ជនជាប់ចោទបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ថាមានគេបង្ខំឲ្យសារភាពជាថ្នូរនឹងប្រាក់២ម៉ឺនដុល្លារ

ជនជាប់ចោទមួយរូបដែលសមត្ថកិច្ចចោទថា ជាជនដៃដល់ក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នៅកណ្តាលរាជធានីភ្នំពេញកាលពីជាង៣ឆ្នាំមុននោះ បានប្រាប់តុលាការថា ខ្លួនមិនមែ​នជា​ឃា​​​​​ត​​​ក​រពិតទេ ដោយថាកា​រសារ​ភា​​​​ព​កន្លងទៅ មានគេបង្ខំឲ្យឆ្លើយជាថ្នូរនឹងបានប្រាក់២​ម៉ឺនដុល្លា​រ។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ថៅកែស៊ីម៉ងលោក អ៊ឹង ម៉េងជឺ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ម្តុំ​អាង​ទឹកអូឡាំពិក ពេលជន​រង​គ្រោះ​​​​ចុះ​ពីរថយន្តទំនើបរបស់ខ្លួន ដើ​រសំដៅទៅរក​តូ​ប​ល​​ក់ផ្លែឈើមួយកន្លែង។

ពីរសប្តាហ៍ក្រោយមក សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលគេអះអាងថាជាអង្គរក្សរបស់​ឧកញ៉ា ថោង សារ៉ាត់។ ក្នុងនោះឈ្មោះ សៀង វាសនា ត្រូវ​សមត្ថកិច្ចអះអាងថា បានសារភាពថាជាជនដៃដល់កាន់អាវុធខ្លី បាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ។

ប៉ុន្តែគេហទំព័រដើមអំពិលបានចុះផ្សាយថា ក្នុងសវនាការថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ជន​ជា​ប់​ចោ​ទ សៀង វាសនា បានប្រាប់ចៅក្រមក្នុងអង្គជំនុំជម្រះនៅសាលាដំបូងថា មន្ត្រីនគរបាលលោក ហ៊ុន ទូច និ​ង​លោក ទូច សាវុធ ជាអ្នកង្ខំឲ្យរូបគេឆ្លើយសារភាពថាបានបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ ដោយ​ថា​ជា​​ថ្នូ​​រ​នឹង​បាន​លុ​​យ២ម៉ឺនដុល្លារ៖ «ឲ្យខ្ញុំសារភាពថាបាញ់សម្លាប់ អ៊ឹង ម៉េងជឺ ហើយឲ្យខ្ញុំទទួលលុយ២ម៉ឺនដុល្លារ»។

គេហទំព័រដដែលបានដកស្រង់សម្តី សៀង វាសនា មកចុះផ្សាយទៀតថា អំឡុងចាប់ខ្លួនពួកគេ ​មន្ត្រី​ន​គរបាល បានព្រួតគ្នាវាយដំ។

​​​លោកមេធាវី គា អ៊ាវ ដែល​ការ​ពារក្តីឲ្យ​ជន​ជា​ប់ចោទ ឈ្មោះ សៀង វាសនា ឲ្យដឹងនៅថ្ងៃទី​២៦​មករានេះថា កូនក្តីលោកពិតជាបាននិយាយប្រាប់ចៅក្រមដូចនេះមែន ប៉ុន្តែលោកថាសុំមិនធ្វើ​អត្ថាធិប្បា​យលំអិតថាតើនឹងទាមទារឲ្យចៅក្រមកោះហៅលោក ហ៊ុន ទូច និងលោក ទូច សាវុធ មកចូលសវនាដេ​ញដោ​យ​នៅពេលខាងមុខឬក៏យ៉ាងណាទេ ដោយថាបញ្ហាទាំងអស់ដែលកូនក្តី លោកនិយាយ​ប្រាប់តុលា​ការ ​​លោកនឹងធ្វើការសន្និដ្ឋាននៅថ្ងៃបិទការជំនុំជម្រះ។

លោកថា៖ «គាត់និយាយជាសាធារណៈក្នុងសវនាការអញ្ចឹងមែន ប៉ុន្តែគ្រាន់ថាការនិយា​យហ្នឹង​វាមានល​ក្ខ​ណៈ​​ច្បាស់​​លាស់កម្រិតណា ខ្ញុំអត់ទាន់ហ៊ានថាម៉េចទេ ប៉ុន្តែគាត់ [សៀង វាសនា ] បានរំឭករឿងហ្នឹងដែរ ប៉ុន្តែដូចជាមិនច្បាស់ដូចអញ្ចឹងពេកទេ»។

បើតាមមេធាវីរូបនោះ សំណុំរឿងឃាតកម្មនេះ សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវ​នាការសួរដេញ​ដោលកូនក្តីលោកនៅដើមខែកុម្ភៈបន្តទៀត។

VOD មិនអាចទាក់ទង លោក ហ៊ុន ទូច និងលោក ទូច សាវុធ ដើម្បីសុំឆ្លើយតបជុំវិ​ញ​ការ​ចោទ​ប្រកា​ន់​របស់ជនជាប់ចោទ សៀង វាសនា បាននៅឡើយទេនៅថ្ងៃព្រហស្បតិ៍នេះ។

ចំណែកចៅក្រមដែលកាន់សំណុំរឿងនេះ ក៏មិន​ទា​​ន់​អាចទក់ទងបានដើម្បីចង់ដឹងថាសវនាការ​នៅខែ​ក្រោ​យនោះ តុ​លា​​​ការនឹ​ងកោះហៅមន្ត្រីនគរបាលលោក ហ៊ុន ទូច និងលោក ទូច​ សាវុធ ដែលរ​ងកា​រចោ​ទ​ថា បានបង្ខំឲ្យជនជាប់ចោទសារភាពខុសពីការពិតនោះ ចូ​លបំភ្លឺក្នុងស​វនាការដើម្បីសួរដេ​ញ​ដោល​​ដែរ ឬ​​ក៏​​យ៉ាងណានោះទេ។

ប៉ុន្តែអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាន់ណា បញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា “ការស្តាប់ចំលើយសាក្សីដែលបំភ្លឺក្នុងសាវនាការជាឆន្ទានុសិត និង ជាការសម្រេចដោយឥស្សរចិត្តរបស់ប្រធាសាវនាការ”

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា សំណុំរឿងឃាតកម្មនេះ ហាក់​​ស្ថិតក្នុងភាពចម្រូងសម្រាសនៅឡើយ។

ប៉ុ​ន្តែលោកជំរុញឲ្យមន្ត្រីយុត្តិធម៌គួរពង្រឹង​ឯក​រា​ជ្យភាពរបស់​ខ្លួន ដែលលោកថាដើម្បីឲ្យប្រាកដថាអ្នកមិន​បានធ្វើខុសមិនត្រូវបានឃុំខ្លួន ហើយត្រូវផ្តល់​យុ​ត្តិ​ធម៌​ដ៏ពិតប្រាកដមួយឲ្យភាគីជនរងគ្រោះ។

លោកថា៖ «ខ្ញុំគិតថារឿងនេះ នៅមានមន្ទិលសង្ស័យច្រើន ព្រោះអីយើងមើលរឿងមុនៗ ដូចរឿង ប៊ន​​ សំណាង និង សុខ សំអឿន ប្រហាក់ប្រហែលគ្នាដែរ ពីមុនគាត់សារភាព ដល់ក្រោយមក គាត់និយាយថា ដោយសារមានការគំរាម បានគាត់និយាយពាក្យហ្នឹង។ អញ្ចឹងត្រូវមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ជាមុនសិនមុននឹងធ្វើការសម្រេច ដើម្បីឲ្យមានភាពយុត្តិធម៌ទាំងសងខាង»។

សំណុំរឿងឃាតកម្មបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ នេះ សមត្ថកិច្ចឈានទៅចាប់ឃុំខ្លួនឪពុកម្តាយ លោក ថោង សារ៉ាត់ ជាប្រធានក្រុមហ៊ុនសង់ផ្ទះល្វែងយីហោ៩៩៩បន្ថែមទៀត ក្រោ​យរកឃើញថា​មានលា​ក់អា​វុ​ធ​ខុសច្បាប់នៅគេហដ្ឋាន។

ប៉ុន្តែសំណុំរឿងនេះធ្វើឲ្យ លោក អាំង មាលតី បានបាត់បង់តំណែង ជាប្រ​ធាន​សាលាដំបូងរាជធានីភ្នំពេញ អំ​ឡុង​ដើមឆ្នាំ២០១៥ បន្ទាប់ពីតុលាការដោះលែងឪពុកម្តាយ លោក ថោង សារ៉ាត់ ដែលមានដើម​កំណើត​​វៀតណាមនោះឲ្យនៅក្រៅឃុំបណ្តោះអាសន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ