ចិន​ដាក់​ឲ្យ​ដំណើរការ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដែល​ផលិត​ឡើង​ក្នុង​ស្រុក

ប្រទេស​ចិន នៅ​ថ្ងៃ​នេះ បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​នាវា​ផ្ទុក​យន្តហោះ​ផលិត​ក្នុង​ស្រុក​ជា​លើក​ដំបូង ខណៈ​ដែល​ប្រទេស​នេះ​ព្យាយាម​កែប្រែ​កង​ទ័ព​ជើង​ទឹក​របស់​ខ្លួន​ទៅ​ជា​កម្លាំង​មាន​សមត្ថភាព​ប្រយុទ្ធ​នៅ​លើ​សមុទ្រ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ AFP។

AFP បាន​ដក​ស្រង់​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ីនហួ ដែល​បាន​ផ្សាយ​ថា នាវា​នោះ​ត្រូវ​បាន​គេ​ទម្លាក់​ចុះ​ទឹក​នៅ​កំពង់ផែ​ទីក្រុង​ដាលៀន ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ចិន។

វា​គឺ​ជា​នាវា​ដឹក​យន្តហោះ​ទី​ពីរ​របស់​ប្រទេស​ចិន។ នាវា​ដឹក​យន្តហោះ​ទី​មួយ​ឈ្មោះ លាវនីង គឺ​ជា​នាវា​ចាស់​របស់​អតីត​សហភាព​សូវៀត ដែល​ត្រូវ​បាន​កសាង​ឡើង​កាល​ពី​ជាង ២៥​ឆ្នាំ​មុន។ នាវា​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​​នៅ​ក្នុង​កង​ទ័ព​ជើង​ទឹក​ចិន​កាល​ពី​ឆ្នាំ​២០១២ បន្ទាប់​ពីជួស​ជុល​ឡើង​វិញ​រួច​រាល់។

ក្រសួង​ការពារ​ជាតិ​ចិន បាន​និយាយ​កាល​ពី​មុន​ថា នាវា​ផ្ទុក​យន្ត​ហោះ​ថ្មី​នេះ មាន​ទម្ងន់​ ៥​ម៉ឺន​តោន និង​ប្រើ​ប្រាស់​​​ម៉ាស៊ីន​ដើរ​ដោយ​ចំហេះ​ធម្មតា មិន​មែន​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នោះ​ឡើយ។

នាវា​ថ្មី​នេះ ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ផ្ទុក​យន្ត​ហោះ​ចម្បាំង J-15 របស់​ចិន រួម​ជាមួយ​យន្តហោះ​ផ្សេង​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ