វិភាគ៖ ប្រសិនបើដោះដូរគណៈរដ្ឋមន្រ្តីនៅឆ្នាំនេះតើនឹងធ្វើឲ្យមានការប្រែប្រួលអ្វីខ្លះ?

នៅសប្តាហ៍នេះប្រមុខរដ្ឋាភិបាលបានប្រកាសថាលោកកំពុងតែពិចារណាដោះដូរគណៈរដ្ឋមន្រ្តីរបស់លោកនៅក្នុងឆ្នាំ២០១៦នេះខណៈដែលលោកលើកចំៗថាមានរដ្ឋមន្រ្តីយ៉ាងតិចចំនួនពីរក្រសួង​ដែលអសកម្មនឹងការងារជាងគេ។

បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋមន្រ្តីដែលអសកម្មជាងគេគឺរដ្ឋមន្រ្តីក្រសួងសាធារណៈការនិង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្រ្តីក្រសួងកសិកម្មដែលទើបតែចូលកាន់អំណាចនៅអាណត្តិទី៥នេះគឺលោក អ៊ុក រ៉ាប៊ុន។

នេះជាលើកទី១ហើយដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសដោះដូរគណៈរដ្ឋមន្រ្តីរបស់លោកនៅពាក់កណ្តាលអាណត្តិនេះខណៈប្រទេសជឿនលឿនមួយចំនួនក៏បានធ្វើបែបនេះរួចហើយដែរ។

ក្រុមអ្នកវិភាគបានចាត់ទុកថានេះជាការកែទម្រង់មួយជំហានទៀតរបស់រដ្ឋាភិបាលបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបាត់បង់អសនៈចំនួន២២ក្រោយការបោះឆ្នោតឆ្នាំ២០១៣។

ប៉ុន្តែនៅតែមានសំណួរថាតើការកែទម្រង់បែបនេះ​បានផ្តល់ប្រយោជន៍ទៅដល់ម្ចាស់ឆ្នោតដែរឬទេ? ហើយថាតើការដកហូត​មន្រ្តីណាមួយទៅតាមការយល់ឃើញរបស់អ្នកមានអំណាចនោះអាចធ្វើឲ្យប្រសើរឡើងនៃប្រសិទ្ធិភាពការងារដែរឬទេ?

អ្នកប្រឹក្សាយោបល់ឯករាជ្យលោកបណ្ឌិត ចាន់ វិបុល ដែលមានជំនាញខាងអភិបាលកិច្ច​និង​ប្រជាធិបតេយ្យមានប្រសាសន៍ថាការតែងតាំងឬដកហូតមុខតំណែងមន្រ្តីរដ្ឋាភិបាលណាម្នាក់គឺត្រូវផ្អែកលើប្រព័ន្ធវាយ​តម្លៃធនធានមនុស្សច្បាស់​លាស់​ទើបអាចមានប្រសិទ្ធិភាពការងារ។ ប៉ុន្តែលោកវិភាគថាបើអ្នកមានអំណាចចង់ដកឬចង់ដាក់​មន្រ្តីណាម្នាក់ទៅតាមតែចិត្តខ្លួននោះ លោកថាយុទ្ធសាស្ត្រនេះគ្រាន់តែជាចិត្តសាស្ត្រនយោ​បាយ​​បន្លប់ចិត្តម្ចាស់ឆ្នោតប៉ុណ្ណោះ។

លោកយល់ថា៖ ខ្ញុំមើលក្នុងទិដ្ឋភាពបច្ចុប្បន្ននេះខ្ញុំហាក់មិនមានសុទិដ្ឋិនិយមខ្ពស់ទៅលើគុណភាពនិង​គុណសម្បត្តិការងាររបស់មន្រ្តីថ្មីទេព្រោះថាប្រព័ន្ធការងារគ្រប់គ្រងធនធានមនុស្សមិនទាន់ត្រូវបានធ្វើឲ្យប្រសើរ​ពិសេស​គ្រួសារនិយមបក្សនិមយមនៅតែមានឥទ្ធិពលអាក្រក់សម្រាប់ក្រុមលោក។ វាមិនបានបង្កើតប្រព័ន្ធថ្មីមួយដែលអាចជឿទុកចិត្តឬដាក់ទណ្ឌកម្មផ្នែករដ្ឋបាលឬបច្ចេកទេសទៅដល់មន្រ្តីថ្មីទេ។ ខ្ញុំគិតថាការផ្លាស់ប្តូរគ្រាន់តែការទាក់ទាញប្រយោជន៍នយោបាយជាងប្រយោជន៍សង្គមពិតប្រាកដ

លោកបណ្ឌិត ចាន់ វិបុល វិភាគដូចនេះដោយលោកអះអាងថាយោងតាមការកត់សំគាល់កន្លងមក។

លោកមានប្រសាសន៍ថា៖ ការបង្កើតការដូចលើកឡើងនេះខ្ញុំមានក្តីបារម្ភមួយ[យុទ្ធសាស្ត្រនេះ]គ្រាន់ជាផ្នែក​នយោបាយរបស់លោកនាយក​រដ្ឋមន្រ្តីនិង​ក្រុមបក្សពួកលោក។ នេះជាការយល់ឃើញផ្អែកប្រវត្តិសាស្ត្រនយោបាយ​របស់យើង។ អ្វីដែលលោកតែងមានប្រសាសន៍ អ្វីដែលទទួលបានជោគជ័យហ្នឹង វាអត់ដូចអ្វីដែលលោក​លើក​ឡើងពេល​ថ្មីៗនេះ។…ប៉ុន្តែលោកអាចធ្វើបាន ខ្ញុំគិតថាជារឿងល្អជាការចាប់ផ្តើមល្អបំផុត។ លើសពីនេះវាជំរុញឲ្យមានកំណែទម្រង់មួយពិតប្រាកដជាប្រព័ន្ធ មិនឃើញម្នាក់ពីរនាក់ហើយលើកមកប្រកាសសាធារណៈអីចឹងទេ

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា វិភាគថាការប្រកាសដោះដូរគណៈរដ្ឋមន្រ្តីរបស់លោក ហ៊ុន សែន មិនមានអ្វីប្លែកនោះទេព្រោះប្រទេសជឿនលឿនលើពិភពលោកគេបានអនុវត្តបែបនេះកន្លងមកហើយ។ លោកយល់ថាការប្រកាសរបស់លោក ហ៊ុន សែន គឺគ្រាន់តែជាការទាក់ទាញប្រជា​ប្រិយ​ភាពសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ ប៉ុន្តែលោកគិតថាយុទ្ធសាស្ត្រនេះដូចជាមិនអាចស្តារប្រជាប្រិយភាពបក្សកាន់អំណាចបានច្រើនប៉ុន្មានទេ។

លោកបន្ថែមថា៖ ខ្ញុំមើលទៅប្រសិទ្ធិភាពហាក់ដូចជាពុំមានអីជ្រាលជ្រៅប្រាកដ១០០%ទេ ព្រោះឃើញថាគ្រាន់តែត្រួតពិនិត្យទម្ងន់រថយន្តបើកបរលើដងផ្លូវ ការចាប់ឃាត់បទល្មើសផ្សេងៗ ទាល់តែមានបញ្ជាពីនាយករដ្ឋមន្រ្តីបានមន្រ្តីអនុវត្ត។ដូច្នេះទោះមានការដោះដូរក៏ដោយវាឆ្លុះបញ្ចាំងថាអំណាចនៅលើតែលោក ហ៊ុន សែន ម្នាក់គត់

លោក សូ ចន្ថា ជឿថាប្រសិនបើដកតំណែងរដ្ឋមន្រ្តីណាម្នាក់នឹងធ្វើឲ្យបុគ្គលនោះមានការអន់ចិត្ត ប៉ុន្តែលោកថាបុគ្គលនោះមិនអាចចាកចេញពីគណបក្សប្រជាជនកម្ពុជាបានទេនៅកាលៈទេសៈនេះ។

លោកយល់ថា៖ ខ្ញុំឃើញថាមន្រ្តីដែលដកចេញហាក់មិនមានឆន្ទៈនឹងដើរចេញទេព្រោះជាប់នឹងផលប្រយោជន៍

បើតាមលោក សូ ចន្ថា មនុស្សថ្មីនឹងចូលកាន់តំណែងជារដ្ឋមន្រ្តីជំនួសអ្នកដែលត្រូវដកចេញគឺអាចមនុស្ស​ស្និតនឹងលោក ហ៊ុន សែន និងជាមនុស្សដែលមានទស្សនៈនិងសមត្ថភាពពូកែសម្តែងឲ្យពលរដ្ឋជឿទុកចិត្តលើការដឹកនាំរបស់គណបក្សកាន់​អំណាច។

ក្រោយពីការធ្លាក់ចុះអាសនៈចំនួន២២ លោកនាយករដ្ឋមន្រ្តីបានប្រកាសថាលោកនឹងធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងការដឹកនាំរដ្ឋាភិបាល។ ការកែទម្រង់ដែលមើលឃើញនោះគឺផ្លាស់ប្តូររដ្ឋមន្រ្តីមួយចំនួនរួមមានរដ្ឋមន្រ្តីកសិកម្ម រដ្ឋមន្រ្តីអប់រំ រដ្ឋមន្រ្តីប្រៃសណីយ៍ រដ្ឋមន្រ្តីបរិស្ថាន រដ្ឋមន្រ្តីសេដ្ឋកិច្ច និង​រដ្ឋមន្រ្តីពាណិជ្ជកម្មជាដើម។

ប៉ុន្តែផ្លែផ្កាដែលផ្តល់ឲ្យប្រជាជនក្រោយពីការកែទម្រង់នេះអ្នកវិភាគយល់ថានៅមានតិចតួចនៅឡើយ។ បើនិយាយពី​វិស័យ​កសិកម្ម គឺកសិករនៅតែធ្វើស្រែលក់ស្រូវបានថោក ប៉ុន្តែការចំណាយលើថ្លៃជីគីមីនិងថ្នាំកសិ​កម្ម​​ដែលនាំចូលពីប្រទេសជិតខាងគឺថ្លៃខ្ពស់។ បើនិយាយពីវិស័យអប់រំ អ្នកវិភាគថាថ្វីត្បិតតែមានការរិតបន្តឹងខ្លាំងលើការ​ប្រឡងបាក់ឌុប ប៉ុន្តែគុណភាពនៅតែមិនទាន់អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន​ជឿនលឿនមួយចំនួនបាននៅឡើយ។ បើនិយាយពីវិស័យបរិស្ថាន អ្នកឃ្លាំមើលព្រៃឈើអះអាងថាព្រៃឈើ​ត្រូវបាន​អ្នកមានប្រាក់និងអ្នកមានអំណាចកាប់យកធ្វើមានធ្វើបានផ្ទាល់ខ្លួនហើយបង្ករផលប៉ះពាល់ដល់បរិស្ថាន​ទាំង​មូល។

ប៉ុន្តែរដ្ឋាភិបាលកំពុងបើកយុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើនេះហើយ តែមិនបានប្រកាសលទ្ធផលនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ