ក្រសួង​សុខា​ភិបាលអំពាវនាវ​ឲ្យ​​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ននឹង​ជំងឺ​ដែល​កើត​មក​ពី​អាកាស​ធាតុ​ក្តៅ

ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសកុមារនិងជនចាស់ជរា ប្រុងប្រយ័ត្ននិងការពារពីជំងឺដែលអាចកើតមានដោយសារអាកាសធាតុក្តៅខ្លាំងដែលមានផលប៉ះពាល់អាចបណ្តាលឲ្យស្លាប់បាន។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៦ មេសា ក្រសួងសុខាភិបាលបានឲ្យដឹងថាដោយសារមានការប្រែប្រួលអាកាសធាតុ ប្រទេសកម្ពុជាមានការកើនឡើងកម្តៅខុសពីធម្មតាដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្លាប់ ដោយសារជំងឺបេះដូងនិងសួតនិងមានជំងឺឆ្លងផ្សេងៗឬខ្វះចំណីផងដែរដោយសារមានភាពរាំងស្ងួតមិនអាចធ្វើការដាំដុះបាន។ ក្រសួងបានអំពាវនាវឲ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះរោគសញ្ញាមួយចំនួនដូចជាអស់កម្លាំងដោយសារកម្តៅថ្ងៃ ការប៉ះពាល់សសៃឈាមក្នុងខួរក្បាល ជំងឺស្បែកឡើងក្រហម-ក្តៅ និងស្ងួត ឈឺក្បាល វិលមុខ ធីងធោង បាត់បង់ការបញ្ចេញញើស ខ្សោយសាច់ដុំឬរមួលក្រពើ ក្អួត-ចង្អោរ បេះដូងដើរញាប់ ដកដង្ហើមញាប់និងថប់ៗ មានការផ្លាស់ប្តូរអត្តចរិតដូចជាវង្វេងវង្វាន់និងដើរទ្រេតទ្រោត ហើយអាចបាត់បង់ស្មារតី ខួចខួរក្បាល ឬអាចបាត់បងជីវិតផងដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យ ត្រូវស្ថិតនៅក្នុងទីជម្រកត្រជាក់ឬម្លប់ ជាពិសេសត្រូវពិសារទឹកឲ្យបានច្រើននិងនៅពេលដែលធ្វើការនៅក្រោមកម្តៅថ្ងៃត្រូវស្លៀកពាក់សម្លៀកបំពាក់ណាដែលស្រាលៗនិងមានពណ៌ស្រាលឲ្យរលុងនិងត្រូវពាក់មួកការពារកម្តៅ។

ក្រសួងបានឲ្យដឹងទៀតថាក្នុងការជួយសង្គ្រោះបឋមចំពោះអ្នកដែលរងផលប៉ះពាល់នៃកម្តៅនេះគឺត្រូវដាក់អ្នកជំងឺឲ្យសម្រាកឲ្យនៅក្រោមម្លប់ត្រជាក់ឬអគារឬបន្ទប់ត្រជាក់ ដោយលើកជើងឡើងលើបន្តិច ត្រូវដោះ ឬបន្ធូរសម្លៀកបំពាក់អ្នកជំងឺនិងត្រូវដណ្តប់ក្រណាត់ត្រជាក់និងដាក់កន្សែងត្រជាក់នៅត្រង់ក ក្រោមក្លៀក និងក្រលៀនទាំងពីរនិងត្រូវឲ្យអ្នកជំងឺពិសារទឹកឬទឹកដែលមានជាតិអេឡិចត្រូលីត ដោយជៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនឬស្រា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ