សកម្មជន​ដី​ធ្លី​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ តែ​ទៅ​គាំ​ទ្រ​អ្នកស្រី ទេព វន្នី នៅ​សាលា​ឧទ្ធរណ៍

សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅនៅជិតរង្វល់មូលចោមចៅកាលពីពេលកន្លងទៅ (ដោយ លី បេទ្បា)

សកម្មជន​ដី​ធ្លី​ដែល​តែង​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​រៀង​រាល់ថ្ងៃ​ច័ន្ទ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី​គ.ជ.ប សកម្មជន​ដី​ធ្លី អ្នក​ស្រី​ទេព វន្នី និង​​រក​យុត្តិ​ធម៌​សម្រាប់​​លោក កែម ឡី នោះ នឹង​ផ្អាក​យុទ្ធនាការ​​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​របស់​ពួកគេ​នៅ​ថ្ងៃ​ស្អែក​នេះ។

កញ្ញា សុង ស្រីលាភ សកម្មជន​ដី​ធ្លី​បឹង​កក់​ បាន​ប្រាប់​វីអូឌី​នៅ​រសៀល​ថ្ងៃ​នេះ​ថា ​សកម្មជន​ដីធ្លី​នៅ​បឹង​កក់​នឹង​ផ្អាក​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​មួយ​សប្តាហ៍​សិន ព្រោះ​ពួកគាត់​ត្រូវ​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​ចាំ​ស្តាប់​សាល​ក្រម​ករណី​​អ្នកស្រី ទេព វន្នី ​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ​។

អ្នក​ស្រី​បាន​បញ្ជាក់​ថា៖ «តាំង​ពី​យើង​ចូល​រួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ គឺ​យើង​មិន​បាន​ទទួល​លទ្ធផល​យុត្តិ​ធម៌​អ្វី​សំរាប់​ពួក​គាត់​​ ឬក៏​អង្គការ​សង្គម​ស៊ីវិល ឬ​ក៏​អ្នក​ស្រី​ ទេព​ វន្នី ​ទេ ប៉ុន្តែ​ អ្វី​ដែល​យើង​ទទួល​បាន​ គឺ​ការ​គាំទ្រ ហើយ​មួយ​ទៀត​ យើង​បាន​ធ្វើ​សកម្មភាព​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ចំពោះ​គាត់​ដែល​ជាប់​ពន្ធនាគារ​ដោយ​មិន​បាន​ធ្វើ​អ្វី​ខុស ហើយឱ្យពួកគាត់ជាមនុស្សបរិសុទ្ធ។ បើពួកគាត់មិនមែនជាមនុស្សបរិសុទ្ធ ពួកខ្ញុំជាសហគមន៍ គឺមិនអាចគាំទ្រគាត់បានទេ។ អីចឹងសកម្មភាពនេះ ទោះបីមិនបានលទ្ធផលពីសំណាក់រដ្ឋាភិបាល និងតុលាការ ប៉ុន្តែ យើងបានលទ្ធផលលើកទឹកចិត្តពួកគាត់ បញ្ជាក់ថា គាត់មិនឯកការ ហើយពួកយើងនៅតែគាំទ្រគាត់ ហើយសបញ្ជាក់មួយទៀត គឺភាពស្អាតស្អំរបស់គាត់»។

កញ្ញា​បន្ថែម​ថា ​បើ​ទោះ​ជា​ថ្ងៃ​ស្អែក​នេះ​ តុលាការ​សាលា​ឧទ្ធរណ៍​មិន​ទំលាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​ស្រី​ ទេព វន្នី ​ក៏ដោយ ក៏​​ពួក​គាត់​នឹង​បន្ត​ទាមទារ​ទម្លាក់​​ការចោទ​ប្រកាន់​នេះ​ទៅ​តុលា​កំពូល​បន្ត​ទៀត​។

កញ្ញា​ថា សហគមន៍​បឹងកក់ នឹងបន្តការដាក់ញ្ញត្តិសុំកិច្ចអន្តរាគមន៍ពីក្រសួងនានា និងស្ថានប័ន​របស់រដ្ឋាភិបាល និងស្ថានទូត​មួយចំនួនទៀតនៅកម្ពុជា ដើម្បី​ជំរុញឱ្យមានយុត្តិធម៌​នៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ