បទយកការណ៍៖ សមាគមអាដហុកនៅបន្ដការងារជាប្រក្រតី ទោះមានការចាប់ខ្លួនមន្ដ្រីការពារសិទ្ធិមនុស្ស

កន្លែងធ្វើការសមាគមអាដហុក

កំពុងមមាញឹក​ពិនិត្យមើលលិខិតស្នាម និងឯកសារច្បាប់មួយចំនួនដែលគរលើតុ ដោយមើលទៅសឹងរកពេលសម្រាកគ្មាន ព្រោះសមាជិកនៅកន្លែងធ្វើការកាន់តែតិច លោក សំ ចាន់គា អ្នកសម្របសម្រួល និងជាមន្ដ្រីនាំពាក្យរបស់អង្គការនេះបានឆ្លៀតពេលផ្ដល់អត្ថាធិប្បាយជាមួយអ្នករាយការណ៍យើងថា សមាគមអាដហុកបានបង្កើតឡើងដោយអតីតក្រុមអ្នកទោសនយោបាយ នៅថ្ងៃទី១០ ធ្នូ ១៩៩១ ពោលគឺបន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

លោក សំ ចាន់គា អ្នកសម្របសម្រួល និងជាមន្ដ្រីនាំពាក្យរបស់សមាគមអាដហុក
លោក សំ ចាន់គា អ្នកសម្របសម្រួល និងជាមន្ដ្រីនាំពាក្យរបស់សមាគមអាដហុក

លោកនិយាយថា សមាគមអាដហុកមានគោលបំណងសំខាន់ដើម្បីប្រមូលផ្ដុំអ្នកស្រឡាញ់សិទ្ធិមនុស្សដោយគ្មានការរើសអើង ឬប្រកាន់និន្នាការនយោបាយ បង្កើនការគោរព និងពង្រីកចំណេះដឹងផ្នែកសិទ្ធិមនុស្សនៅកម្ពុជាឲ្យកាន់តែទូលំទូលាយ។

លោកថា៖ «គោលដៅរបស់យើងដំបូងហ្នឹង គឺយើងចង់ចូលរួមទប់ស្កាត់មិនឲ្យមានរបបឃោឃៅពីអតីតកាល អំពើឃោឃៅពីអតីតកាលហ្នឹង មិនឲ្យវិលត្រឡប់មកកម្ពុជាវិញទេ។ ហើយយើងចង់ឲ្យប្រទេសកម្ពុជាហ្នឹងគោរពច្បាប់ និងសិទ្ធិមនុស្សនេះឯង»។

លោកបន្ដថា ចាប់តាំងពីត្រូវបានបង្កើតឡើងមក អង្គការអាដហុកបានទទួល និងដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋរាប់ពាន់នាក់ និងជួយសម្រួលដល់ពលរដ្ឋរងគ្រោះមកពីបណ្ដាខេត្តក្រុងនៃប្រទេសកម្ពុជា លើផ្នែកកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ បញ្ហាជម្លោះដីធ្លី ការគោរពសិទ្ធិមនុស្ស សិទ្ធិស្ដ្រី និងកុមារ ការផ្សព្វផ្សាយអំពីច្បាប់អាវុធដល់មន្ដ្រីនគរបាល និងទាហាន ជាដើម។

លោកថា៖ «យើងមានផ្នែកសិទ្ធិមនុស្ស មានផ្នែកស្ដ្រី និងកុមារ ផ្នែកអប់រំតស៊ូមតិ និងផ្នែកអភិវឌ្ឍន៍ ហើយសព្វថ្ងៃនេះយើងបង្រួមនៅសល់២ គឺផ្នែកស្ដ្រី និងកុមារ និងផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ។ យើងបង្កើតដំបូង យើងអត់តែប៉ៃលិន ឧត្តរមានជ័យ ហើយនិងកែបទេ។ នៅឆ្នាំ២០០១ យើងបានបង្កើតបន្ថែម ប៉ៃលិន និងឧត្តរមានជ័យ។ មានច្រើនជនរងគ្រោះដែលរងនូវការរំលោភសិទ្ធិមនុស្សច្រើនមកសុំសេវាពីអាដហុក ហើយអាដហុកបានជួយអន្ដរាគមច្រើនទៅដល់ស្ថាប័នរដ្ឋ ទៅដល់តុលាការឲ្យលោកពិនិត្យពិចារណាទៅលើការចោទប្រកាន់ ការចាប់ ឬការធ្វើទារុណកម្ម សុំឲ្យលោកជួយដោះស្រាយរកយុត្តិធម៌ដល់ជនរងគ្រោះ»។

ពេលចូលដល់សំណួរអំពីការចាប់ខ្លួនមន្ដ្រីការពារសិទ្ធិមនុស្សអង្គការអាដហុក លោក សំ ចាន់គា ក៏ប្រែទឹកមុខស្រពោន និងបានឆ្លើយតបដោយក្ដីអស់សង្ឃឹម ដោយលោកហៅការចាប់ខ្លួននោះថា ធ្វើឡើងក្រោមហេតុផលនយោបាយរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង។

លោកថា៖ «ខ្ញុំយល់ថារឿងហ្នឹងវាជាហេតុផលនយោបាយមួយហើយ រឿងគេតតាំងគ្នាក្នុងរឿងផ្លូវភេទ រវាងគណបក្សមួយចង់បន្សាបគណបក្សមួយទៀត តាមរយៈការផ្សព្វផ្សាយរឿងផ្លូវភេទនេះឯង។ ពេលយើង យើងអត់គិតថា ស្ដ្រីរូបហ្នឹងជាស្រីកំណាន់ ឬមួយជាស្អីរបស់នរណាទេ ក៏ប៉ុន្ដែឲ្យតែស្ដ្រីហ្នឹងភិតភ័យ មិនអាចការពារសុវត្ថិភាពខ្លួនឯងបាន គឺអាដហុកយើងនឹងជួយ គឺអត់បានប្រកាន់និន្នាការនយោបាយថា ខាងណា ខាងណី យើងមិនមែនជួយតែស្រីមួយហ្នឹងទេ ស្ដ្រីច្រើនណាស់ដែលអាដហុកបានជួយកន្លងមក»។

លោកបានថ្កោលទោសចំពោះការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សទាំង៤រូបថា មិនត្រឹមត្រូវ និងជាការគំរាមកំហែងខ្លាំងដល់អ្នកការពារសិទ្ធិមនុស្ស។ លើសពីនេះ លោកក៏បានទទូចឲ្យតុលាការដោះលែងដើម្បីឲ្យពួកគេមានសេរីភាពឡើងវិញ។

កំពុងផ្ដោតអារម្មណ៍ខ្លាំងលើការងារក្នុងស្ថាប័ន និងប្រញាប់ប្រញាល់បញ្ចប់កិច្ចការឲ្យបានទាន់ពេល មុនចេញពីធ្វើការនៅពេលល្ងាច លោក ឡាត់ គី ប្រធានផ្នែកដីធ្លីនៃសមាគមការពារសិទ្ធិមនុស្ស បានបង្ហើបឲ្យអ្នករាយការណ៍យើងដឹងថា បន្ទាប់ពីបាត់សមាជិកអស់៤នាក់ អង្គការអាដហុកត្រូវប្រឈមនឹងបញ្ហាជាច្រើន ដូចជា កង្វះបុគ្គលិក ខ្វះធនធានមនុស្ស និងដៃគូពិភាក្សាការងារ សកម្មភាពមួយចំនួនត្រូវគេរារាំង និងការតាមឃ្លាំងមើលជាប្រចាំពីសំណាក់អាជ្ញាធរ។

ទោះយ៉ាងនេះក្ដី លោកអះអាងថា សមាគមអាដហុកនៅតែដំណើរការទៅមុខជាប្រក្រតី ដោយលោកថា មានពលរដ្ឋរងគ្រោះកាន់តែច្រើនឡើងៗ បានមកសុំជំនួយផ្នែកច្បាប់នៅអង្គការនេះ។

លោកថា៖​ «ក្រោយពេលពួកគាត់ទាំងអស់គ្នាត្រូវបានចាប់យកទៅឃុំខ្លួនក្នុងពន្ធនាគារ សហការីរបស់យើងខ្ញុំ ដែលនៅសេសសល់គឺត្រូវប្រឈមមុខជាច្រើនអំពីបញ្ហាការលំបាក ដោយសារកិច្ចការខ្លះ ត្រូវរែកផង ពន់ផង ការងារទាំងឡាយដើម្បីជំនួសពួកគាត់។ ដើម្បីធ្វើយ៉ាងម៉េចកុំឲ្យការងារទាំងអស់ហ្នឹង វាត្រូវស្ទះ វាត្រូវជាប់គាំង ដើម្បីធ្វើយ៉ាងម៉េចឲ្យជនរងគ្រោះនៃការរំលោភបំពានសិទ្ធិមនុស្សហ្នឹងបានទទួលភាពកក់ក្ដៅដដែល។ ហេតុនេះហើយ បានជាយើងមានទឹកចិត្តមួយ កិច្ចការទាំងឡាយហ្នឹង គឺយើងនៅតែបន្ដធ្វើ ហើយនឹងទោះមានការលំបាក ការលើសម៉ោង លើសពេល តែនេះគឺជាការរួមចំណែកក្នុងការជួយជនរងគ្រោះ»។

អស់រយៈពេលជិត៩ខែហើយ ដែលមន្ត្រីការពារសិទ្ធិមនុស្សអង្គការអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី រួមទាំងអតីតមន្ដ្រី គ.ជ.ប ម្នាក់ទៀត លោក នី ចរិយា ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីដើមខែឧសភា ឆ្នាំ២០១៦ ដោយរងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅ “ស្រីមុំ” ដែលត្រូវគេទម្លាយថា មានទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់ជាមួយមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ២៧ តុលា ឆ្នាំ២០១៦​ កន្លងទៅ បានបើកសវនាកាលើមន្រ្តីសិទ្ធិមនុស្សទាំង៤រូប និងបានសម្រេចបន្តឃុំខ្លួនពួកគេ ដោយថា ដើម្បីមានពេលស្វែងរកភស្ភុតាងដាក់បន្ទុក។

តុលាការជាន់ខ្ពស់កាលពីពេលកន្លងទៅ ក៏បានសម្រេចច្រានចោលសំណើជាបន្ដបន្ទាប់របស់មេធាវីការពារក្ដី ដែលសុំឲ្យមន្ដ្រីការពារសិទ្ធិមនុស្សទាំងនោះបាននៅក្រៅឃុំ។

ក្រុមអង្គការសង្គមស៊ីវិល មជ្ឈដ្ឋានជាតិ និងអន្ដរជាតិបានសំដែងការខកចិត្តចំពោះ​ការសម្រេចបន្ដឃុំខ្លួននេះ ដោយពួកគេចាត់ទុកករណីនេះថា ជារឿងនយោបាយ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងទទូចឲ្យរដ្ឋាភិបាល និងតុលាការដោះលែងពួកគេឲ្យមានសេរីភាពជាបន្ទាន់។

មេធាវីការពារក្តី លោក សំ សុខគង់ បានឲ្យដឹងថា ការបន្តឃុំខ្លួនមន្ដ្រីការពារសិទ្ធិមនុស្សទាំង៤រូប គឺធ្វើឡើងដោយខុសនីតិវីធីច្បាប់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ជនត្រូវចោទ។

លោកថា៖ «ទី១ ប៉ះពាល់ ប៉ះពាល់សិទ្ធិធ្ងន់ធ្ងរទៅលើសិទ្ធិជនត្រូវចោទហ្នឹង ដែលសិទ្ធិនេះធានាដោយកតិ្តកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយត្រង់មាត្រា១៤ ដែលនិយាយថា សិទ្ធិជនជាប់ចោទ គឺសិទ្ធិទទួលបាននូវការជំនុំជម្រះដោយគ្មានការបង្អង់ពេល និងបានឆាប់រហ័ស»។

លោកមេធាវី សំ សុខគង់ បន្ថែមថា តាមច្បាប់ បើតុលាការស្វែងរកភស្ភុតាងដាក់បន្ទុកបន្ថែមមិនបានទេ គឺតុលាការត្រូវលើកលែងការចោទប្រកាន់ និងត្រូវដោះលែងពួកគេឲ្យមានសេរីភាពវិញ។ លោកបន្ដថា បើមាត្រា២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៦ខែទេ​ និងថាចៅក្រមស៊ើបសួរអាចឃុំខ្លួនបន្ដបាន លុះត្រាមានដីកាសំអាងហេតុត្រឹមត្រូវប៉ុណ្ណោះ។

លោកថា៖ «ពិនិត្យទៅលើនីតិវិធីច្បាប់ គឺមិនមានលក្ខណៈត្រឹមត្រូវទេ ដោយសារបទចោទឬក៏បទល្មើសនេះមិនមានភាពស្មុគស្មាញ ហើយក៏មិនមានឧបសគ្គអ្វីពាក់ព័ន្ធដល់ការស៊ើបសួររបស់ចៅក្រមស៊ើបសួរដែរ អញ្ចឹងរយៈពេល៦ខែនៃការឃុំខ្លួននេះ គឺថាគ្រប់គ្រាន់ដែលចៅក្រមស៊ើបសួរអាចនឹងរកភស្ភុតាងដាក់បន្ទុកឬដោះបន្ទុក ហើយបើសិនជាចៅក្រមស៊ើបសួររកភស្ភុតាងដាក់បន្ទុកមិនបាន ចៅក្រមស៊ើបសួរត្រូវតែប្រើឆន្ទានុសិទ្ធិមួយ គឺទំលាក់បទចោទឬលើកលេងការចោទប្រកាន់នេះទៅជនជាប់ចោទទាំងអស់មានសេរីភាពវិញ»។

ប្រធានផ្នែកដីធ្លីនៃសមាគមការពារសិទ្ធិមនុស្ស លោក ឡាត់ គី ក៏បានចូលរួមអំពាវនាវឲ្យស្ថាប័នតុលាការធ្វើការជម្រះក្ដីលើសំណុំរឿងនេះឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ ដោយលោកថា តុលាការមិនគួរទទួលរងឥទ្ធិពលពីគណបក្សនយោបាយណាមួយឡើយ។

ទោះបីមានការចាប់ឃុំខ្លួនមន្ដ្រីអាដហុកក៏ដោយ ប្រធានផ្នែកដីធ្លីនៃសមាគមការពារសិទ្ធិមនុស្ស លោក ឡាត់ គី បញ្ជាក់ថា លោក និងក្រុមការងារបានបេ្ដជ្ញាចិត្តដឹកនាំសមាគមនេះឲ្យបន្ដដំណើរទៅមុខដោយឥតរុញរា និងភ័យខ្លាចឡើយ ដោយលោកថា ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋខ្មែរ ការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកថា៖ «ដោយសារតែបុគ្គលិកប្រុសស្រីរបស់យើងខ្ញុំ ដែលពួកគាត់ទាំងអស់គ្នា​ គាត់មានទឹកចិត្តមោះមុត ឆន្ទះ មនសិការ នៅក្នុងការជួយរំលែកការងារជំនួសពួកគាត់ទាំង៤នាក់ ដែលកំពុងជាប់នៅពន្ធនាគារ ហើយខ្ញុំទាំងអស់គ្នាបានរែកពន់ការងារហ្នឹងរួចនៅពេលអន្ដរកាល គឺយើងពុំមានហានិភ័យអីធំ។ហើយវាជាមោទនភាពទៅវិញទេ ដោយសារតែពេលនេះ គឺកម្លាំងសាមគ្គី ទោះបីជាយើងមានការលំបាកមែន ប៉ុន្ដែគឺយើងនៅអាចរក្សាបានដដែល យើងពុំមានការធ្លាក់ចុះអីធ្ងន់ធ្ងរទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ