តារាសិល្បៈសន្យារួមគ្នាជួយមន្ទីរពេទ្យគន្ធបុប្ផា

ក្រុមតារាសិល្បៈ​នាំ​យក​ទឹកប្រាក់១ម៉ឺនដុល្លារ​របស់​មូលនិធី SS Fundraiser ទៅ​ប្រគល់​ឲ្យ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា (រូបភាព៖ វង្ស សុម៉ាលីន)

ខណៈដែលមន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តដង្ហោយស្វែងរកជំនួយមនុស្សធម៌ ដើម្បីជៀសវាងបញ្ហាបិទទ្វារ និងដើម្បីឲ្យមានលទ្ធភាពជួយដល់កុមារកម្ពុជាបន្តទៀតនោះ តារាសិល្បៈយ៉ាងច្រើនកុះករបានបង្ហាញឆន្ទៈរួមដៃគ្នាសម្រាប់បេសសកម្មនេះ ដោយអះអាងថានឹងបន្តជួយដល់មន្ទីរពេទ្យមួយនេះ។

ការលើកឡើងបែបនេះរបស់តារាសិល្បៈត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ក្នុងវេទិកាប្រគល់ប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដែលស្វះស្វែងរកបានដោយអតីតារាសម្ដែងពីរអ្នកប្ដីប្រពន្ធគឺលោកស៊ុក សុភា និងអ្នកនាង សារីណា នៅប្រទេសអូស្តាលី និងចំនួន១ពាន់ដុល្លារផ្សេងទៀតដែលបរិច្ចាគដោយតារាចម្រៀងមួយរូបមកពីផលិតកម្មM លោក ស៊ន វិជ្ជបុត្រ។

តារាសិល្បៈដែលមានវត្តមាននៅក្នុងវេទិការួមមានលោក សុះ ម៉ាច លោក ឈឿន ឧត្តម អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញាឌួង ហ្សូរីដា អ្នកនាង ស្វែង សុជាតា អ្នកនាង ឈួន សុវណ្ណឆៃ អ្នកនាងស៊ុន ណារីមូលីកា លោក អែនឌី លោកនាយឃ្លោក កញ្ញា ឃឹម ចរិយា កញ្ញា ញឹម ចាន់ថន កញ្ញា ថន លក្ខិណាលោក គង់ ចំរ៉ុង លោក ជ័យ សុវ៉ាត លោក រតនៈ វិសិដ្ឋ កញ្ញា ពេជ្រ អាវីហ្សា កញ្ញា អាលីហ្សា កញ្ញា ថន តារា កញ្ញា ហេង ស្រីពេជ្រ កញ្ញា ប៊ុន ផៃលីន លោក សន វិជ្ជបុត្រ លោក គន់ រៀមរតនៈ លោកអ៊ឹម ជីវ៉ា លោក ទេព រិទ្ធីនី និងតារាប្រុសស្រីជាច្រើនរូបទៀត។

វេទិកានោះបានទទួលស្វាគមន៍ដោយ លោក ឡូរ៉ង់ ដេនីស អនុប្រធានមូលនិធិគន្ធបុប្ផា ដោយសារតែលោក Beat Richner ជាប្រធានមូលនិធិ និងជាស្ថាបនិកមន្ទីរពេទ្យជាប់ភារៈនៅខេត្តសៀមរាប។ តំណាងមន្ទីរពេទ្យរូបនេះបានអះអាងថា កង្វះខាតរបស់មន្ទីរពេទ្យនៅតែមានទំហំធំ បើទោះជាមានការជ្រោមជ្រែងពីសប្បុរសជននៅគ្រប់ទិសទី។ លោកថា មន្ទីរពេទ្យគន្ធបុប្ផាប្រឈមកង្វះខាតច្រើនណាស់ ដោយលោកថា ចាំបាច់ត្រូវតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺសកម្មភាពមិនអាចខ្វះបានរបស់តារាសិល្បៈ។ លោកឡូរ៉ង់ ដេនីស បានបង្ហាញការកោតសរសើរចំពោះសកម្មភាពមនុស្សធម៌ទាំងនេះ និងទទូចឲ្យមានចលនាបែបនេះឲ្យកាន់តែខ្លាំង ដើម្បីជួយឲ្យមន្ទីរគន្ធបុប្ផាបានបន្តលទ្ធភាពរបស់ខ្លួនជួយដល់កុមារកម្ពុជា។

អ្នកនាង ចន ច័ន្ទលក្ខិណា បានប្ដេជ្ញាបង្ហាញខ្លួនក្នុងសកម្មភាពមួយនេះ ដោយអះអាងថា ក្រៅពីសុខចិត្តច្រៀងរាំដោយមិនយកកម្រៃគ្រប់ការអញ្ជើញ ក៏នឹងត្រៀមខ្លួនដឹកនាំតារាជាច្រើនធ្វើចលនារៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ អ្នកនាងនិយាយថា៖ “ពួកខ្ញុំត្រៀមខ្លួនរួចហើយ ថាឲ្យតែមានការអញ្ជើញគឺលះបង់ពេលវេលាទាំងអស់ ហើយមិនមែនតែខ្ញុំទេ គឺតារាផ្សេងទៀត ក៏ខ្ញុំជឿថាពួកគាត់នឹងចូលរួមដែរ ព្រោះពេទ្យគន្ធបុប្ផាមិនមែនជារបស់អ្នកណាម្នាក់ទេ គឺជារបស់កុមារកម្ពុជាទាំងអស់គ្នា និងជារបស់យើងទាំងអស់គ្នា”។ អ្នកនាងអំពាវនាវឲ្យមានការចាប់អារម្មណ៍ឲ្យកាន់តែច្រើនជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកោតសរសើរចំពោះសកម្មភាពរបស់អ្នកនាងសារីណា និងលោកស៊ុក សុភា ដែលបានរួមចំណែកស្វះស្វែងរកបាន១ម៉ឺនដុល្លារយកមកជួយពេទ្យនៅក្នុងពេលនេះ។

ប្រធានសមាគមសិល្បៈខ្មែរ លោក សុះ ម៉ាច បានអះអាងថា ក្នុងពេលដ៏ខ្លីលោកនឹងដឹកនាំសមាគមរធ្វើកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ធំមួយ ប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាដូចគ្នា ដើម្បីបំផុសឲ្យមានចលនាចូលរួមឲ្យកាន់តែខ្លាំង។ លោកនិយាយថា៖ “ខ្ញុំសូមសរសើរប្អូន ស៊ុក សុភា និងសារីណា ដែលគាត់នៅដល់បរទេសហើយ នៅតែគិតគូរដល់កុមារកម្ពុជា។ ប៉ុន្តែពួកយើងនៅឯណេះ ក្នុងនាមជាប្រធានសមាគមសិល្បៈ ក៏បានត្រៀមដូចគ្នាដែរដើម្បីធ្វើការប្រគំតន្ត្រីមួយ រៃអង្គាសប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីខ្ញុំ ក្រៅពីតារាខ្មែរ ក៏មានតារាមកពីក្រៅគាត់មកជួយសម្ដែងផងដែរ”

លោក សន វិជ្ជបុត្រ តារាចម្រៀងប្រចាំផលិតកម្មM ដែលបានបរិច្ចាគ១ពាន់ដុល្លារនៅក្នុងកម្មវិធីនោះ ក៏បានអះអាងថាពីការចូលរួមដូចគ្នានេះផងដែរ ដោយលោកថា នៅក្នុងខែមីនាខាងមុខ លោកនឹងចេញទៅសម្ដែងនៅប្រទេសអូស្រ្តាលី ដោយសន្យាប្រមូលរាល់ប្រាក់ធីបដែលទទួលបាន យកមកប្រគល់ដល់មន្ទីរពេទ្យគន្ធបុបុប្ផាបន្ថែមទៀត។ លោកនិយាយថា៖ “ឥឡួវនេះខ្ញុំឃើញអ្នកសិល្បៈកាន់តែច្រើនបានរួមកម្លាំងគ្នាលើបញ្ហានេះ ហើយខ្ញុំនៅតែរក្សាជំហរដដែលថា ឲ្យតែខ្ញុំបានចំណូលពីសិល្បៈគឺខ្ញុំយកមកប្រគល់ជូនមន្ទីរគន្ធបុប្ផាទាំងអស់។ ជាក់ស្ដែងក្នុងខែ៣នេះ ខ្ញុំត្រូវទៅច្រៀងនៅអូស្រ្តាលី ក៏ខ្ញុំនឹងប្រមូលថវិកាដែលខ្ញុំទទួលបានមកជួយបន្ថែមទៀតផងដែរ”

ចំណែកកញ្ញា ឌួង ហ្សូរីដា ក៏បានអះអាងដែរថា នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងកម្មវិធីដែលនាងកាន់កាប់ មានការរៃអង្គាសថវិកាបានជាង១ពាន់ដុល្លារហើយពីអ្នកទស្សនា។ កញ្ញាថា សកម្មភាពនេះបានធ្វើរាល់អាទិត្យ ដោយមានពិធីករ និងតារាសិល្បៈផ្សេងចូលរួមយ៉ាងសកម្ម។ មិនខុសគ្នាដែរ អ្នកនាងសារីណា ប្រធានមូលនិធិ SS Fundraiser បានអះអាងថា ក្រោយការប្រគល់ប្រាក់១ម៉ឺនដុល្លារដោយមានតារាសិល្បៈយ៉ាងច្រើនកុះករចូលរួមដល់មន្ទីរពេទ្យគន្ធបុប្ផានេះ អ្នកនាងនឹងសម្រេចអញ្ជើញតារាសិល្បៈពីស្រុកខ្មែរទៅច្រៀងនៅប្រទេសអូស្រ្តាលីឲ្យបានមួយឆ្នាំម្ដងយ៉ាងតិច ដើម្បីធ្វើការប្រគំតន្ត្រីដូចគ្នានេះប្រមូលលុយ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដូចគ្នា។

លោក ឡូរ៉ង់ ដេនីស មានប្រសាសន៍ថា កម្លាំងសាមគ្គីរបស់តារាសិល្បៈនឹងជួយបំផុសឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះមន្ទីរពេទ្យគន្ធបុប្ផា។ លោកថា នាពេលចុងក្រោយមន្ទីរពេទ្យកាន់តែទទួលបាននូវភាពកក់ក្ដៅ ដោយសារតែមានសកម្មទាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ