សហគមន៍ព្រៃឡង់​ចោទ​​ថា មន្ត្រី​ឧទ្យានុរក្ស​​បាញ់​ប្រហារ​ និង​ចាប់​ខ្លួន​ពួកគាត់

សហគមន៍ព្រៃឈើក្នុងខេត្តកំពង់ធំ បាន​ចោទមន្រ្តីឧទ្យានុរក្សព្រៃឡង់ថា បានបាញ់ប្រហារជាច្រើនគ្រាប់ទៅ​លើពួកគាត់ និង​ចាប់​ខ្លួន​ពួកគាត់ អំឡុង​ពេល​ពួកគាត់​កំពុង​ចុះ​ល្បាត​តំបន់​ព្រៃឡង់​កាលពី​សប្ដាហ៍​មុន។

ក្នុងវីដេអូឃ្លីបមួយដែល​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ សមាជិកសហគមន៍ព្រៃឡង់ លោក ធី វិចិត្រ បាន​និយាយ​ថា មន្រ្តីឧទ្យានុរក្សព្រៃឡង់ដែល​លោក​មិនស្គាល់ឈ្មោះ​នោះ បានបាញ់ប្រហារ និងប្រើហិង្សារមកលើសហគមន៍ព្រៃឈើ ខណៈរូបលោក និងពលរដ្ឋផ្សេងទៀត កំពុង​ចុះល្បាតព្រៃឈើ​កាលពីទី២២ ខែ​ធ្នូ ប៉ុន្តែ លោក​ថា ពុំ​មាន​ពលរដ្ឋណាម្នាក់រងរបួស​ក្នុងហេតុការណ៍នោះទេ។

លោកបន្តថា មន្រ្តីឧទ្យានុរក្សទាំងនោះ បានចាប់ពួកគាត់ដាក់ខ្នោះ និងចងរក្សាទុកនៅនឹងកន្លែងទីស្នាក់ការប្រមាណ ៣ម៉ោងទើបដោះលែងវិញ។

លោករៀប​រាប់​ក្នុង​វីដេអូ​នោះថា៖ «ពួកខ្ញុំកំពុងដើរល្បាតព្រៃ ដើរៗទៅដល់ផ្លូវយាយសង ស្រាប់តែឃើញម៉ូតូ ពេលឃើញម៉ូតូ ខ្ញុំចេះតែ​ឆ្ងល់ ម៉ូតូអីមកថ្មើនេះ ពេលនោះស្រាប់តែលឺគ្រាប់កាំភ្លើងបាញ់ប្រាវៗពីរបីគ្រាប់។ ចំពោះគ្រាប់កាំភ្លើង ខ្ញុំមិនរត់ ខ្ញុំមិនមែនសាច់គង់ណា ពេលនោះចាប់បានអ៊ុំប្រុសខ្ញុំ ចាប់ទាត់ធាក់ចំនួនប្រហែល ១០ជើង ពេលនោះខ្ញុំអត់មិនបាន ខ្ញុំចេញមកជួយ ពេលខ្ញុំចេញមកជួយ ចាប់បណ្តើរខ្ញុំបាញ់គំរាមខ្ញុំឈិតជើងខ្ញុំមួយគ្រាប់ទៀត។ គាត់សួរខ្ញុំថា មកធ្វើអី? ហែងមកតាមដានអញទេ ដឹង?ហើយឆ្លើយថា អត់ទេ ខ្ញុំអត់មកតាមដានបងទេ ខ្ញុំអត់ដឹងថា បងមានរឿងអីក្នុងព្រៃរបស់បងនោះ ហើយខ្ញុំដើរទៅវិញ គាត់ទេ ហើយចាប់ខ្ញុំដាក់ខ្នោះទាត់ធាក់រហូតដល់កន្លែងស្នាក់នៅគាត់»។

វីអូឌីមិនអាចសុំការបញ្ជាក់ពីស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល បានទេជុំវិញករណីនេះ ដោយលោកថា រវល់ប្រជុំ។

អភិបាលខេត្តកំពង់ធំ លោក សុខ លូ ទទួល​ស្គាល់​ថា ពិតជាមាន​ការបាញ់ប្រហារទៅ​លើសហគមន៍ព្រៃឈើពិតមែន ប៉ុន្តែ ថា លោក​ពុំ​បាន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាក​នោះ​ឡើយ ដោយថា អាជ្ញាធរកំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវករណីនេះ។

លោកបន្ថែមថា៖ «ខ្ញុំកំពុងឲ្យគេស្រាវជ្រាវហេតុការណ៍នេះឲ្យបានច្បាប់លាស់។ និយាយរួមមិនទាន់បានលទ្ធផលទេ ប៉ុន្តែ មិនទៅណាឆ្ងាយទេ ព្រោះតាមសហគមន៍ គាត់និយាយ គាត់ស្គាល់មុខអញ្ចឹង វាមិនបញ្ហាទេ»។

នៅក្នុងវីដេអូឃ្លីបនោះ សហគមន៍ព្រៃឈើបានបង្ហាញសំបកគ្រាប់កាំភ្លើងចំនួន ៣គ្រាប់ដល់សមត្ថកិច្ច នៅ​ទីតាំង​ដែល​សហគមន៍​ថា មាន​ការ​បាញ់​ប្រហារ​ទៅ​លើ​ពួក​គាត់​នោះ។

សកម្មជនបរិស្ថាន លោក អ៊ូច ឡេង បាន​ចាត់​ទុក​ករណី​នេះ ជា​ការ​គំរាម​កំហែង​ទៅ​លើ​ប្រជា​សហគមន៍ ដើម្បី​រារាំង​កុំ​ឲ្យ​សហគមន៍​ចុះ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ។ លោក​ហៅ​ទង្វើ​បែប​នេះ​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ទាំង​នោះ​ថា ធ្វើ​ឡើង​ផ្ទុយ​ពី​ប្រសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោកអះ​អាង​ថា ប្រជា​សហគមន៍​​តែង​តែ​រង​ការ​គំរាម​កំហែង និង​រារាំង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន នៅ​ពេល​ពួកគេ​ចុះ​ល្បាត​ព្រៃឈើ​នៅ​តំបន់​ការពារ ដោយ​លោកចោទ​អាជ្ញាធរ​ទាំង​នោះ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ។

លោកបន្ថែមថា៖ «ករណីនេះវាជារឿងសមញ្ញទៅហើយ ដូចលោក ឈុត វុទ្ធី ត្រូវបានគេព័ទ្ធវាយក្នុងតំបន់ព្រៃឡង់ សហគមន៍ផ្សេងៗ ត្រូវបានគេបាញ់សម្លាប់ជាដើម គឺថា សមត្ថកិច្ចអាជ្ញាធរមិនដែលទទួលស្គាល់ដែរ។ គាត់បង្វែរទៅជារឿងផ្សេងទៅវិញដែលគាត់ព្យាយាមដើម្បីលាក់បាំងការពិត។ អាចនិយាយបានថា មានអ្វីមួយលាក់បាំងនៅពីក្រោយ ដើម្បីលាក់បាំងបទល្មើសព្រៃឈើរបស់ពួកគេ ដូចកន្លង​មក កញ្ញា ផន សុភក្រ អីត្រូវបានគេលប់កាប់ដាច់ជើង ហើយខ្ញុំអីត្រូវបានចៅហ្វាយខេត្ត និងអាជ្ញាធរផ្សេងៗគំរាមកំហែងជាច្រើន»។

សកម្មជន​បរិស្ថាន លោក​ ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់នៅ​តំបន់​សាងសង់​ទំនប់​វារីអគ្គិសនី​កាន់​កាប់​ដោយ​​ក្រុមហ៊ុន​ចិន នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា​ ខេត្ត​កោះកុង កាលពីថ្ងៃ​ទី២៦ មេសា ឆ្នាំ២០១២។

នៅក្នុង​ឆ្នាំ២០១៦​នោះ យុវតី ផន សុភក្រ្ត អាយុ ២៣ឆ្នាំ ជាសមាជិកបណ្តាញយុវជនព្រៃឡងខេត្តក្រចេះ ក៏ត្រូវបានជនជនមិនស្គាល់មុខលួចកាប់នឹងពូថៅក្នុងពេលក្រុមរបស់នាងចុះល្បាតការពារព្រៃឡង់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ