គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសកាលពីថ្ងៃម្សិលមិញថា មានឈ្មោះប្រជាពលរដ្ឋជាង ២៣០០នាក់ ទើបត្រូវបានបញ្ចូលក្នុងទិន្នន័យនៃបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦នេះ ដោយ គ.ជ.ប ថា នោះបណ្ដាលពីកត្តាប្រព័ន្ធអ៊ីនធឺណិត និងទីតាំងឃុំនៅឆ្ងាយ។
គ.ជ.ប បានប្រកាសដូច្នេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីការផ្ទៀងផ្ទាត់ទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោតនៅក្រោយការបិទបញ្ចប់ទៅនៃដំណើរការចុះឈ្មោះបោះឆ្នោត។
អគ្គលេខាធិការរង គ.ជ.ប លោក ម៉ៅ សុភារិទ្ធ បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា បន្ទាប់ពីការបិទបញ្ចប់ទៅនៃដំណើរការចុះឈ្មោះបោះឆ្នោត គ.ជ.ប បានរកឃើញថា មាននៅសល់ឈ្មោះអ្នកបានចុះឈ្មោះរួចចំនួន ២៣១៨នាក់ទៀត ដែលមន្ត្រីគ.ជ.ប ទើបបញ្ជូនទៅដល់គ.ជ.ប ។
មន្ត្រីគ.ជ.ប រូបនេះ បញ្ជាក់ថា ភាពយឺតយ៉ាវនេះ គឺបណ្ដាលមកពីកត្តាប្រព័ន្ធអ៊ីនធឺណិត និងទីតាំងឃុំមួយចំនួន ដែលស្ថិតនៅឆ្ងាយ។
លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត បានបង្ហាញថាគ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង៧លាន៨៧ម៉ឺននាក់ ឬស្មើនឹងជាង៨១ភាគរយ នៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង៩លាន៦៦ម៉ឺននាក់ នៅទូទាំងប្រទេស៕