លោក សុខ ទូច អះ​អាង​ថា កម្ពុជាលែងមានការ​កាប់ព្រៃឈើទៀតហើយ

លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ​បាន​ថ្លែងថា ប្រទេសកម្ពុជា​មិនមែនជាប្រទេសដែលបំផ្លាញបរិស្ថានទេ គឺមានតែបរិស្ថានល្អ និងឧស្សាហកម្មគ្មានផ្សែង ដោយថា ចាប់ពីពេលនេះ លែងមាន​ការកាប់បំផ្លាញព្រៃឈើទៀតហើយ។

លោក សុខ ទូច បានថ្លែងបែបនេះនៅក្នុងពិធីបិទ​បញ្ជប់​នៃ​ទិវាចម្លាក់ឈើអន្ដរជាតិឆ្នាំ២០១៨ ដែលត្រូវ​បាន​រៀបចំ​ធ្វើឡើងនៅខេត្ដសៀមរាប កាលពីល្ងាចម្សិលមិញ។

លោក សុខ ទូច មានប្រសាសន៍ថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានផ្ដល់ដីដល់រាជបណ្ឌិត្យសភាកម្ពុជាចំនួន ១ លាន ១ពាន់ហិកតា ដោយលោកថា សម្រាប់ដាំឈើជាងមួយលានដើម​ក្នុងរយៈពេល ៥ឆ្នាំ។

លោកបានបន្ដថា លោកគ្រោងដាំដើមឈើជាងមួយសែនដើមនៅខែឧសភាឆ្នាំ២០១៨នេះ ដែលក្នុងនោះមាន ១សែនដើមបានមកពីក្រុមចម្លាក់ឈើអន្ដរជាតិ លើផ្ទៃដី៥០ហិកតានៅខេត្ដព្រះវិហារ។

លោកបានបន្ដថា ប្រទេសកម្ពុជាមិនមែនជាប្រទេសបំផ្លាញបរិស្ថាននោះទេ គឺប្រទេសនេះមានដើមឈើ និងបរិស្ថានល្អៗ ដោយលោកថា ចាប់ពេលនេះ ប្រទេសកម្ពុជាលែងមានពាក្យថាកាប់ឈើទៀតហើយ។

ប៉ុន្ដែ លោកបានជម្រុញឲ្យ​មានការដាំកូនឈើទុកឲ្យ​យុវជនជំនាន់ក្រោយថែរក្សាផងដែរ។

កាលពីដើមខែមីនាកន្លងមកនេះ  លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា ព្រៃឈើដែលរងការហិនហោច គឺដោយសារបក្សប្រឆំាង ដោយថា មិនមែនដោយសារតែលោកដឹកនាំប្រទេសនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ