រដ្ឋាភិបាលជួយពលករជិត​៦០០នាក់នៅក្រៅប្រទេសបានវិលមកកម្ពុជាវិញក្នុងឆ្នាំ២០១៥

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ឲ្យដឹងថា ក្នុងឆ្នាំ២០១៥ ស្ថានទូត និងអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេសបាន​ជួយ​សង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ដល់ពលករ និងពលរដ្ឋខ្មែរចំនួន៥៧៣នាក់នៅក្រៅប្រទេស ឲ្យបានវិលត្រឡប់មកប្រទេស​កម្ពុជាវិញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ក្រសួងការបរទេសឲ្យដឹងថា ក្នុងចំណោមពលរដ្ឋដែលត្រូវបានជួយសង្គ្រោះទាំងនោះមានស្រ្តីរងគ្រោះ៨២នាក់ពីប្រទេសចិន ពលការិនី៥៥នាក់ពីប្រទេសម៉ាឡេស៊ី ពលករ៤២៧នាក់ពីប្រទេសឥណ្ឌូណេស៊ី ពលរដ្ឋខ្មែរ២នាក់ពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ពលរដ្ឋខ្មែរ៦នាក់ពីប្រទេសប៉ាពូញ៉ូហ្គីណេ និងម្នាក់ពីប្រទេសអាហ្រ្វិកខាងត្បូង។

សេចក្ដីប្រកាសបន្តថា ស្ថានតំណាងកម្ពុជាក៏បានជួយដោះស្រាយរាល់បញ្ហាកើតមានឡើងចំពោះពលករកម្ពុជាដែលទៅធ្វើការនៅបរទេស ការរំលោភបំពានផ្សេងៗពីសំណាក់និយោជកមកលើពលករខ្មែរ ផ្ដល់ការគាំទ្រផ្នែកច្បាប់(ផ្ដល់មេធាវីពេលឡើងតុលាការ) ការទាមទារសំណងផ្សេងៗ ធ្វើទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដែលពលករតាំងនៅឲ្យជួយសំរួលផ្តល់ប័ណ្ណការងារ និងទិដ្ឋាការស្នាក់នៅផងដែរ។

សេចក្ដីឲ្យដឹងទៀតថា ចំណែកក្នុងឆ្នាំ២០១៦នេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទីក្រុងសៀងហៃអន្តរាគមន៍ជួយស្រ្តីខ្មែររងគ្រោះចំនួន២នាក់បន្ថែមទៀត ដែលត្រូវប្ដីធ្វើបាបឲ្យបានវិលត្រឡប់មកកម្ពុជាវិញផងដែរ។ ក្នុងចំណោមពលការិនីទាំង២រូប ម្នាក់ឈ្មោះ សន មេត្ដា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្ដបាត់ដំបង បានទៅរស់នៅជាមួយប្ដីនៅខេត្តជាំងស៊ី ប្រទេសចិន តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ និងបានទៅស្ថាន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ សុំឲ្យជួយបានត្រឡប់មកកម្ពុជាវិញ ដោយសារត្រូវប្ដីធ្វើបាប។

សេចក្ដីប្រកាសបន្តថា ពលការិនីម្នាក់ទៀតមានឈ្មោះ លី ស្រីម៉ៅ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្ដកណ្ដាល បានទៅរស់នៅជាមួយប្ដីនៅខេត្តជាំងស៊ី ប្រទេសចិន តាំងពីថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០១៤ និងបានទៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ សុំឲ្យជួយបានត្រឡប់មកកម្ពុជាវិញដោយសារត្រូវប្ដីធ្វើបាដូចគ្នា។

សេចក្ដីប្រកាសឲ្យដឹងទៀតថាស្រ្តីរងគ្រោះទាំង០២រូបខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៣និង៣៥នាទី ទៀបភ្លឺ តាមជើងយន្តហោះ K៦ ៨៦១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ