សម្តេចម៉ែណែនាំ​ឲ្យ​ផ្សព្វផ្សាយ​​ផ្លូវរថភ្លើងពីភ្នំពេញ-ក្រុងព្រះសីហនុជាសមិទ្ធផលរបស់សម្តេចសីហនុ

ព្រះបរមរាជវាំងបានសរសេរលិខិតមួយទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំទៅក្រសួងព័ត៌មានឲ្យផ្សព្វផ្សាយថាផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុក្នុងសម័យសង្គមរាស្រ្តនិយម។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២២ ខែមេសា ព្រះបរមរាជវាំងបានជម្រាបមកនាយករដ្ឋមន្រ្តីថាយោងតាមព្រះរាជសវនីយ៍(សម្តី)របស់សម្តេចម៉ែ ផ្លូវរថភ្លើងពីភ្នំពេញទៅកាន់កខេត្តព្រះសីហនុ ត្រូវបានកសាងឡើងដោយព្រះបាទនរោត្តមសីហនុ ក្នុងសម័យសង្គមរាស្រ្តនិយម ពុំមែនកសាងឡើងក្នុងសម័យអាណានិគមបារាំងនោះទេ។ លិខិតក៏បានបញ្ជាក់ថាព្រះបរមរតនកោដ្ឋបានដឹកនាំមន្រី្តរាជការ ប្រជានុរាស្រ្តនិងយុវជនកសាងឡើង ដូចមានការចុះផ្សាយក្នុងទស្សនាដីកម្ពុជាសង្គមរាស្រ្តនិយម។

លិខិតបញ្ជាក់ថា៖ “ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ជាស្នាដៃដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈបូជាដ៏ខ្ពង់ខ្ពស់បំផុតក្នុងសម័យសង្គមរាស្រ្តនិយម ពុំមែនកសាងឡើងនៅក្នុងសម័យអាណានិគមបារាំងឡើយ។ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មេត្តាចាត់ឲ្យក្រសួងព័ត៌មានផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយ “។

គួរបញ្ជាក់ផងដែរថាផ្លូវរថភ្លើងភ្នំពេញព្រះសីហុនត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៦០ដល់ឆ្នាំ១៩៦៩ក្នុងសម័យសង្គមរាស្រ្តនិយម  ដែលមានប្រវែង២៦៦គីឡូម៉ែត្រ។ ផ្លូវរថភ្លើងនេះត្រូវបានដាក់ឲ្យប្រើប្រាស់ឡើងវិញកាលពីពេលថ្មីៗនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ