ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​នៅ​ហ្វីលីពីន​សម្លាប់​ចំណាប់​ខ្មាំង​ជនជាតិ​កាណាដា​ម្នាក់

ជនជាតិ​កាណាដា​ឈ្មោះ​ John Ridsdel (រូបភាពពី AFP)

នាយករដ្ឋមន្ត្រីកាណាដាបានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមសកម្មប្រយុទ្ធឥស្លាមនៅក្នុងប្រទេសហ្វីលីពីនបានសម្លាប់បុរសជនជាតិកាណាដាម្នាក់ដែលក្រុមនេះបានចាប់ជាចំណាប់ខ្មាំងអស់រយៈពេលជាច្រើនខែមក ដើម្បីជំរិតទារប្រាក់។

សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃចន្ទអាជ្ញាធរហ្វីលីពីនបានរកឃើញក្បាលរបស់ជនបរទេសម្នាក់នៅលើកោះដាច់ស្រយាលមួយ។ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានបញ្ជាក់ថា ជនបរទេសនោះជាជនជាតិកាណាដាឈ្មោះ John Ridsdel ដែលត្រូវបានក្រុមសកម្មប្រយុទ្ធឥស្លាមចាប់ខ្លួនកាលពីខែកញ្ញាកាលពីឆ្នាំមុនដើម្បីជំរិតទារប្រាក់។

លោក Justin Trudeau បានហៅការប្រហារជីវិតពលរដ្ឋរបស់ខ្លួនដោយពួកសកម្មប្រយុទ្ធឥស្លាមនោះថាជា ឃតកម្មឈាមត្រជាក់

កាលពីខែកញ្ញា ឆ្នាំ២០១៥ លោក John Ridsdel និងបុរសជនជាតិរួមជាតិកាណាម្នាក់ ទៀតព្រមទាំងបុរសជនជាតិណរវសម្នាក់  និងស្ត្រីជនជាតិហ្វីលីពីនម្នាក់ ត្រូវបានក្រុមសកម្មប្រយុទ្ធឥស្លាមចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងពីនាវាមួយក្បែរទីក្រុងដាវ៉ៅ (Davao)។ ពួកគេត្រូវបាននាំខ្លួនទៅកាន់កោះ Jolo ចម្ងាយប្រមាណ១០០០គីឡូម៉ែតពីទីក្រុងម៉ានីល។

ក្រុមខ្មាន់កាំភ្លើង អាប៊ូ សាយ៉ាស់ (Abu Sayyaf) បានបញ្ចេញវីដេអូឃ្លីបជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម បង្ហាញពីចំណាប់ខ្មាំងទាំងនោះនៅក្នុងព្រៃមួយ ដោយទាមទារប្រាក់២១លានដុល្លារសម្រាប់ជនបរទេសម្នាក់។ ក្នុងខ្សែវីដេអូនោះបុរសបរទេសទាំង៣នាក់ត្រូវបានគេបង្ខំឲ្យធ្វើការអង្វរករឲ្យមានការជួយសង្គ្រោះជីវិតពួកគេ។

លោក Ridsdel ដែលជានិវត្តជនម្នាក់អាយុ៦០ឆ្នាំ បាននិយាយនៅក្នុងវីដេអូចុងក្រោយគេថា លោកនឹងត្រូវគេសម្លាប់នៅថ្ងៃទី២៥ ខែមេសា ប្រសិនគ្មានប្រាក់ចំនួន៦លានដុល្លារដើម្បីលោះរូបលោកនោះទេ។

ប៉ុន្មានម៉ោងបន្ទាប់ពីឱសានវាទបានផុត នគរបាលហ្វីលីពីនបានរាយការណ៍ថាបុរសពីនាក់បានយកក្បាលមួយទៅទម្លាក់ចោលនៅក្បែរសាលាក្រុងមួយលើកោះ Jolo ដែលជាកោះគ្មានច្បាប់ទម្លាប់និងជាតំបន់កាន់កាប់មួយក្នុងចំណោមតំបន់ដែលកាន់កាប់ដោយក្រុម អាប៊ូ សាយ៉ាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ