សមត្ថកិច្ចនៅខណ្ឌជ្រោយចង្វានៅព្រឹកថ្ងៃសៅរ៍នេះ បានបំបែកក្រុមយុវជនមួយក្រុមមានគ្នាប្រមាណ១០នាក់ ដែលទាមទារឲ្យលោកកឹម សុខា បកស្រាយខ្សែអាត់សំឡេង ខណៈក្រុមនេះ ប៉ះពាក្យសម្តីជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
នៅព្រឹកថ្ងៃសៅរ៍នេះ យុវជនមួយក្រុមបានប្រើឧបករណ៍បំពងសំឡេង ស្រែកនៅក្បែរកន្លែងដែលគណបក្សសង្គ្រោះជាតិរៀបចំសន្និបាតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា តាមបណ្តោយផ្លូវជាតិលេខ៦ ដើម្បីទាមទារឲ្យលោក កឹម សុខា បកស្រាយខ្លឹមសារនៃខ្សែអាត់សំឡេង។
ក្នុងពេលដែលយុវជនមួយក្រុមស្រែកទាមទារមួយព្រឹកដល់ម៉ោងជិតថ្ងៃត្រង់ក៏បានប៉ះពាក្យសម្តីជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលអាចប្រឈមនឹងមានហិង្សាផ្ទុះឡើង។ ក្នុងពេលនោះសមត្ថកិច្ចក៏បានចេញមុខសម្របសម្រួល ហើយបង្ខំយុវជនមួយក្រុមនោះឲ្យចាកចេញទៅកន្លែងផ្សេងវិញ។
ក្រោយពីការតវ៉ាជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និង សមត្ថកិច្ច យុវជនប្រមាណ១០នាក់នោះក៏បានបើករថយន្តរបស់ពួកគេចេញដោយមិនមានហិង្សាកើតឡើងទេ៕