អ្នក​ភូមិ​ជិត​៤០​នាក់​​នៅ​ខេត្ត​កំពង់ចាម តវ៉ា​ជំទាស់​ទៅ​នឹង​ការ​សង់​បង្គោល​ភ្លើង

ប្រជា​ពលរដ្ឋ​ជិត ៤០​នាក់ មក​ពី​ស្រុក​កំពង់សៀម បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​គេហដ្ឋា​ន​​អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បីស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការ​សាង​សង់​បង្គោល​ភ្លើង នៅ​ក្នុង​ឃុំ​សំបួមាស។

ប្រជា​ពលរដ្ឋ​មក​​ពី​ស្រុក​កំពង់សៀម អ្នកស្រី មិត្ត គឹមថា បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា រដ្ឋាភិបាល​បាន​សង់​បង្គោល​ភ្លើង​បញ្ជូន​ថាមពល​អគ្គិសនី​នៅ​ក្នុង​ស្រុក​នេះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្ទះសម្បែង និង​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​ជាង ៥០​គ្រួសារ។

អ្នកស្រី​បន្ថែម​ថា ការ​សាង​សង់​នេះ បាន​ប៉ះ​ពាល់​ដី​របស់​អ្នក​ស្រី​ជាង ៣០​ម៉ែត្រ និង​របង​ផ្ទះ​អ្នក​ស្រី​ផង​ដែរ ប៉ុន្តែ អ្នក​ស្រី​ថា រដ្ឋាភិបាល​មិន​បាន​ផ្ដល់​សំណង​សម​រម្យ​ដល់​ពួកគាត់​នោះ​ឡើយ។

លោក កាន់ វណ្ណធូ ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ម្នាក់​ទៀត បាន​ប្រាប់​ថា រដ្ឋាភិបាល​មិន​បាន​ជូន​ដំណឹង​ឲ្យ​ច្បាស់​លាស់​ដល់​ពួកគាត់​នោះ​ទេ ហើយ​ការ​ចរចារ​ផ្ដល់​សំណង​នៃ​ផល​ប៉ះ​ពាល់ ក៏​មិន​បាន​ទូលំ​ទូលាយដែរ។

លោក​បញ្ជាក់​ថា​៖ «ហៅ​ចរចារ​ម្នាក់​ម្តងៗ និយាយ​ទៅ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​កន្លង​មក​អត់​ទូលំ​ទូលាយ តាំង​ពី​ការ​បោះ​បង្គោល​ទី​តាំង​អត់​មាន​ហៅ​ប្រជុំ​ជា​លក្ខណៈ​ធំ​ដុំ​នៅ​សាលា​ឃុំ ឬ​សាលា​សង្កាត់ ឬ​នៅ​កន្លែង​ទី​តាំង​ណា​អត់​មាន គ្រាន់​តា​​អ្នក​ដែល​ប៉ះ​បង្គោល​ល្បង​ហ្នឹង ហៅ​គាត់​ឱ្យ​លុយ មិន​ប្រាប់​ថា​បង្គោល​ហ្នឹង​វា​ប៉ិន​មេច ត្រូវ​ប៉ះ​ពាល់​យ៉ាង​មេច ផល​ប៉ះពាល់​យ៉ាង​មេច សង​សំណង​ប៉ុណ្ណឹង​១.៨កាក់​យើង​ទទួល​យក​បាន​អត់ អត់​មាន​ទេ​។​ ព្រោះ​ខាង​ហ្នឹង​គាត់ (ពលរដ្ឋ​រង​ផលប៉ះពាល់​) មិន​ដែល​ឃើញ​ដែរ ពី​ដំបូង​គាត់​ស្មាន​ថាដូច​អា​បង្គោល​នៅ​មុខ​ផ្ទះ​គាត់​អា​ប៉ុន​ភ្លៅ​នោះ»

វីអូឌី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អភិបាល​រង​ខេត្ត​កំពង់ចាម ​លោក ជឹម លាវ​ ​ជុំ​វិញ​បញ្ហា​នេះ​បាននោះ​ទេ ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។

មន្ត្រី​អង្កេត​របស់​សមាគម​អាដហុក​​ប្រចាំ​ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី ដែល​បាន​តាម​ដាន​ករណី​នេះ​ បាន​ប្រាប់​វីអូឌី​ថា​ ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ទាំង​នោះ​បាន​ពឹងសមាគម​អាដហុក​ធ្វើ​ឯកសារ ​ដើម្បី​ដាក់​ទៅក្រសួង​ពាក់ព័ន្ធ​នានា​ដើម្បី​សុំអន្តរាគមន៍​។

លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ជា​ទូទៅ​ កាលណា​គម្រោង​របស់​រដ្ឋ​អី​ចឹង ​មាន​ច្បាប់​មួយ​គេ​ហៅ ​ច្បាប់​អាសានិករ។ អី​ចឹង​​រាល់​គម្រោង​ទាំង​អស់ ​ត្រូវ​ដក​ហូត​កម្មសិទ្ធិ​ឯក​ជន ឯកជន​របស់​រដ្ឋអី និតិបុគ្គល​សារធារណៈ​អីដក​បាន​ទាំង​អស់ ប៉ុន្តែ អសានិករ​នេះ ​នៅ​មាត្រា​ ២ ​គេធានា​ទូទាត់​សំណង​ជា​មុន​ដោយ​សមរម្យ​ដោយ​យុត្តិធម៌។ យុត្តិធម៌​យ៉ាង​មេច? ​ទាល់​តែ​គាត់​ព្រម​ព្រៀង​ដែរ សមរម្យ​ទៅ​តាម​តម្លៃ​ទីផ្សារ​អីចឹង​ណា​។​​ ការអភិវឌ្ឍន៍​ខ្សែ​បញ្ជូន​ថាមពល​អគ្គីសនី​នេះ​ត្រូ​វ​សង​មួយ​រយ​ភាគ​រយ​ក្នុង​មាត្រា ៥ នៃ​ច្បាប់​អសា​និករ​ហ្នឹង​»​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ