តុលាការជាន់ខ្ពស់លើកពេលសវនាការលើសកម្មជនបក្សប្រឆំាង

មេធាវី លោក ជួង ជូងី (រូបកាលពីពេលកន្លងទៅ)

តុលាការជាន់ខ្ពស់​​បានលើកពេលសវនាការ តា​មការស្នើសុំរបស់មេធាវីការពារក្តី​ឲ្យសកម្ម​ជន​បក្ស​ប្រឆំាង​ទំាង១១​នាក់ ពាក់ព័ន្ធនឹងហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ ​កាលពីឆ្នាំ២០១៤ ដោយថា​អវត្ត​មាន​ដើម​បណ្តឹង​​។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ប្លង់ សំណាង ប្រកាសនៅក្នុង​សវនាការ​នាព្រឹក​ថ្ងៃទី២​៦​ខែ​មេសា​នេះថា តុលាការ​លើកពេលសវនាការលើសំណុំរឿងនេះ​ តាមការស្នើសុំរបស់ក្រុមមេធាវីការពារក្តីឲ្យសកម្មជនបក្សប្រឆំាង​​​។ ប៉ុន្តែលោក​មិនបានបញ្ជាក់ថា នឹង​ បើក​សវនា​ការនៅពេលណាជាក់លាក់នោះទេ។

មេធាវី លោក ជួង ជូងី ក្នុងចំណោម៣រូបផ្សេងទៀត​ ដែល​ការពារក្តីឲ្យកម្មជនបក្សប្រឆំាងទំាង១១នាក់​ បាន​ថ្លែងប្រាប់អ្នកសារព័ត៌មានថា សវនការនៅថ្ងៃ​ពុធ​នេះ ​ពាក់ព័ន្ធនឹង​បណ្តឹងសុំបដិសេធ​ការ​សម្រេច​របស់​​​សាលា​ដំបូង​(បណ្តឹងសាលាទុក្ខសុំមោឃភាព​នីតិវិធី​សាលា​ដំបូង​​) កាល​ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០​១៥ ដែលផ្តន្ទាទោស​កូនក្តីលោកពី៧ទៅ២០ឆ្នាំ ករណីហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ។

ប៉ុន្តែ​លោក ជូងី អះអាងថា ដោយពុំឃើញ​មាន​វត្តមាន​ដើម​បណ្តឹង​រដ្ឋប្បវេណី ដែលប្តឹង​កូនក្តី​លោក​ចូល​បំភ្លឺក្នុងនាមជាសាក្សីក្នុង​​បន្ទប់​សវនា​ការ ទើបក្រុមមេធាវី​ស្នើទៅសាលាឧទ្ធរណ៍លើកពេល​សវនា​ការ។ ករណីនេះ លោកបាន​ពន្យល់​តាម​នីតិវិធី​ច្បាប់​ដូចនេះ​ថា «កូនក្តីខ្ញុំ ក៏ដូចខ្ញុំជាមេធាវីរកឃើញថាសវនាការ​កាល​ពីថ្ងៃទី២១កក្កដា ឆ្នាំ២០១៥នៅសាលាដំបូងរាជធានីភ្នំពេញ​ប្រព្រឹត្តទៅដោយ​ខុស​ច្បាប់ដោយ​អត់មាន​មេធា​វី ប៉ុន្តែពេលនោះ​ មានដើមបណ្តឹង​៤១រូប[សន្តិសុខខ័ណ្ឌដូនពេញ​]​ចូលរួម អញ្ចឹងគាត់ទៅជាសាក្សី ហើយ​​បើសិនជាគាត់នៅតែមិនចូល នេះគឺជាកាតព្វកិច្ចរបស់តំណាង​អយ្យការអមសាលាឧទ្ធរណ៍ថា​តើ​គាត់​​ត្រូវ​បំពេញកាតព្វកិច្ចរបស់គាត់របៀបណា ខ្ញុំមានសិទ្ធិទទូច​ទាមទារ​ ប៉ុន្តែខ្ញុំអត់មានអំណាច​ចាប់​បង្ខំ​សាក្សីទេ ប៉ុន្តែតំណាង​មហាអយ្យការមានអំណាចចាប់បង្ខំ ក្នុង​រឿង​ឧក្រិដ្ឋ ក្នុង​រឿងព្រហ្មទណ្ឌ តំណាង​​មហា​អយ្យការមានសិទ្ធិចាប់បង្ខំសាក្សីមក​បំភ្លឺ ​បង្ហាញការពិត ពីព្រោះកន្លងមក​មាន​សាក្សី​[ករណី​លោក កឹម សុខា]ដែលត្រូវ​បានសាលាដំបូង​រាជធានីភ្នំពេញ​កោះហៅឲ្យចូលបំភ្លឺ បែរមិន​ចូលគាត់ផ្ត​ន្ទា​ទោស​​»​។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត យល់ថា ដើម្បីឲ្យការកាត់សេចក្តីប្រកបដោយយុត្តិធម៌និងតម្លាភាព តុលាការគួរតែកោះហៅគូភាគីនៅក្នុងសំណុំរឿងខាងលើនេះដើម្បីឲ្យបានចូលបំភ្លឺតតំាងគ្នានៅចំពោះមុខក្រុមប្រឹក្សាជម្រះក្តី។ លោកនិយាយ «អវត្តមាននៃភាគីណាមួយ វាធ្វើឲ្យចន្លោះប្រហោងនៃភាពយុត្តិធម៌ ខ្ញុំគិតថាតុលាការគួរតែកោះអញ្ជើញគ្រប់ភាគីឲ្យចូលរួមឲ្យបានគ្រប់គ្នា វាជាតម្លាភាព ហើយនឹងភាពយុត្តិធម៌ ហើយផ្លូវច្បាប់គឺតម្រូវអញ្ចឹង»។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១៥ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេច​ផ្តន្ទា​ទោស​សកម្មជនទាំង១១នាក់របស់គណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ទៅ២០ឆ្នាំក្រោមបទចោទចូលរួមនិងដឹកនាំកុប្បកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤។ ក្រោយមក​មេធាវីការពារក្តី បានប្តឹងទៅសាលាឧទ្ធរណ៍ និងតុលាការកំពូល ដើម្បី​​បដិសេធការសម្រេចរបស់​សាលា​ដំបូង ឬហៅថា​ស្នើសុំមោឃភាព​នីតិវិធីរបស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ដោយថាការសម្រេច​របស់​សាលា​ដំបូង​ធ្វើខុសនីតិវិធីច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ