រដ្ឋាភិបាលអាមេរិកគ្រោងផ្ដាច់ជំនួយមកកម្ពុជាទាំងស្រុង

ក្រុមបុគ្គលិក USAID កាលពីពេលកន្លងទៅ (រូបភាពពីគេហទំព័រ Foreign Policy)

ក្រសួងការបរទេសអាមេរិកឲ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងផ្ដាច់ជំនួយ មកកម្ពុជាទាំងស្រុងនៅឆ្នាំ២០១៨ខាងមុខ។

ឯកសារចំនួន១៥ទំព័រស្ដីពីថវិការបស់ក្រសួងការបរទេសអាមេរិក ដែលត្រូវបានចេញផ្សាយដោយគេហទំព័រ «គោលនយោបាយការបរទេស» កាលពីថ្ងៃទី២៤មេសាឆ្នាំ២០១៧ បង្ហាញថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងកាត់ផ្ដាច់ជំនួយធំៗចំនួន២ ដែលតែងផ្ដល់ឲ្យកម្ពុជា គឺផ្ដាច់ «ជំនួយអភិវឌ្ឍន៍» ដល់កម្រិតសូន្យនៅឆ្នាំ២០១៨ ដែលធ្លាក់ចុះពីចំនួន ៣៤,៥លានដុល្លារនៃកម្រិតចំណាយពិតប្រាកដ នៅឆ្នាំ២០១៦។ ចំណែក «មូលនិធិគាំទ្រសេដ្ឋកិច្ច» ក៏ត្រូវបានកាត់ផ្ដាច់ពីកម្ពុជាមួយរយភាគរយផងដែរ គឺធ្លាក់ចុះពី៨លានដុល្លារ នៅឆ្នាំ២០១៦។

បើតាមឯកសារដដែលនោះ ចំពោះ «កម្មវិធី​សុខភាព​ពិភព​លោក» ដែលគាំទ្រដោយក្រសួងការបរទេសអាមេរិក ក៏ត្រូវបានកាត់បន្ថយ១៨,៣ភាគរយ ខណៈជំនួយគាំទ្រដោយ USAID ក៏ត្រូវបានកាត់បន្ថយ ៣៧,៤ភាគរយ តាំងពីឆ្នាំ២០១៦។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Jay Raman ថាសុំមិនធ្វើការបកស្រាយចំពោះឯកសារទាំងនេះទេ។

បើតាមឯកសារដែលត្រូវបានផ្សាយលើគេហទំព័រគោលនយោបាយការបរទេស ការកាត់ផ្ដាច់ជំនួយទាំងនេះ គឺកើតចេញពីសំណើរបស់លោក ដូណាល់ ត្រាំ កាលពីខែមិនាឆ្នាំ២០១៧ ដែលចង់កាត់បន្ថយជំនួយអាមេរិកប្រមាណ១ភាគ៣ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ លើកឡើងថា ទោះបីចំនួនទឹកប្រាក់នៃជំនួយមិនមានទំហំច្រើនក្ដី ប៉ុន្ដែលោកថា ការកាត់ផ្ដាច់នេះអាចប៉ះពាល់ដល់ទំនាក់ទំនងការទូតប្រទេសទាំងពីរ។ លោកបន្ដថា កម្ពុជាក៏អាចរងផលប៉ះពាល់ផ្សេងទៀតដែរ ដោយលោកថា ប្រសិនបើប្រទេសផ្សេងទៀតដែលជាសម្ព័ន្ធមិត្ត យកលំនាំតាមអាមេរិក ដោយកាត់ផ្ដាច់ជំនួយរបស់ពួកគេមកកាន់កម្ពុជា។

លោកថា៖​ «បើយើងមើលទៅលើទៅប្រាក់នេះ វាមិនច្រើនទេ ប៉ុន្ដែបើនិយាយអំពីការខូចទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ជាចំណុចមួយគួរឲ្យចាប់អារម្មណ៍ ធ្វើឲ្យប៉ះពាល់ដល់ដែរដល់តម្រូវការមួយចំនួន ដែលក្រុមគោលដៅនៃគម្រោងទាំងអស់នេះ កំពុងតែប្រើប្រាស់។​ ផលប៉ះពាល់ផ្សេងទៀត បើសិនជាអាមេរិក ហើយនិងដៃគូផ្សេងៗ នៅអឺរ៉ុបគេនាំគ្នាធ្វើតាមអាមេរិកនោះ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​លោក សុខ ឥសាន យល់ថា ការកាត់ផ្ដាច់ជំនួយនេះជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាលអាមេរិកដោយលោកថាវាមិនប៉ះពាល់អ្វីដល់ទំនាក់ទំនងល្អរបស់ប្រទេសទាំងពីរទេ។

លោកមានប្រសាសន៍បន្ថែមថា ការកាត់ផ្ដាច់ជំនួយនេះអាចប៉ះពាល់ខ្លះដែរដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា និងមន្ដ្រីអង្គការសង្គមស៊ីវិលមួយចំនួន ដែលទទួលផលប្រយោជន៍ពីគម្រោងទាំងនោះ។

លោកថា៖ «អញ្ចឹងវាអាចប៉ះពាល់ខ្លះដែរដល់ជីវភាពប្រជាពលរដ្ឋ ព្រោះអង្គការក្រៅរដ្ឋាភិបាលហ្នឹង​យកទៅប្រើការងារខ្លះដែលពាក់ព័ន្ធនឹងមូលដ្ឋាន។​ ហើយបញ្ហាមួយទៀត អង្គការមួយចំនួនហ្នឹង ធ្វើការលើបញ្ហាសិទ្ធិមនុស្ស និងការងារលទ្ធិប្រជាធិបតេយ្យទេ អញ្ចឹងមិនប៉ះពាល់ដល់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅដល់ការធ្លាក់ចុះសេដ្ឋកិច្ច ឬប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិទេ»

ការប្រកាសផ្ដាច់ជំនួយដល់កម្ពុជានេះ កើតឡើងស្របពេលនៃដំណើរទស្សនកិច្ចរបស់លោក Patrick Murphy អនុរដ្ឋមន្ដ្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃអង្គារម្សិលមិញ។

បើតាមឯកសារបែកធ្លាយនេះ មិនមែនតែកម្ពុជាទេដែលត្រូវបានអាមេរិកកាត់ផ្ដាច់ជំនួយដល់កម្រិតសូន្យ ប៉ុន្ដែក៏មានប្រទេសឥណ្ឌនេស៊ី ថៃ ឡាវ និងហ្វីលីពីនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ