បទយកការណ៍៖ ប្រជាពលរដ្ឋ​​នៅស្រុក​កោះ​ធំ​ប្រមូល​ប្រាក់កសាងផ្លូវមិនចាំគម្រោងរដ្ឋ

សកម្មភាពធ្វើផ្លូវលំ

ប្រជាពលរដ្ឋ​​ក្មេង​ចាស់បាននាំ​គ្នា​ឈរ​លើផ្លូវ​ត្រៀប​ត្រាដោយ​អ្នកខ្លះ​កាន់​បង្គី កាន់​ចប និងអ្នកខ្លះទៀត​កាន់កំណាត់​​ឈើដើម្បី​ជួយ​​​កាយដុំថ្មល្អិតៗ​ក្រាល​នៅលើ​ផ្លូវ​លំ​ដែល​មាន​ទទឹង​ប្រមាណ​៦ម៉ែត្រ។

បើទោះជាហត់បន្តិច​នៅក្រោម​កំដៅថ្ងៃចាំងចន្លោះម៉ោង​១១និង១២ថ្ងៃត្រង់ម្នាក់​ៗញើសហូរជោគខ្លួន ប៉ុន្តែពួកគេមិនបញ្ឈប់​សកម្មភាពឡើយ​អ្នកខ្លះ​​អូសរទេះថ្ម  អ្នកខ្លះ​កាយ​ថ្មក្រាលលើផ្លូវ​ ហើយអ្នកខ្លះទៀត​កាយថ្មទម្លាក់​ពីលើរថយន្តដឹកថ្ម។​​​

ទាំងនេះជាសកម្មភាព​របស់របស់​ប្រជាពលរដ្ឋ​នៅភូមិ​ពោធិ៍​អណ្តែត​ ឃុំ​ព្រែក​ស្តី​ស្រុក​កោះធំ ខេត្ត​កណ្តាល​។ សកម្មភាព​នេះ​ជាពេល​វេលា​ដែលពួកគាត់​ធ្វើការ​ងារសហគមន៍រួមគ្នា ហើយក៏ជាពេល​ដែលពួក​គាត់​មានពេល​ច្រើនក្នុងការជជែកគ្នានិង ចំអន់គ្នាលេងទៅវិញទៅមក​។​

យូរៗម្តង​ពេល​រថយន្ត​ដឹកថ្មមក​ដល់បុរស​ខ្លះ​ដោះអាវអ្នកខ្លះ​ស្លៀកកន្សែងរត់​តាមរថយន្ត​ដើម្បី​កាយថ្មទម្លាក់​លើផ្លូវ​។

ផ្លូវលំនៅក្នុងភូមិ​ពោធិ៍​អណ្តែត​មាន​ប្រវែង​ជាង​១០០០ម៉ែត្រ​និង​ទទឹង​៦ម៉ែត្រ។ ផ្លូវនេះស្ថិតនៅបណ្តោយផ្លូវ​ជាតិ​លេខ២១ កើត​ឡើង​នៅអំឡុងសម័យខ្មែរក្រហម​។ ពេលធម្មតាផ្លូវនេះហុយពេលរដូវប្រាំងនិងបែក​ភក់​រអិល​នៅរដូវវស្សារហូត​ដល់​ជិះ​កង់ ម៉ូតូ ឬដើរ​មិន​រួច​ដោយសារស្ថានភាព​ស្អិតនិង​រអិល​​ពេល​ភ្លឿង​ធ្លាក់​។​​

បញ្ហានេះអូសបន្លាយ​រហូតដល់​ចុង​ឆ្នាំ​២០១៥ពេលនោះ​ប្រជាពលរដ្ឋ​ក៏បាន​នាំគ្នាប្រមូល​ប្រាក់​១គ្រួសារ​ប្រមាណ​៣ម៉ឺន​រៀល ៥ម៉ឺនរៀល​ ឬច្រើន​ជាង​នេះ​ទៅ​តាម​លទ្ធភាព​ជីវភាព​ដែល​ពួក​គេអាច​ស្ម័គ្របរិច្ចាគ​ឲ្យបាន​។​​

ផ្លូវនេះមានចាក់ដី​បន្ថែម​ខ្លះ ហើយមានការក្រាលថ្មដុំ​ធំបន្តិច​ និងក្រាលថ្មល្អិត​តូចៗ​បន្ថែមពីលើបានចំណាយ​អស់​ប្រមាណ​ជិត​១០លានរៀលជាលុយ​បានពីការ​រៃអង្គាសពី​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​និងសប្បុរសជន​នៅក្រៅភូមិ​មួយ​ចំនួន​​។​

ប្រជាពលរដ្ឋ​នៅក្នុងភូមិនិងអ្នក​ដំណើឆ្លង​កាត់​ភូមិ​នេះបានសម្តែង​ការរីករាយដោយបានផ្លូ​វ​ថ្មី​ងាយ​ស្រួល​ក្នុងការ​ធ្វើ​ដំណើរទាំង​យប់ទាំងថ្ងៃ។ ពួកគេបន្តថា​​៖ “ឃើញទេ! ផ្លូវចឹងសប្បាយចិត្តម៉ង! លុយយើង លុយយើង អត់មានលុយអ្នកណាជួយ បើមានពីណាជួយយើងចេះតែយកទៅ​! ឲ្យប៉ុន្មាន២០ ៣០ គឺឲ្យតិចយកតិច ឲ្យច្រើនយកច្រើន”។

ផ្លូវលំ​​នេះ​កសាង​រួចរាល់​នៅ​ក្នុង​ខែ​មករាឆ្នាំ​២០១៦ហើយ​ប្រជាពលរដ្ឋ​​បាន​រៀប​ចំ​ធ្វើ​ជាបុណ្យ​ឆ្លងតាមប្រពៃណី។ ​​ពួកគេបន្តទៀតថា​​៖ “បុណ្យសាមគ្គី កំពុងធ្វើបាយសី ធ្វើបុណ្យឆ្លងផ្លូវថ្នល់ ផ្លូវតេជោធ្វើឲ្យមែន? លុយប្រជាជនទេអត់មានតេជោណាទេ! ផ្លូវប្រជាជនធ្វើទាំងអស់ហ្នឹង!​”។

លោក ឃុយ គា​ មេឃុំ​ព្រែកស្តីបានឲ្យ​ដឹង​ថាសកម្មភាព​ដែលប្រជាពលរដ្ឋ​ប្រមូលលុយ​គ្នា​ធ្វើ​ផ្លូវ​នេះមិនមែន​មានតែ​នៅ​ភូមិពោធិ៍​​អណ្តែតមួយ​​ទេគឺភូមិ​ផ្សេងទៀត​នៅជាប់ៗ​នោះ​ក៏​ប្រជាពលរដ្ឋបាន​ធ្វើ​របៀបនេះ​ដែរ​ដូចជា​ភូមិ​ចុង​ព្រែក ភូមិ​ព្រែក​តាមមេម  ភូមិ​ចាស់ និង​ភូមិ​ឡក្បឿងជាដើម​។​ ​

លោក ឃុយ គា​ លើកឡើង​ថាបច្ចុប្បន្នតម្រូវ​ការ​អភិវឌ្ឍ​នៅក្នុងឃុំ​​មានច្រើនតែលុយ​ដែលរដ្ឋាភិបាលទម្លាក់ឲ្យមិនគ្រប់គ្រាន់​ ទើបអាជ្ញាធរ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួមបរិច្ចាគ​ថវិកា​ដើម្បី​កសាង​ផ្លូវ។ លោកបន្ថែមថា​៖ “និយាយឲ្យចំទៅថវិកាដែលបានមកឃុំសង្កាត់ហ្នឹងវាតិចតួច ហើយបើតម្រូវការយើងវាច្រើនហើយថវិកាវាតិច បើផ្អែកលើតម្រូវការចេះតែធ្វើចលនាបងប្អូន ហើយសប្បុរជនក្រុមការងារអីចឹងក៏ជួយដូចជាប្រឡាយអីចឹងមានស្តារជាលក្ខណៈសហគមន៍មួយចំណែកហើយក្រសួងក៏ជួយមួ​យចំណែកចឹងទៅ”។​

[related-box]

នៅឃុំព្រែក​ស្តីមាន​ភូមិ​ចំនួន​១៥​ មានពលរដ្ឋ​ជាង​៤០០០គ្រួសារ​ ស្មើនឹងជាង​២២ម៉ឺននាក់​។​ ក្នុង​ចំណោម​១៥ភូមិ​នេះមានភូមិ​​ចំនួន​៦​ដែល​នៅឆ្ងាយ​ពី​ផ្លូវ​ជាតិ​លេខ​២១​ពោលគឺ​នៅលើ​ផ្លូវ​លំ​ដាច់​ពីផ្លូវ​ជាតិ​។​

កញ្ចប់លុយ​​ពីរដ្ឋាភិបាល​សម្រាប់​អភិវឌ្ឍន៍​លោក ឃុយ​ គា បញ្ជាក់​ថាឆ្នាំ​នេះឃុំ​ព្រែកស្តី​ទទួលបានជាង​១០០លាន​រៀល ហើយ​ឃុំ​យកទៅប្រើ​ទៅតាម​គោល​ដៅ​ដែលគិតថាជា​ចំណុច​អទិភាព។ លោកបន្ថែមថា៖ “ឆ្នាំនេះយើងបាន១១០លានរៀល នេះយើងធ្វើផ្លូវបេតុងនៅភូមិព្រែកតាមេមទៀត យើងបានប្រជុំផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋអស់ហើយគឺកន្លែងណាដែលអទិភាពជាងយើងដាក់កន្លែងហ្នឹងទៅណា”។​

ប្រជាពលរដ្ឋរស់នៅក្នុង​ឃុំ​ព្រែកស្តី​ភាគច្រើន​ជា​កសិករធ្វើ​ស្រែនិងចំការ ហើយមួយចំនួន​ទៀតជាអ្នក​បម្រើការងារ​នៅតាមស្ថាប័ន​ឯកជននិងជា​មន្ត្រីរាជការ។

លោក ឃុយ គា លើកឡើង​ថាការដែ​ល​ពលរដ្ឋ​ប្រមូល​លុយ​គ្នា​ដើម្បី​ធ្វើ​ផ្លូវ​នេះអាច​ដោយសារ​នេះជាតម្រូវ​ការចាំបាច់​របស់ពួកគាត់​ ហើយក៏​អាច​បង្ហាញ​ថាប្រជាពលរដ្ឋ​នៅទីនោះមានជីវភាព​ធូរធាច្រើន​ដែរ​។​ ប៉ុន្តែពលរដ្ឋ​មួយចំនួន​ជាកសិករនៅភូមិ​ពោធិ៍​អណ្តែត​​អះអាង​ថាពួក​គេ​មិនមាន​ជីវភាព​ធូរ​ធាទេគឺផលិតផល​កសិកម្ម​លក់​បាន​ថោកមិន​រួច​ថ្លៃដើម​នៃការ​ដាំដុះផងតែដោយ​សារ​រង់​ចាំ​គម្រោង​របស់​រដ្ឋាភិបាល​យូរ​ពេក​ ហើយ​ជួប​ការលំបាកក្នុងការ​ធ្វើ​ដំណើរ​ទើប​ពួក​គាត់​​នាំ​គ្នា​រៃ​អង្គាស​ប្រាក់​ ដើម្បី​ធ្វើ​ផ្លូវដើម្បី​​អាច​ប្រើ​បាន​បណ្តោះ​អាសន្នរង់​ចាំ​គម្រោង​រដ្ឋ​ធ្លាក់​មក​ដល់នៅពេល​ខាងមុខ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ