អាជ្ញាធរចាប់ខ្លួនអ្នកមានជម្លោះដីធ្លីមិនឲ្យដាក់ញត្តិនៅធនាគារពិភពលោក

ស្រ្តីជាសកម្មជនដីធ្លី៨នាក់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ខ្លួននៅព្រឹកថ្ងៃពុធនេះ ខណៈពួកគេប្រមូលផ្តុំគ្នាដាក់ញត្តិនៅធនាគារពិភពលោក។

អ្នកមានជម្លោះដីធ្លីមកពី៤សហគមន៍ គ្រោងនាំគ្នាដាក់ញត្តិ នៅធនាគារពិភពលោក និង ក្រសួងរៀបចំដែនដីដើម្បីសុំឲ្យស្ថាប័នទាំងពីរនោះជួយដោះ ស្រាយវិវាទដីធ្លីរបស់ពួកគេ។

ប៉ុន្តែ កញ្ញា អ៊ីម ស្រីទូច អតីតពលរដ្ឋបឹងកក់ ប្រាប់វីអូឌីថា ខណៈពេលដែលពលរដ្ឋកំពុងប្រមូល ផ្តុំគ្នានៅមុខធនាគារពិភពលោកនោះ ស្រាប់តែក្រុមសន្តិសុខខណ្ឌដូនពេញនិងសមត្ថកិច្ចមួយចំនួនចូលមកចាប់អូសពួកគាត់ និងសំភារៈផ្សេងៗដាក់ឡានយកទៅ ទំលាក់ចោលក្រោយរូបសំណាកយាយពេញ ក្បែរស្ថានទូតអាមេរិក។

កញ្ញាបន្តថា ក្រោយពីទំលាក់ពួកគាត់ចោលហើយអាជ្ញាធរបានរារាំងមិនឲ្យពួកគាត់ទៅដាក់ញត្តិបន្តទៀតឡើយ។

កញ្ញាបន្ថែមថា«ពួកយើងព្រឹកម៉ិញហ្នឹងមានគោលបំណងដាក់ញត្តិទៅធានាគារពិភពលោកគឺ ពួកយើងទាមទារឲ្យធានាគារពិភពលោកហ្នឹង ជំរុញទៅរដ្ឋាភិបាលឲ្យដោះស្រាយសំណង បន្ថែមដូចថាគ្រួសារខ្លះទាមទារសំណងបន្ថែម២ម៉ឺនដុល្លារ និងគ្រួសារខ្លះទៀតទាមទារឲ្យរដ្ឋា ភិបាលដោះស្រាយលំនៅឋាន៤គុណ១៨នៅតំបន់បឹងកក់ ប៉ុន្តែជាក់ស្តែងពួកយើងមិនទាន់ បានដាក់ញត្តិ ហើយមន្រ្តីធានាគារពិភពលោកមិនទាន់ចេញមកទទួលញត្តិផង តែត្រូវកំលាំង សន្តិសុខខណ្ឌដូនពេញ និងសមត្ថកិច្ចហ្នឹងចាប់ពួកយើងដាក់ឡាន ហើយដឹកយកមកដាក់នៅ យាយពេញនេះហើយឆ្លៀនរារាំងពួកយើងមិនឲ្យទៅណាទៀត»។

ពលរដ្ឋម្នាក់ទៀតនៅសហគមន៍បុរីកីឡា អ្នកស្រី ង៉ូវ ណារី ឲ្យដឹងថា ពលរដ្ឋ៨នាក់ដែលអាជ្ញា ធរចាប់ខ្លួននោះមានពលរដ្ឋបុរីកីឡា៣នាក់ ពលរដ្ឋបឹងកក់៤នាក់ និងពលរដ្ឋមកពីសហគមន៍ ព្រលានយន្តហោះម្នាក់ រួមទាំងម៉ូតូចំនួនពីរគ្រឿងផងដែរ។

អ្នកស្រីថា រហូតមកម៉ោងជិត ១១នេះអាជ្ញាធរមិនទាន់ប្រគាល់ម៉ូតូជួនពួកគាត់វិញទេ។

អ្នកស្រីបន្ថែមថា «ខ្ញុំមិនដឹងដែរពួកខ្ញុំសួរគាត់ដែរថាហេតុអីចាប់ពួកខ្ញុំមកចាក់ចោលអញ្ចឹងពួកខ្ញុំគ្រាន់តែដាក់ញត្តិតើ ប៉ុន្តែពួកគាត់មិនឆ្លើយតប់នឹងយើងទេ។ ខ្ញុំយល់ការចាប់ពួកខ្ញុំនេះគឺជា ការបិទសិទ្ធិសេរីភាពពួកខ្ញុំពេញទំហឹងហើយ និងអយុត្តិធម៌សម្រាប់ពួកខ្ញុំខ្លាំងណាស់ ព្រោះគេប្លន់យកដីពួកខ្ញុំ ហើយចាប់ម្ចាស់ដីដាក់គុកទៀត»។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី មានប្រសាសន៍ថា មូលហេតុដែល អាជ្ញាធរចាប់អ្នកមានជម្លោះដីធ្លីចេញពីមុខធនាគារពិភពលោក ដោយសារពលរដ្ឋទាំងនោះមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ។

លោកបន្តថា កន្លែងដែលពលរដ្ឋដាក់ញត្តិនោះជាប់ផ្លូវដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់ ហើយដើម្បីធានាសុវត្ថិភាពគណៈប្រតិភូ អាជ្ញាធរបានសុំឲ្យពលរដ្ឋចេញឆ្ងាយសិន ប៉ុន្តែលោកថាពលរដ្ឋមួយចំនួនមិនព្រមស្តាប់ទើបអាជ្ញាធរចាប់យកទៅដាក់កន្លែងផ្សេងមួយរយៈសិន។

លោកបន្ថែមថា «នៅកន្លែងផ្លូវដែលពួកគាត់ដាក់ញត្តិហ្នឹងគឺត្រូវមានក្បួនប្រតិភូជនខ្ពស់ត្រូវឆ្លងកាត់ ហើយពេលហ្នឹងខាងអាជ្ញាធរខណ្ឌគាត់បានស្នើឲ្យពលរដ្ឋហ្នឹងថយចេញឆ្ងាយពីមុខហ្នឹងបន្តិច ព្រោះខ្លាចមានអីកើតមានពាក់ព័ន្ធនឹងការងារសន្តិសុខសុវត្ថិភាពជូនប្រតិភូ ប៉ុន្តែពលរដ្ឋមួយចំនួនគាត់ព្រមស្តាប់ដូចជានៅសលប្រហែល៧ទៅ៨នាក់នៅតែមិនស្តាប់ហើយអាជ្ញាធរ យើងក៏បង្ខំចិត្តនាំពួកគាត់ចេញពីទីតាំងហ្នឹងទៅ»។

នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានសម្តែងការសោកស្តាយចំពោះវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញនេះ ដោយលោកថាបើពលរដ្ឋគ្រាន់តែដាក់ញត្តិមិនប៉ះពាល់អ្វីនោះទេ។

លោកថា អាជ្ញាធរ និងពលរដ្ឋគួរសម្របសម្រួលតាមសន្តិវិធីដើម្បីបញ្ចប់ជម្លោះជាជាងបង្កឲ្យ មានបញ្ហាវែងឆ្ងាយបែបនេះ ហើយលោកស្នើឲ្យអាជ្ញាធរប្រគាល់សំភារៈដូចជាម៉ូតូនិងឧបករណ៍ផ្សេងៗជូនពលរដ្ឋវិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ