សហជីពថា សេរីភាពបញ្ចេញមតិរួមតូច ក្រោយ​អតីត​មេ​សហជីព​​ត្រូវ​បាន​ប្ដឹង​​

ក្រុម​មេដឹកនាំ​សហជីព និង​សកម្មជន​ការពារ​សិទ្ធិ​កម្មករ បានលើកឡើងថា សេរីភាពនៃ​បញ្ចេញមតិកាន់​តែ​រួមតូច បន្ទាប់​ពី​អតីត​មេដឹកនាំ​សហជីព​ម្នាក់​រងបណ្តឹង​ពី​សំណាក់​​​ក្រុមសហជីពមាន​ទំនោរ​​គំា​ទ្ររដ្ឋាភិបាល។

អតីតប្រធានសហជីពសេរីកម្មករកម្ពុជាលោក ជា មុន្នី ត្រូវបានក្រុមសហជីព​ដែលគេមើលឃើញថា​មានទំនោរគាំទ្ររដ្ឋាភិបាល​​នោះ ដាក់​​ពាក្យប្តឹង​កាលពីថ្ងៃទី១៨ ខែធ្នូ ដោយ​​​ចោទថា ញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់​ទណ្ឌ​កម្ម​​​សេដ្ឋកិ​​ច្ច​លើក​ម្ពុជា​ ​ក្រោយការ​រំលាយបក្សប្រឆាំង។

លោក ជា មុន្នី ប្អូន​ប្រុស​មេដឹកនាំ​សហជីព​លោក ជា វិជ្ជា ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ខែ​មករា​ឆ្នាំ​២០០៤​នោះ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ ទៅ​តាម​​បណ្ដឹង​ពី​សហជីព​ ១២០។

អនុប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ លោក គង់ អាទិត្យ បាន​បង្ហាញ​ពី​ក្ដី​បារម្ភពីសុវត្ថិភាព និងសេរីភាពបញ្ចេញមតិរួមតូច​ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​ផង​ដែរ។

លោក​មាន​ប្រសាសន៍ថា៖ «វាមានលក្ខណៈចង្អៀត[សិទ្ធិសេរីភាព]ជាងមុនបន្តិច​ ប្រសិនបើមើលទៅ ព្រោះខាងរដ្ឋាភិបាលប្រយ័ត្ន​ប្រយ៉ែង​ពីរឿង​ការងារ​ ដែលទាក់ទងនឹងបញ្ហានយោបាយ​ខ្លះដែរ។ វាពិបាកជាងមុន​​ ពិបាកក្នុងការចុះទៅចងក្រង​ ពិបាកក្នុង​ការ តវ៉ាជាសាធារណៈផ្សេងៗ។ យើងមិនសូវ​ធ្វើបានទេ​មួយរយៈហ្នឹងមក​ ដោយសារស្ថានភាពនយោបាយ​តឹងតែង​»។

ទោះជាបែបនេះក្តី លោក គង់ អាទិត្យ បានអះអាងថា ពួកគេនៅតែសហការជាមួយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ ដើម្បី​ធ្វើកិច្ចការរបស់ខ្លួនប្រកបដោយតម្លាភាព សុចរិតភាព ដោយថា ដើម្បី​ជួយ​​ទាមទារ និងការពារសិទ្ធិកម្មករ ឲ្យ​ស្របតាម​ច្បាប់​ជាតិ និងច្បាប់អន្តរជាតិ។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល លោក មឿន តុលា យល់​ថា លោក ជា មុន្នី មិនមានឥទ្ធិពល​ធ្វើឲ្យសហគមន៍អឺរ៉ុប និងអាមេរិក សម្រេច​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង​នឹង​កម្ពុជានោះទេ។ ផ្ទុយ​ទៅ​វិញ លោកចាត់​ទុក​បណ្ដឹង​ប្រឆាំង​នឹង​លោក ជា មុន្នី​ថា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចេតនា​នយោបាយ​ច្រើន​ជាង។

លោកយល់​ថា៖ «អ្វីដែលសហគម៍អឺរ៉ុបកន្លងមកមិនមែនរឿង​លោក ជា មុន្នី លើកឡើងទេ​ អ្វីដែលសហគមន៍អឺរ៉ុប និងអាមេរិក​លើក​ឡើ​ង​កន្លងមក​ គឺពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធការដកសិទ្ធិនយោបាយ​​អ្នកនយោបាយ​ចំនួន ​១១៨នាក់​ ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញ​ទៅលើអង្គការសង្គមស៊ីវិល​ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​។ យើងគួរ​តែ​ដាក់ថ្នាំ​ឲ្យវា​ចំនឹង​ជំងឺ ​យើង…ឈឺក្បាល​ ហើយយើងចេះតែលេបថ្នាំក្រហម…វាអត់បាត់ទេ​»។

ទាំង​លោក មឿន តុលា និង​លោក គង់ អាទិត្យ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ដំណាក់កាលនេះ អ្នកនយោ​បាយ​ត្រូវយកបញ្ហាប្រឈមដាក់លើតុជជែកគ្នា ដើម្បីរកដំណោះស្រាយ ដោយថា បើពុំដូច្នោះទេ អ្នកដែលរងគ្រោះ គឺ​ប្រជាពលរដ្ឋ និង​ក្រុម​កម្មករ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បាន​ជំរុញ​ទៅ​ក្រុម​មេដឹកនាំ​សហជីព​ទាំង​អស់ ឲ្យ​រួម​កម្លាំង​គ្នា​លើក​កម្ពស់​សិទ្ធិ​កម្មករ និង​បង្ការ​ការ​បាក់​បែក​នៅ​ក្នុង​សង្គម​កម្ពុជា ខណៈ​ដែល​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​នោះ។

លោក យង់ គិមអេង ប្រាប់​ថា៖ «កាលណាយើងមានការប្តឹងផ្តល់គ្នា មិនមែនប៉ះពាល់តែមនុស្សតែម្នាក់ទេ ព្រោះប្តឹងមនុស្សម្នាក់ ប៉ះពាល់ដល់ក្រុមគ្រួសារសាច់ញាតិគាត់ ដែលអត់សប្បាយចិត្តដែរ យូរៗច្រើនទៅៗ វាធ្វើឲ្យការមិនសប្បាយចិត្ត កាន់តែច្រើន ហើយការសាមគ្គីភាពនៅក្នុងសង្គម ក្នុងសហគមន៍យើង វាអាចមានការបែកបាក់គ្នា»។

ក្រុមមេដឹកនាំ​សហជីព ១២០​ស្ថាប័ន ក្នុង​នោះ​​មាន​ទាំង​មេដឹកនាំ​សហជីព​​កម្ពុជា លោក ជួន មុំថុល ដែល​​មាន​តួនាទី​ជា​ទីប្រឹក្សា​អម​​ក្រសួង​ការងារ​ផង​នោះ បាន​ដាក់​ពាក្យ​ប្ដឹង​លោក ជា មុន្នី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ដោយ​ចោទ​លោក ជា មុន្នី ថា បាន​«ញុះញង់»​ឲ្យ​សហភាព​អឺរ៉ុប និង​អាមេរិក​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​នាំ​ចូល​ពី​កម្ពុជា។

បណ្ដឹង​នោះ បាន​កើត​ឡើង​បន្ទាប់ពីលោក ជា មុន្នី និយាយ​នៅ​ក្នុង​វិទ្យុ​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ដែល​ក្រុម​សហជីព​ចាត់​ទុក​ជា​ «ការ​ញុះ​ញង់»។

ក្រោយរងបណ្តឹងនេះ អតីតប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី មានប្រសាសន៍ថា លោកមិន​ខ្វល់​ទៅនឹង​ការប្តឹ​ង​នេះ​ទេ​ ហើយឆ្លើយថា លោកស្វាគមន៍ចំពោះការប្តឹងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ