នៅក្នុងកិច្ចប្រជុំរវាងពលរដ្ឋនិងម្ចាស់គម្រោង (ADB) ដើម្បីពិភាក្សាពីផលប៉ះពាល់នៃការអភិវឌ្ឍន៍គម្រោងប្រព័ន្ធធារាសាស្ត្រក្នុងឃុំទីពោ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាឃុំ ប្រជាពលរដ្ឋដែលបានមកចូលរួមប្រជុំចំនួនបីភូមិ គឺភូមិនិម្មិត ភូមិទីពោ និងភូមិថ្មី សរុបប្រមាណ២០គ្រួសារ បានសំដែងការមិនឯកភាពចំពោះគម្រោងអភិវឌ្ឍន៍នេះទេ។
ពួកគាត់បានលើកឡើងថា ពួកគាត់ចង់ទុកទឹកហូរតាមធម្មតាដូចសព្វថ្ងៃ គឺវាប្រសើជាងធ្វើប្រឡាយ ព្រោះភ្លៀងមកទឹកហូរពេញស្រែ កាលណាធ្វើប្រឡាយ ទឹកនៅក្នុងតែប្រឡាយពុំមានក្នុងស្រែទេ។
ប៉ុន្តែលោក ហង់ សុខុម មន្ត្រីធារាសាស្ត្រស្រុកសន្ទុកបានមានប្រសាសន៍ពន្យល់ថា ពេលមានទឹកភ្លៀងមិនអីទេ ប៉ុន្តែបើពេលរាំងស្ងួតវិញ តើយើងបានទឹកឯណា តែបើយើងមានប្រឡាយយើងអាចទាញយកទឹកពីអាងស្តុបទឹកតាំងក្រសាំង ហើយយើងធ្វើនេះក៏ដើម្បីអនាគតកូនចៅជំនាន់ក្រោយផងដែរ។
ទោះជាយ៉ាងណា ការអ៊ូររទាំរបស់ប្រជាកសិករនៅតែមាន ហើយពួកគាត់មិនយល់ព្រមសូម្បីតែចុះហត្ថលេខាលើបញ្ជីវត្តមាន ក៏មិនព្រមចុះដែរព្រោះខ្លាចគេធ្វើប្រឡាយ។
ចុងក្រោយ លោក ហង់ សុខុម បានស្នើទៅដល់ម្ចាស់គម្រោងឲ្យពន្យារពេលកុំអាលធ្វើសិន៕
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ជៀម វឿន