បក្ស​ប្រឆាំង​ចោទ​ គ​.ជ.ប.​ថា សម​គំនិត​ជាមួយ​បក្ស​កាន់​អំណាច «ប្លន់​ឆន្ទៈ​ពលរដ្ឋ»

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 1:27 PM | នយោបាយ | 0 | 6747 ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ បាន​ថ្កោល​ទោស​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប. ដែល​បាន​បែង​ចែក​អាសនៈ​របស់​បក្ស​មួយ​នេះ ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត ដោយ​​ចោទ​ គ.ជ.ប.​ថា បាន​រំលោភ​រដ្ឋ​ធម្មនុញ្ញ និង​ធ្វើ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ។

គ.ជ.ប. កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ បាន​សម្រេច​បែង​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ៥៥ ដែល​បាន​មក​ពី​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣​នោះ ទៅ​ឲ្យ​គណបក្ស​ ៥​ផ្សេង​ទៀត ដែល​មិន​បាន​ជាប់​ឆ្នោត។

បើ​តាម​រូបមន្ត​នៃ​ការ​បែង​ចែក​អាសនៈ​ធ្វើ​ឡើង​ដោយ គ.ជ.ប. គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុម​ព្រះ នរោត្ដម នរណឫទ្ធិ ទទួល​បាន ៤១អាសនៈ ហើយ​អាសនៈ ១៤​អាសនៈ​ទៀត ត្រូវ​បាន​បែង​ចែក​ទៅ​គណបក្ស​ផ្សេង​ទៀត។

គ.ជ.ប. បាន​សម្រេច​បែង​ចែក​អាសនៈ​ជាប់​ឆ្នោត​របស់​បក្ស​សង្គ្រោះ​ជាតិទៅ​ឲ្យ​បក្ស​ផ្សេង​បែប​នេះ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ។

បន្ទាប់​ពី​ការ​បែង​ចែក​អាសនៈ​របស់​ពួកគេ ក្រុម​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​បរទេស​នោះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​ប្រាប់ VOD តាម​សារ​អេឡិចត្រូនិច​​នៅ​ថ្ងៃ​នេះ​ថា ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់​បក្ស​នេះ​នៅ​ឯ​ក្រៅ​ប្រទេស​នោះ ពិតជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ស្ថាប័ន គ.ជ.ប. មែន។

ក្នុង​សេក្ដី​ថ្លែងការណ៍​នោះ ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង បាន​​ចោទ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ថា បាន​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ និង​ដើរ​ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ។

ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង បាន​ចោទ​ គ.ជ.ប. ថា បាន​សម​គំនិត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច និង​តុលាការ​កំពូល «ប្លន់​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ខ្មែរ»។

បើទោះបី​ត្រូវ​បាន​រំលាយ និង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ ៥​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​អះ​អាង​ថា ពួកគេ​នៅ​តែ​ជា​តំណាង​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ហើយ​ថា ពួកគេ​នៅ​តែ​ត្រូវ​បាន​ទទួល​ស្គាល់​ពី​សហភាព​អន្តរ​សភា​ថា ជា​តំណាង​រាស្ត្រ​ដដែល។

ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​នោះ ក៏​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​មេ​ដឹកនាំ​របស់​ខ្លួន គឺ​លោក កឹម សុខា ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ និង​ដោះ​លែង​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​​បរិស្ថាន សកម្មជន​ដី​ធ្លី និង​អ្នក​សារព័ត៌មាន​ផង​ដែរ។

សហគមន៍​អន្តរជាតិ មាន​សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហើ​យ​បាន​ចាត់​ទុក​ចំណាត់​ការ​ទាំង​នេះ​ថា ជា​ដំណើរ​ថយ​ក្រោយ និង​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ។

ទោះជាយ៉ាងណា ប្រទេស​ចិន​កុម្មុនីស្ត​ ដែល​ជា​ម្ចាស់​ជំនួយ​ធំ​សម្រាប់​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​​គាំ​ទ្រ​ចំណាត់​ការ​​របស់​រដ្ឋាភិបាល​កម្ពុជា ចោទ​ទុក​ជា​ការ​ការពារ​សន្តិភាព និង​ស្ថេរភាព​ជាតិ​៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required