លោក ហ៊ុន ម៉ានី ត្រូវបានជ្រើសរើសជា​ប្រធាន​ក្រុមប្រឹក្សាយុវជនអាស៊ី

លោក ហ៊ុន​ ម៉ានី កាលពីកន្លងទៅ​

លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា ត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី(AYC)ដែល​ជា​អង្គការមិនមែនរដ្ឋាភិបាលមួយ​ធ្វើការងារលើកកម្ពស់យុវជននៅអាស៊ី។​

សេចក្ដីជូនដំណឹងមួយរបស់ក្រុមប្រឹក្សាយុវជនអាស៊ីនិងសហភាពសហព័ន្ធយុវជនកម្ពុជាចេញផ្សាយនៅថ្ងៃព្រហ​ស្បតិ៍នេះឲ្យដឹងថាមហាសន្និបាតក្រុមប្រឹក្សាយុវជនអាស៊ីលើកទី១៣ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី​២៥ ខែកុម្ភៈ បានបោះឆ្នោតជ្រើសរើស លោក ហ៊ុន ម៉ានី ឲ្យធ្វើជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី។ សេចក្ដីជូនដំណឹងឲ្យដឹងទៀតថាការបោះឆ្នោតនេះធ្វើឡើងស្របគ្នានឹងការរៀបចំវេទិកាយុវជនកម្ពុជាអាស៊ី ក្រោមប្រធានបទ”សន្តិភាព ប្រជាធិបតេយ្យនិងភាពជាដៃគូក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព“។ វេទិកានេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្រុមប្រឹក្សាយុវជនអាស៊ីគឺជាអង្គការយុវជនមិនមែនរដ្ឋាភិបាលនៅកម្រិតតំបន់ដែលត្រូវបានបង្កើតឡើងកាលពី ឆ្នាំ១៩​៧២ ដើម្បីផ្ដល់ជាវេទិការួមមួយដល់ថ្នាក់ដឹកនាំយុវជននិងយុវជនអាស៊ីដែលមានគោល​បំណង​ស្រដៀងគ្នាក្នុងដំណើ​​រ​កា​រអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ក្រុមប្រឹក្សានេះមានលេខាធិការដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លោក ហ៊ុន ម៉ានី មិនត្រឹមតែជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប៉ុណ្ណោះទេ លោកក៏ជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺផងដែរ។ លោកជាតំណាងរាស្រ្តវ័យក្មេងមួយរូបដែលគេសង្កេតឃើញថាបានដឹកនាំយុវជន ជាច្រើនធ្វើសម្មភាពសង្គម ជាពិសេសកម្មវិធីអង្គរសង្ក្រានដែលធ្វើឡើងនៅខេត្តសៀមរាបជារៀងរាល់ឆ្នាំ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ លោក ហ៊ុន ម៉ានី បានទទួលពានរង្វាន់អន្តរជាតិGusi Peace Prizeនៅប្រទេសហ្វីលី​​ពី​​ន​​។​ លោក​ក៏បាន​ទទួលពានរង្វាន់ប្រជាជនអាស៊ាន(ASEAN people’s Award)ផងដែរ។ ពាន​រង្វាន់ទាំងនេះ​ទទួល​បាន​ដោយ​សារ​ស្នាដៃរបស់​លោក​ក្នុងការដឹកនាំ​សហភាពសហព័ន្ធ​យុវជនកម្ពុជា​និង​ការចូលរួមចំណែក​ដល់កិច្ចសហប្រតិបត្តិការ​ជាមួយប្រទេស​ជាសមាជិកអាស៊ាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ