អ្នក​នាំ​ពាក្យ​បក្សប្រឆាំងថាកញ្ញា ធី សុវណ្ណថា គួរយល់ពាក្យ “សិទ្ធិគ្រប់គ្រង” ឲ្យបានច្បាស់

កញ្ញា ធី សុវណ្ណថា(រូបថតពីហ្វេសប៊ុក​របស់កញ្ញា)​

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលើកឡើងថាគណបក្សប្រឆាំងស្វាគមន៍កញ្ញា ធី សុវណ្ណថា ក្នុងការចូលរួមធ្វើការបម្រើ​ការងារឲ្យស្ថានីយ៍​ទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិ តែថាប្រសិនបើកញ្ញាចង់បានសិទ្ធិគ្រប់គ្រង លោកថានាងគួរសិក្សាពីពាក្យ “សិទ្ធិគ្រប់គ្រង” និងផ្លូវច្បាប់ឲ្យបានច្បាស់ជាមុនសិន។

កញ្ញា ធី សុវណ្ណ ដែលត្រូវគេស្គាល់ខ្លាំងអំឡុងពេលនៃការបោះឆ្នោតឆ្នាំ២០១៣ថាជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះ កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញបានសរសេរនៅលើហ្វេសប៊ុករបស់នាងថានាងមានគម្រោងស្នើសុំសិទ្ធិគ្រប់គ្រងទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិ ដោយអះ​អាងថានាងនឹងធ្វើឲ្យទូរទស្សន៍សង្គ្រោះជាតិដំណើរការឆាប់ៗ។

ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ ប្រាប់វីអូឌីនៅព្រឹកថ្ងៃសុក្រនេះថា គណបក្សសង្គ្រោះ​ជាតិ​ស្វាគមន៍ ប្រសិនបើកញ្ញា ធី សុវណ្ណថា ចង់ចូលរួមចំណែកធ្វើការងារនៅទូរទស្សន៍ព្រះអាទិត្យ ជាជំនួយការឬមុខតំណែងណាមួយ។ ទោះយ៉ាងណា លោកថាសម្រាប់សិទ្ធិគ្រប់គ្រងទៅលើទូរទស្សន៍នេះគឺមានលក្ខណៈផ្លូវច្បាប់និងនីតិវិធីផ្សេងច្រើន។

លោក យ៉ែម បុញ្ញាឫទ្ធិ មានបន្ថែមថា“សុំឲ្យគាត់ទៅជួបជាមួយមេធាវី ថាពេលដែលគេបង្កើតក្រុមហ៊ុនមួយ តើអ្នកគ្រប់គ្រង​ហ្នឹងតើ​គេត្រូវ​ធ្វើរបៀបម៉េច មានភាគហ៊ុនរបៀបម៉េច ហើយការសម្រេចហ្នឹងគេធ្វើរបៀបម៉េច? ដូច្នេះប្រើ​ពាក្យថាសុំសិទ្ធិគ្រប់គ្រង​ហ្នឹងក្រែង​លោ​គាត់​ពុំទាន់បានសិក្សាច្បាប់ឬមួយក៏របៀបបង្កើតក្រុមហ៊ុន ព្រោះគាត់អត់ដែលធ្លាប់រកស៊ី ឬមួយក៏ក្រុមហ៊ុននោះណា។ ដូច្នេះ​ឲ្យ​គាត់​ទៅមើលជាមួយមេធាវីបន្តិចទៅមុននឹងសរសេរអត្ថបទអី កុំចេះតែសរសេរតាមនឹកឃើញបាទ”

វីអូឌីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីកញ្ញា ធី សុវណ្ណថា បាននៅឡើយទេ ដោយទូរស័ព្ទជាច្រើនដងពុំមានអ្នកទទួល ហើយក្រោយមកទូរស័ព្ទ​របស់នាងពុំអាចទាក់ទងបាន។

ទោះយ៉ាងណា នៅថ្ងៃសុក្រនេះ កញ្ញា ធី វណ្ណាថា បានសរសេរនៅលើហ្វេសប៊ុករបស់នាងជាថ្មីថា៖ “នាងខ្ញុំស្នើសុំសិទ្ធិ គ្រប់គ្រងទូរទស្សន៍សង្គ្រោះ​ជាតិ ដើម្បីលើកស្ទួយកិត្តិយសសង្គ្រោះជាតិឡើងវិញ រយៈពេល៦ខែ ខ្ញុំនឹងធ្វើឲ្យទូរទស្សន៍មានដំណើរការ”

កញ្ញា ធី សុវណ្ណថា សរសេរ​ជាថ្មី​នៅ​ថ្ងៃ​សុក្រ​នេះ ពី​ការ​ស្នើ​សុំ​សិទ្ធិ​គ្រប់​គ្រង​ទូរទស្សន៍​របស់​គណបក្សសង្គ្រោះជាតិ
កញ្ញា ធី សុវណ្ណថា សរសេរ​ជាថ្មី​នៅ​ថ្ងៃ​សុក្រ​នេះ ពី​ការ​ស្នើ​សុំ​សិទ្ធិ​គ្រប់​គ្រង​ទូរទស្សន៍​របស់​គណបក្សសង្គ្រោះជាតិ

ពាក់ព័ន្ធ​នឹងដំណើរការរៀបចំស្ថានីយទូរទស្សន៍ លោក យ៉ែម បុញ្ញាឫទ្ធិ ឲ្យដឹងថា គណបក្សប្រឆាំងកំពុងរៀបចំទៅតាមនីតិធីច្បាប់ ដោយលោកថា គណបក្សសង្គ្រោះជាតិព្យាយាមឲ្យស្ថានីយទូរទស្សន៍អាចដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០១៦នេះ។

លោកមានប្រសាសន៍ថា៖ “ទីមួយយើងបានប្លង់រឹងកាលពីថ្ងៃទី២៩ (ខែ)មករា (ឆ្នាំ)២០១៦។ ក្រោយពីបានប្លង់រឹងភ្លាម យើងចាប់ផ្ដើមរត់ឯកសារមួយទៀតហៅថា សុំតម្លើងអង់តែន។ ហើយឥឡូវនេះកំពុងរត់ធ្វើនីតិវិធីសុំតម្លើងអង់តែនបាទ។ ពេលដែលយើងបានការអនុញ្ញាតតម្លើងអត់តែនភ្លាម នឹងមានការបញ្ជាទិញអង់តែនមកតម្លើងភ្លាមៗ ហើយនឹងបញ្ជាទិញប្រអប់ផ្សព្វផ្សាយដើម្បីយកមកដាក់លើអង់តែននោះ ដើម្បីធ្វើការផ្សព្វផ្សាយ”

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋាភិបាលបាលបានយល់ព្រមផ្ដល់អាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍មួយដល់គណបក្សប្រឆាំង។ គណបក្សប្រឆាំងធ្លាប់អះអាងថា ស្ថានីយទូរទស្សន៍របស់ខ្លួននឹងចាប់ផ្ដើមដំណើរនៅក្នុងឆ្នាំ២០១៥ តែពុំអាចធ្វើទៅបាន។ ទោះយ៉ាងណា គណបក្សប្រឆាំងអះអាងថា ស្ថានីយទូរទស្សន៍នេះនឹងចាប់ផ្ដើមដំណើរការឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧ខាងមុខ៕

សរសេរ​ដោយលោក ហ៊ុន សិរីវឌ្ឍន៍ និង​លោោក អុិត សូធឿត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ