​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ