ទូតខ្មែរ​ប្រាប់​ប្រេសិតអាមេរិក​ប្រចាំអាស៊ានថារិះគន់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​មិន​សមរម្យ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃជាមួយ​ប្រធានាធិបតីអាមេរិក លោក អូបាម៉ា ជា​ការស្វាគមន៍សម្រាប់កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន(រូបថតពីហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន)

តំណាងទូតខ្មែរ​ប្រចាំប្រទេស​ឥណ្ឌូនេស៊ីបាន​ចេញលិខិតមួយទៅ​កាន់​​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំសហគមន៍អាស៊ាន​ ​ឆ្លើយតបទៅនឹង​ការ​និយាយ​រិះគន់កម្ពុជា​លើ​​បញ្ហាសិទ្ធិមនុស្ស ដោយ​ចាត់ទុក​ការ​ថ្លែង​នោះ​ជា”​ការរិះគន់មិនសមរម្យ”។

នៅក្នុងលិខិតមួយ​របស់​ស្ថានទូតខ្មែរ​ប្រចាំប្រទេស​កម្ពុជា​ដែលវីអូឌីទទួលបាននៅថ្ងៃសុក្រនេះ​ លោក នង សាកល ឯក​អគ្គរដ្ឋទូតខ្មែរ​ប្រចាំនៅ​ប្រទេសឥណ្ឌូនេស៊ី​ទទួល​បន្ទុកកិច្ច​ការ​អាស៊ាន បាន​សរសេរ​លិខិត​ជាភាសាអង់គ្លេស​មួយច្បាប់​និង​បកប្រែ​ជាភាសាខ្មែរច្បាប់​ថា​កាលពីថ្ងៃទី​២៤​ខែកុម្ភៈ លោកស្រី​ នីណា ហាជីហ្គៀន(Nina Hachigian) ឯក​អគ្គ​រដ្ឋទូតអាមេរិក​ប្រចាំសហគមន៍អាស៊ាន បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ស្ថានភាពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ លោក​បន្ត​ថា​ការ​ថ្លែ​ងបែ​បរិះគន់​នោះ​ត្រូវ​បាន​កាសែត​ខេម​បូឌា​ដេលី​ ចុះផ្សាយ​ ដោយ​​ដាក់ចំណង​ជើង​ថា៖ “​ប្រេសិត​សហរដ្ឋអាមេរិក​និយាយ​ថា​សិទ្ធិមនុស្ស​​ត្រូវបាន​ពិភាក្សា​ក្នុងកិច្ច​ប្រជុំកំពូល”។​​

បើ​តាម​លិខិត​នោះ​ លោក នង សាកល បាន​បញ្ជាក់​ថាប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា​ បាន​លើក​​ឡើង​ពី​បញ្ហា​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ ដោយមិន​លើក​ចំ​ពី​ប្រទេស​ណាមួយ​ឡើយ។ លោក ហ៊ុន សែន បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក​អាស៊ាននៅទីក្រុងកាលីហ្វញ៉ា​​ កាលពីពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០១៦​។​

លោក​ នង សាកល បាន​បញ្ជាក់ថា៖ “ក្នុងនាម​ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​សហគមន៍​អាស៊ាន​ តួនាទី​សំខាន់​បំផុត​របស់លោក​ជំទាវ គឺគ្រាន់តែ​ផ្តោត​លើ​ការ​តាម​ដាន​និង​ការ​លើកកម្ពស់​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្តសហ​អាស៊ាន​អាមេរិក​និង​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់កម្ពុជា​ដោយ​របៀប​មិន​សម​រម្យ​នោះ​ឡើយ​”

លិខិត​បញ្ជាក់បន្ថែមថា៖ “ច្បាប់​របស់​កម្ពុជា​ស្តីពី​អង្គការ​ក្រៅរដ្ឋាភិបាល​និង​សង្គមស៊ីវិល​ គឺ​ពុំ​មានបំណង​រឹតបន្តឹង​សេរីភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ទេ ប៉ុន្តែ​ធានា​ឲ្យ​មាន​ការ​​សម្រប​សម្រួល​បា​នល្អ​ជាង​មុន​នៃ​កិច្ចប្រតិ​បត្តិ​​ការ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​មួយ​”។ លិខិតបញ្ជាក់ថា៖ “រហូតម​កដល់ពេល​នេះ នៅក្នុងចំណោម​អង្គការ​ក្រៅ រដ្ឋាភិបាល​ក្នុងស្រុកនិង​បរទេសរាប់ពាន់ មានតែ​អង្គការ​ជាង​១០០ប៉ុណ្ណោះ​ដែល​កំពុ​ង​ធ្វើ​​ការ​​លើ​ផ្នែក​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ហើយ​និ​ងកំពុង​ធ្វើ​ការរិះគន់​រាជ​រដ្ឋាភិបាល​កម្ពុជា​​ដោយ​សេរី​ទាំងនៅក្នុង​និង​នៅក្រៅប្រទេស”

លោក នង សាកល បាន​លើក​ឡើង​នៅក្នុងលិខិត​ថា​៖ “សូមលោក​ជំទាវ​ឯក​អគ្គ​រដ្ឋទូត ហាជីហ្គៀន បំពេញ​ភារកិច្ច​រប​ស់​លោក​ជំទាវឲ្យ​បាន​ត្រឹមត្រូវ​ជាជាង​ធ្វើការរិះគន់​កម្ពុជា​ដោយ​មិន​សមរម្យ​និង​ទទួលនូវ​ការ​រាប់អាន​ដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ​”។​

អ្នកនាំពាក្យ​ក្រ​សួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី មាន​ប្រាប់​វីអូឌី(VOD)ថាឯកអគ្គរាជទូតកម្ពុជាប្រចាំ​សហគមអាស៊ានបានបញ្ជូន​លិខិត​របស់​​លោកទៅកាន់​លោកស្រីហាជីហ្គៀន​នៅ​ថ្ងៃនេះ។ លោក​បាន​បដិ​សេធ​មិន​អត្ថាធិប្បាយបន្ថែម​លើ​លិខិត​នេះ។​

លោកស្រី​ នីណា ហាជីហ្គៀន ត្រូវបានដកស្រង់សម្តីតាមសារព័ត៌មាន​ទាក់ទង​នឹង​ការ​សួរ​ពីបញ្ហាសិទ្ធិមនុស្ស​​នៅកម្ពុជាថា​៖ “ខ្ញុំ​អាច​ប្រាប់​លោក​បាន​ថា នៅ​គ្រប់​ឱកាស​ទាំង​អស់​ក្នុង​ជំនួប​កំពូល លោក​ប្រធា​នាធិបតី​​បាន​លើក​ឡើង​នូវ​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ។ អាទិភាព​សំខាន់​របស់​យើង​គឺ​ចង់​មើល​ឃើញ​ប្រទេស​កម្ពុជា​អភិវឌ្ឍ​ទៅ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​រឹងមាំ ដែល​គោរព​សិទ្ធិ​មនុស្ស និង​គាំទ្រ​សង្គម​ស៊ីវិល​ចម្រើន​លូតលាស់”

លោកស្រី​ នីណា ហាជីហ្គៀន ត្រូ​វ​បាន​ដកស្រង់សម្តី​បន្ថែម​ថា៖ “ការ​ប្រឈម​ដ៏​ច្រើន”​នៅ​តែ​មានសម្រាប់កម្ពុជា​។ លោក​ស្រី​បាន​និយាយ​ថា៖ “យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​បង្កើត​សង្គម​ប្រកប​ដោយ​យុត្តិធម៌​ត្រឹមត្រូវ​ថែម​ទៀតនិង​ធ្វើ​ឲ្យ​ការ​ប្ដេជ្ញា​របស់​ខ្លួន​ប្រសើរ​ឡើង​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស”

មន្រ្តីនាំពាក្យ​របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា​ លោក Jay Raman មានប្រសាសន៍ថា​ស្ថាន​ទូត​មិន​មានយោបល់អ្វីលើលិខិតនោះទេ។​

នៅក្នុងកិច្ចប្រជុំជាមួយ​មេដឹកនាំប្រទេសជាសមាជិក​អាស៊ានកាលពីថ្ងៃទី​១៥និង១៦ខែកុម្ភៈ  ប្រធានាធិ​បតីសហរដ្ឋអា​មេរិក​បាន​ឲ្យដឹង​ថា​លោកបាន​សង្កត់ធ្ងន់​ទៅមេដឹកនាំអាស៊ាន​​​ទាំង​​១០​ប្រទេសថា​អ្នកនយោ​បាយបក្សប្រឆាំងមិនគួរត្រូវដាក់ពន្ធនាគារដោយសារការបញ្ចេញមតិរបស់​ពួកគេនោះទេ។​​ លោក​មានប្រសាសន៍ថា៖ “ខ្ញុំបានបញ្ជាក់​ច្បាប់ថា​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការជាមួយ​ប្រទេស​ជាសមា​​​​ជិកអាស៊ាន​ដែល​កំពុងធ្វើការ​លើកតម្កើងនីតិរដ្ឋ អភិបាលកិច្ចល្អ ស្ថាប័នគនេយ្យ​ភាព​និង​សិទ្ធិមនុស្ស​ជា​​​សាកលសម្រាប់​​ប្រជាជនទាំងអស់”

លោក​បញ្ជាក់បន្ថែមថា៖ “គ្មាននរណាម្នាក់ រួម​ទាំង​អ្នក​មកពី​បក្ស​នយោបាយប្រឆាំង​គួរត្រូវបាន​ឃុំខ្លួន​និង​ដាក់​ពន្ធនា​គារដោយ​សារ​ការបញ្ចេ​ញមតិ​ធម្មតារបស់ពួកគេ”។ លោក អូបាម៉ា​មិន​បានបញ្ជាក់ចំប្រទេស​ណាមួយនោះទេ៕​ រាយការណ៍បន្ថែម​ដោយ​លោក ទូច សុខា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ