អូស្ត្រាលី និង​ឥណ្ឌូនេស៊ី​ប្រកាស​ស្ដារ​ទំនាក់​ទំនង​យោធា​ឡើង​វិញ​ក្រោយ​ផ្អាក​មួយ​រយៈ​ខ្លី

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull និង​ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo (រូបភាពពីទីភ្នាក់​ងារ​ Reuters)

ប្រទេស​អូស្ត្រាលី និង​ឥណ្ឌូនេស៊ី បាន​ប្រកាស​រួម​គ្នាថា ទំនាក់​ទំនង​យោធា​ដ៏​ពេញ​លេញ​​រវាង​ប្រទេសទាំង​ពីរ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ហើយ បន្ទាប់​ពី​យោធា​ឥណ្ឌូនេស៊ី បាន​ផ្អាក​កិច្ច​សហ​ប្រតិបត្តិការ​កាល​ពី​ខែ​មករា​កន្លង​មក ដោយ​សារ​សម្ភារៈ​បង្រៀន​មាន​លក្ខណៈ​ជេរ​ប្រមាថ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឯ​មូលដ្ឋាន​មួយ​របស់​អូស្ត្រាលី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull បាន​ប្រកាស​បែប​នេះ​រួម​គ្នា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​នៅ​​អូស្ត្រាលី​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក Turnbull បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីក្រុង​ស៊ីដនី​ថា ប្រធានាធិបតី Widodo និង​រូប​លោក បាន​ឯកភាព​ទៅ​លើ​ការ​ស្ដារ​ឡើង​វិញ​នូវ​កិច្ចសហការ​ខាង​វិស័យ​ការពារ​ជាតិ ការ​ផ្លាស់ប្ដូរ​ការ​ហ្វឹកហាត់ និង​សកម្មភាព​នានា។

ដំណើរ​ទស្សនកិច្ច​របស់​លោក Widodo ទៅ​កាន់​អូស្ត្រាលី បាន​កើត​ឡើង​មិន​ដល់​ ២​ខែ​ផង ក្រោយ​ពី​ទំនាក់​ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ផ្អាក ដែល​ករណី​នេះ បាន​ជំរុញ​ឲ្យ​មាន​វិវាទ​កាទូត​បន្តិច​បន្តួច និង​នាំ​ទៅ​រក​ការ​ថ្លែង​សុំ​ទោស​ពី​ប្រមុខ​កង​ទ័ព​អូស្ត្រាលី​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ។ កិច្ច​សហ​ប្រតិបត្តិការ​ខាង​វិស័យ​យោធារវាង​ប្រទេស​ទាំង​ពីរ មាន​ចាប់​ពី​ការ​ហ្វឹកហាត់​រួម​គ្នា និង​កិច្ច​សហ​ប្រតិបត្តិការ​ខាង​ប្រឆាំង​ភេរវកម្ម រហូត​ដល់​ការការពារ​ព្រំដែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ