ក្រសួងជំរុញឲ្យពលរដ្ឋសហការជាមួយសមាគមន៍វៀតណាម​ដាំស្វាយចន្ទី

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន (FB៖ ក្រសួងកសិកម្ម)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឲ្យកសិករ ឬ ក្រុមហ៊ុនសហការជាមួយសមាគមន៍ស្វាយចន្ទីវៀតណាម ដោយថា អាចមានឱកាសទទួលបានគ្រាប់ពូជ បច្ចេកទេស និងមានទីផ្សារលក់ទៅវិញពេលដាំដុះបានផលនោះ។​

សេចក្តីណែនាំចេញផ្សាយកាលពីម្សិលមិញចុះហេត្ថលេខាដោយរដ្ឋមន្ត្រីលោក វេង សាខុន បានលើកថា សមាគមន៍ស្វាយចន្ទីវៀតណាម យល់ព្រមផ្តល់ប្រភេទពូជ បច្ចេកទេស និង ប្រមូលទិញផលិតស្វាយចន្ទីតាមកិច្ចសន្យា។​

សេចក្ដីណែនាំឲ្យដឹងទៀតថា ក្រសួងនឹងផ្សព្វផ្សាយ ដើម្បីជំរុញទៅកសិករ សហគមកសិកម្ម និង​ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ឲ្យចូលរួមដាំស្វាយចន្ទីជាមួយសមាគមន៍ស្វាយចន្ទីវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនងទីផ្សារនាំចេញ។​

អ្នកនាំពាក្យក្រសួងកសិកម្ម​ លោក ចាន់ ហេង បញ្ជាក់បន្ថែមថា នេះគឺជាឱកាសល្អរបស់កសិករ។​

លោកថា៖ «មានច្រើនកន្លែងណាស់ សម្រាប់កសិករ​យើងឃើញគេដាំដំឡូងមី ខ្លះដាំស្វាយចន្ទី​នាំគ្នាដាំៗទៅ ដល់វាច្រើនពេក ធ្លាក់ថ្លៃធ្លាក់អីទៅ អត់មានអ្នកណាដែលថាទទួលខុសត្រូវលើហ្នឹងទេ។ កាលណាយើងមានដៃគូរ មានកិច្ចសន្យាអីត្រឹមត្រូវច្បាស់លាស់ហើយ គឺយើងផលិតបានរហូតយើងមានទីផ្សារ យើងមានទីផ្សាររបស់យើងរហូត ហើយការងារយើងដើររហូតតែម្ដង»។

នាយកកម្មវិធីបរិស្ថាន និងសុវត្ថិភាពនៃអង្គការសេដាកលោក គាប មករាឌី យល់ថា​ ប្រសិនវៀតណាមព្រមផ្ដល់ ពូជ បច្ចេកទេស រួចហើយវៀតណាមទទួលទិញស្វាយចន្ទីពីក្រុមកសិករ ឬសហគមន៍កសិកម្មវិញនោះ ជារឿងល្អ ហើយត្រូវពង្រឹងធ្វើការរួមគ្នាឲ្យស្និទ្ធ។

លោកថា៖ «គួរតែបង្កើននៅស្មារតី ឬក៏ចំណេះដឹងខាងតាមកិច្ចសន្យា ដល់កសិករទៀត ធ្វើម៉េចឲ្យមានការសម្របសម្រួលរវាងវិនិយោគទុន និងកសិករឲ្យមានគឺស្គាល់គ្នា ហើយហ្នឹង ទុកចិត្តគ្នាឲ្យកាន់តែល្អប្រសើរ កុំឲ្យដល់ពេលទទួលផល ឬនៅពេលទិញកសិផលពីកសិករយើងថា មានបញ្ហាកើតឡើង»។

នៅឆ្នាំ២០១កន្លងទៅ កម្ពុជាប្រមូលផលគ្រាប់ស្វាយចន្ទីបានជាង១០ម៉ឺនតោន។ បើតាមក្រសួងកសិកម្មបានឲ្យដឹងថា នៅក្នុង១ឆ្នាំៗ កម្ពុជាបានចេញគ្រាប់ស្វាយចន្ទីទៅលក់វៀតណាមបាន១០០ពាន់តោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ