នាយករដ្ឋមន្ត្រី៖ សម្តេចទាំងទ្វេគឺបានផ្តល់នូវភាពកក់ក្តៅសេចក្តីសុខនិងក្តីសង្ឃឹមដល់ពលរដ្ឋ

លោកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន សែន

ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា លោកនាយករដ្ឋមន្ត្រីនិងភរិយារបស់លោក​ មានព្រហ្មវិហារធម៌ជួយផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។​

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន គិតត្រឹមថ្ងៃទី១៤ ខែមករា​ ឆ្នាំ​២០១៧ លោកកាន់តំណែងជានាយករដ្ឋមន្ត្រី​បាន៣២ឆ្នាំហើយ បើគិតទាំងលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួង​ការបរទេសផង លោកកាន់តំណែងក្នុងជួរថ្នាក់ដឹកនាំ​បាន៣៨ឆ្នាំ។ លោក​ជាមេដឹកនាំដែលកាន់​អំណាចយូរជាងគេនៅតំបន់អាស៊ាននិងកាន់អំណាចយូរលំដាប់លេខ៧លើពិភពលោក។​

ចំណែកភរិយារបស់លោកនាយករដ្ឋមន្ត្រី គឺលោកស្រី ប៊ុន រ៉ានី បច្ចុប្បន្នមានតួនាទីជាប្រធានកាកបាតក្រហមកម្ពុជា។​

នៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សរសេរថា រូបលោកនិងភរិយាបានផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប។ ហ្វេសប៊ុកសរសេរថា៖ «ព្រហ្មវិហារធម៌ និងសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ សម្តេចទាំងទ្វេ គឺបានផ្តល់នូវភាពកក់ក្តៅ សេចក្តីសុខ និងក្តីសង្ឃឹមដល់ពលរដ្ឋគ្រប់ៗរូប»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងលើកឡើងពីគុណសម្បត្តិរបស់លោកនិងក្រុមរបស់លោកថា បានប្រថុយគ្រោះថ្នាក់ជាច្រើនក្នុងការតស៊ូផ្តួលរំលំរបបខ្មែរក្រហម​ ដើម្បីជួយជីវិតពលរដ្ឋនៅក្នុងរបបនោះ។ លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់លើកឡើងញឹកញាប់ដែរថា ពេលអស់ពីរូបលោកឬគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោតនោះ កម្ពុជាអាចនឹងមានចលាចលកើតឡើង។​​

ទោះយ៉ាងណារបាយការណ៍អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ​បានលើកឡើងពីចំណុចខ្វះចន្លោះក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ដែលធ្វើឲ្យពលរដ្ឋ​រងទុក្ខវេទនា​ដូចជា មនុស្សជាង​១លាននាក់​រងគ្រោះដោយសារការបណ្តេញចេញ ដើម្បីយកដីអភិវឌ្ឍន៍ អំពើអយុត្តិធម៌នៅក្នុងសង្គម និងអំពើពុករលួយជាដើម​។​ ឃាតកម្មលើអ្នករិះគន់​មិនទាន់អាចរកឃាតករឃើញដូចជា ករណី​លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម លោក ជា វិជ្ជា មេដឹកនាំសហជីព និងលោក ឈុត វុទ្ធី​ ប្រធានអង្គការការពារព្រៃឈើជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ