វិភាគ៖ ហេតុអ្វីវៀតណាមជំរុញបោះបង្គោលព្រំដែនឲ្យបានចប់មុនឆ្នាំ២០១៨?

(រូបភាពឯកសារ) បង្គោលព្រំដែនកម្ពុជា-វៀតណាម

ជាញឹកញាប់មេដឹកនាំវៀតណាម តែងតែជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យពន្លឿនការបោះបង្គោលព្រំដែន ឲ្យបានឆាប់​តា​ម​​​ដែ​​​លអាចធ្វើទៅបាន ពេលខ្លួនមកទស្សនកិច្ចនៅកម្ពុជា ទោះជាយន្តការកំពុង​ដំណើ​រការ​ទៅ​នោះ អ្នក​​នយោ​បាយខ្មែរ ខាងបក្សប្រឆាំងមិន​គាំទ្រ​ក៏​ដោយ។

ក្នុងដំណើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង សួនហ្វ៊ុក មកកាន់កម្ពុជា នៅសប្តាហ៍នេះ​ ក៏មានចុះកិច្ចព្រមព្រៀងមួយទៀតដោយជំរុញឲ្យបញ្ចប់ការបោះ​បង្គោ​លព្រំ​ដែ​ន ​មុនកម្ពុជាបោះឆ្នោតជាតិឆ្នាំ២០១៨ដែរ។

ក្រសួងការបរទេសកម្ពុជា ប្រកាសថា ក្នុងកិច្ចព្រមព្រៀងនោះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និង​នាយ​ករដ្ឋមន្ត្រីវៀតណាម លោក​ ង្វៀន​ សួនហ្វ៊ុក បានសរសើ​គ្នាទៅ​វិញ​ទៅ​មកថា ការបោះបង្គោល ​ព្រំដែ​ន​គោក បាន​​ប្រមា​​ណជា៨៤ភាគរយនេះ ថាជាការខំប្រឹងប្រែង ឈរលើមូល​ដ្ឋាននៃសន្ធិ​សញ្ញាកំណត់ព្រំដែន រវាង​ប្រ​ទេ​ស​ទាំងពីរ។

សេចក្តីថ្លែងការណ៍បញ្ជាក់ដែរថា «ភាគីទាំងពីរបានបញ្ជាក់​ពីការតាំងចិត្តបញ្ចប់កា​រងារដាំបង្គោលតម្រុ​យ​អ​ចិន្ត្រិ​យ៍ និ​ង​​ប​ង្គោលបំពេញបន្ថែម ក្នុងឆ្នាំ២០១៧»។

ប៉ុន្តែគណបក្សប្រឆាំងវិញ អះអាងផ្ទុយពីនេះ។ កន្លងទៅតំណាងរាស្ត្របក្សប្រឆាំងធ្លាប់ស្នើឲ្យរដ្ឋាភិបាលកម្ពុជាផ្អាក បោះ​បង្គោលនេះ ជាបណ្តោះអាសន្នសិន ដោយថារង់ចាំរកឯកសារនានាដែលសម្តេចព្រះ នរោត្តម សីហនុ តម្កល់​នៅអង្គ​ការ​សហប្រជាជាតិមកផ្ទៀងផ្ទាត់ ដើម្បីឲ្យប្រាកដថា ការបោះបង្គោលព្រំដែននោះធានាបូរណ​ភាពទឹកដី មិនបាត់បង់ដីទៅប្រទេសវៀតណាម។

ប៉ុន្តែជាលទ្ធផល តំណាងរាស្ត្រដែលសកម្មរិះគន់បញ្ហាព្រំដែន មានលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ត្រូវបានចាប់ឃុំខ្លួន រហូតដល់ពេលនេះ។

ករណីនេះត្រូវបានអ្នកឃ្លាំមើល លើកឡើងថា បញ្ហាព្រំដែន ជាអាវុធមុខពីរ ជា​​គ្រោះ​ថ្នាក់ សម្រាប់​អ្នកហ៊ានរិះគន់ និង​ជា​ថ្នាំបន្សាប ប្រជាប្រិយភាពរដ្ឋាភិ​បាលផងដែរ បើយន្តការបោះបង្គោលនោះ រដ្ឋាភិបា​ល​មិន​អាចពន្យ​ល់​ពលរ​ដ្ឋឲ្យ​ជឿទុកចិត្តបានទេនោះ។

បើការបោះបង្គោលព្រំដែន មានភាពចម្រូងចម្រាសបែបនេះ ហេតុអ្វីវៀតណាម ជំរុញឲ្យ​បក្សកាន់​អំណា​ច ​កំ​ណត់​ខ​ណ្ឌសីមា ឲ្យចប់មុនកម្ពុជា​រៀប​ចំបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បើគេអានប្រវត្តិសាស្ត្រខ្មែរ លោកថា វៀតណាម មិនដែលមានបំណងល្អមកលើកម្ពុជាម្តងណាទេ។

លោក សូ ចន្ថា លើកឡើងថា ការដែលវៀតណាមជំរុញ រដ្ឋាភិបាលកម្ពុជា ឲ្យពន្លឿនការបោះបង្គោលព្រំដែននេះ លោកវិភាគថា វៀតណាម អាចគិតពីភាពមិនច្បាស់លាស់ នៃការបន្តគ្រប់គ្រងអំណាច របស់គណបក្សប្រជាជនកម្ពុជា ក្រោ​​យ​ការបោះឆ្នោតជាតិ២០១៨។

កត្តាទីពីរ លោកវិភាគថា វៀតណាមអាចបារម្ភពីការខាតប្រយោជន៍ ដោយថា បើគណបក្សថ្មី ឡើងកាន់​អំណា​ច ក្រោយការបោះឆ្នោត អាចពិបាក ប្រើឥទ្ធិពលខ្លួន លើបញ្ហាបោះបង្គោលនេះ តាមអ្វីដែលវៀតណាមចង់បាន។

លោកថា៖ «ជាការពិតពេលបច្ចុប្បន្ន វៀតណាម នូវមានឥទ្ធិពលទៅលើរដ្ឋាភិបាលដែលដឹ​កនាំដោយបក្សកាន់អំណាច​។ អញ្ចឹងវៀតណាម ងាយក្នុងការពិភាក្សា ងាយក្នុងការជជែក ឬក៏ការជំរុញឲ្យមានការធ្វើ​ការរួមគ្នាក្នុងកា​របោះ​បង្គោលហ្នឹង។ ហើយ​អាចនិងមានផលចំណេញ ទៅវៀតណាផង ដោយសារតែ រដ្ឋាភិបាលស​ព្វថ្ងៃនៅតែរំឭកគុណវៀតណាម ដែល​បានជួយកម្ពុជា ពីអតីតកាលនោះ។ អញ្ចឹងមាន​ន័យថា វៀតណាម នៅតែមាន​ចំពោះរដ្ឋាភិបា​លបច្ចុប្ប​ន្ន។ ប៉ុន្តែបើសិនជាមានការផ្លាស់ប្តូររដ្ឋាភិបាលថ្មី អា​ចឥទ្ធិ​ពលវៀតណាមនឹងត្រូវកាត់ផ្តាច់ ឬក៏ថយ​ចុះក្នុង​កម្រិតណាមួយ។ អញ្ចឹងពេលនោះហើយដែលវៀតណាម ត្រូវ​​​ជំរុញការបោះបង្គោល ចំពេលដែលវៀតណាម កំពុ​ងមា​នឥទ្ធិពលនោះឲ្យចាប់នោះ»។

មួយវិញទៀត លោក សូ ចន្ថា វិភាគថា ការពន្លឿនឲ្យបញ្ចប់ការបោះ បង្គោលព្រំដែននេះ ក៏ជា សេនារីយូមួយទៀត ដែលវៀតណាម ចង់បង្កើតប្រជាប្រិយភាព គណបក្សប្រជាជន ឲ្យពង្រីកការអភិវឌ្ឍនៅតាមព្រំដែន ដើម្បី​ទាក់​ទាញប្រជាប្រិយភាព លុបលា​ងនូវសំ​ឡេ​ងរិះគន់កន្លងទៅ ក្រោយបង្គោលព្រំដែនទាំងអស់បោះហើយជាផ្លូវការ។

លោកថា៖ «រដ្ឋាភិបាលបច្ចុប្បន្នក៏ចង់បង្ហាញពីការដឹកនាំ ឬការរៀបចំព្រំដែនឲ្យមានការរីកចម្រើនផងដែរ ដើម្បីកុំឲ្យពលរដ្ឋមើលឃើញថាបញ្ហាព្រំដែននៅតែជាបញ្ហាបន្តទៀត ហើយអ្នកខាតបង់គឺបក្សកាន់អំណាច។ ក៏​ប៉ុន្តែបើទោះជាយ៉ាងនេះក្តី បើការបោះបង្គោលនោះមិនមានការឯកភាពគ្នា ជាលក្ខណបច្ចេកទេសនោះទេ ពេលនោះ​អ្វីដែលជាការខាតបង់ និងបញ្ហាដែលនៅតែបន្តកើតមានវាជាបញ្ហាប្រវត្តិសាស្ត្រ មានន័យថា តកូនត​ចៅទៅថ្ងៃមុខ នៅ​តែបន្ត​ចោទប្រកាន់​ នូវតែមានការលើកឡើងពីបញ្ហាព្រំដែន បញ្ហាទឹកដីជានិច្ច»។

ឯកសារខ្លះបញ្ជាក់ថា ​ក្រោយពីកម្ពុជាបានឯករាជ្យភ្លាម ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានដឹក​នាំ​ច​លនាដ៏ខ្លាំងក្លាមួយ អំពាវនាវឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់ព្រំដែនកម្ពុជា ដោយ​ឈ​រ​លើ​គោ​លកា​រណ៍ «​ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ»។

ឯកសារដដែលបញ្ជាក់ទៀតថា ជាលទ្ធផល ជម្លោះលើការជ្រើសរើសយកគោលការណ៍ ខ្សែរព្រំ​ដែន​មិន​កែ​​​ប្រែ រវាងក​ម្ពុជា និងវៀតណាម ត្រូវបានបញ្ចប់នៅឆ្នាំ១៩៦៤ នៅពេលដែល សម្តេចព្រះនរោត្តម សី​ហ​នុ​​ ព្រះ​ប្រមុខ​រដ្ឋនៅ​ពេលនោះ បានយកផែនទីបោន(Bonne)ខ្នាត១/១០០ ០០០ បោះពុម្ភ​ដោយ​ក្រុម​​ភូ​មិ​សា​​ស្ត្រឥណ្ឌូចិន ទៅតម្ក​ល់​ទុក​នៅអង្គការសហប្រជាជាតិ ។

ប៉ុន្តែ​​ក្រោ​យពីសម្តេចព្រះនរោត្តម សីហនុ ចូលទីវង្កត អ្នកនយោបាយខ្មែរ បានខ្វែងគំនិតគ្នាឡើងវិញ ពី​ការ​បោះ​បង្គោ​​​លព្រំដែនជាមួយវៀតណាមនេះ ។

បក្ស​ប្រឆាំងរិះគន់ ការដឹកនាំ របស់​លោក​នា​យករ​ដ្ឋមន្ត្រី ហ៊ុន សែន ថាស្ថិតក្រោមឥទ្ធិពលនៃប្រទេសវៀតណាម និង​​បានចោទប្រកាន់ថា សន្ធិសញ្ញា​​ព្រំដែន​មួយចំនួន ធ្វើឲ្យកម្ពុជាខាតបង់។

ប៉ុន្តែ​សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយពេលជាង៥ម៉ោង នៅក្នុង​មន្ទីរ​រដ្ឋសភា កាលពី​ថ្ងៃទី៩​ខែសី​ហាឆ្នាំ២០១២ ដោយបកស្រាយថា ការបោះ​បង្គោ​លព្រំ​ដែ​ន​ជាមួយ​វៀត​ណា​​ម កម្ពុជាមិនខាតបង់ទេ បើ​ពិនិត្យ​ទៅលើផ្ទៃដី ដែលពល​រដ្ឋច​​ង​​​ចាំ​គ្រប់គ្នាថា មាន​ទំហំ​១៨​១ ០៣៥គីឡូម៉ែត្រក្រឡានោះ។

ប៉ុន្តែ​លោ​កនាយករដ្ឋមន្ត្រីអះអាងថា បើផ្អែកតាមការវាស់វែងតាមបែបបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្ននេះ លោក​ថា​កម្ពុ​ជាមានផ្ទៃដីធំជាងផ្ទៃដីដែលបន្សល់ទុកពីសម័យមុនទៅទៀត។

ជាងនេះទៅទៀត នៅប៉ុន្មានខែមុននេះ លោក ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក បានជួប​គ្នា​នៅ​ខេត្ត​សៀម​រាម​ឈានដល់ការព្រមព្រៀងស្នើសុំប្រទេសបារាំងជួយគូរចម្លងផែនទី ពីខ្នាត១លើ១០០ ០០០​ទៅខ្នា​ត១​​លើ៥០ ០០០វិញដោយថា ដើម្បីបង្ករភាពងាយស្រួលដល់វាស់វែងលើដីជាក់ស្តែង ដែ​ល​​នៅសល់ជាង១០ភាគរយទៀត។

ប៉ុន្តែ​ក​រណីនេះ អ្នកជំនាញកិច្ចការព្រំដែនមួយចំនួន នៅក្រៅប្រទេសអះអាងថា ការចម្លងខ្នាតផែន​នេះកម្ពុ​ជាចា​ញ់ប្រៀបវៀតណាម។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀត លោក ឯម សុវណ្ណារ៉ា លើកឡើងថា វៀតណាម​មានប្រៀ​បលើ​កម្ពុ​ជា​ ទាំងផ្នែកកងទ័ព និងផ្នែកសេដ្ឋកិច្ច ដូចនេះលោកវិភាគថា វៀតណាម​មិនខ្វល់ពីប​ញ្ហាផ្ទៃក្នុ​ងកម្ពុ​ជា​យ៉ាង​ណា​នោះ​ទេ តែថាវៀតណាម នឹងយកបញ្ហានេះ ជំរុញធ្វើយ៉ាងណា​ឲ្យខ្សែរបន្ទា​ត់ព្រំដែ​នប្រទេសទាំងពីរក្លា​យជា​ខ្សែរបន្ទាត់អន្តរជាតិ ឯបញ្ហាផ្សេងៗទុកឲ្យក្មេងជំនាន់ក្រោយជាអ្នកការពារ។

លោកថា៖ «បញ្ហាផ្សេងៗហ្នឹងវៀតណាមគេមានលទ្ធភាពច្រើនគ្រប់បច្ចេកទេស ទាំងលទ្ធភាពទ័ព ទាំងលទ្ធភាពចុះ​ទៅព្រំ​ដែនហ្នឹងគេ​មានលទ្ធភាពជាងកម្ពុជា។ អញ្ចឹងបញ្ហាចរចារ និងបញ្ហាបោះបង្គោលវៀតណាមមានប្រៀបជាង កម្ពុ​ជា។​បើយើ​ងនិយាយពីការមានប្រៀបហ្នឹង វៀតណាមមានប្រយោជន៍ជាងកម្ពុជា លក្ខណនេះ​ឯងវៀតណាម​ចង់ប​ញ្ចប់ឲ្យបានមុន។ អញ្ចឹងវៀតណាម ក៏មិនជឿថា ភាគីឬរដ្ឋាភិបាលអណត្តិក្រោយៗទៀត កើតចេញ​ពីគណ​បក្សថ្មីគេគិតយ៉ាងម៉េច ឬក៏​គេ​សើរើពីបញ្ហាបោះបង្គោលហ្នឹងគេមិនទាន់ដឹងច្បាប់ទេ តែអ្វីដែ​លច្បាស់​ហ្នឹងគេចង់បោះឲ្យហើយ»។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើទោះបីជាពេលនេះវៀតណាម អាចជំរុញកម្ពុជា ឲ្យបោះប​ង្គោលព្រំ​ដែន​តា​មសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាក៏ដោយ ប៉ុន្តែលោកថាកម្ពុជានឹងពិបាកធ្វើឲ្យខ្សែបន្ទាប់ព្រំដែននេះ ក្លា​យ​ជា​​ខ្សែ​​បន្ទាប់ព្រំដែនស្របច្បាប់។

លោក ឯម សុវណ្ណារ៉ា ពន្យល់ថា ថ្វីត្បិតតែសន្ធិសញ្ញាព្រំដែនមុនៗ រដ្ឋសភាបានផ្តល់សច្ចាប័នក៏ពិតមែន ប៉ុន្តែលោ​កថា ​តាមច្បាប់សភានិយម នៅពេលបោះបង្គោលព្រំដែនចប់សព្វគ្រប់ គណៈកម្មាធិការជំនាញ ត្រូវរា​យកា​រណ៍ពី​ទីតាំ​ង​បោះ​​ប​ង្គោ​លជាក់ស្តែងនោះ មករដ្ឋសភាពិនិត្យ  និងត្រូវសុំការយល់ព្រម ដោយសំឡេងគាំទ្រ២ភាគ៣ ដែលលោ​កថា​ បក្សប្រជាជនពេលនេះ គ្មានសំឡេងគ្រប់សម្រាប់អនុម័តទេ។

លោកថា៖ «បើទោះបីរដ្ឋាភិបាលបោះបង្គោលហើយនៅឆ្នាំ២០១៧ហ្នឹងក៏ដោយ ឬរដ្ឋាភិបាលថ្មី ឬរដ្ឋាភិបាល​ដដែល​ហ្នឹង ឡើ​ងកាន់អំណាចនៅអណត្តិក្រោយ ក៏ដោយ ក៏ត្រូវមានការព្រមព្រៀង ឬឲ្យសច្ចាប័ន​ពីសភាជាតិ​២ភាគ៣ដែរ ។​អ​ញ្ចឹ​​​​ងទេគណបក្សកាន់អំណាចបច្ចុប្បន្នអត់មានសំឡេង២ភាគ៣ទេ។ អញ្ចឹងទេបើ​សភាជាតិមិ​នផ្តល់សច្ចាប័ន លើការបោះបង្គោលនោះទេ  ការបោះបង្គោលហ្នឹងក៏មិនទា​ន់យកជាការបាន​ដែរ អា​ហ្នឹងយើងនិយា​យផ្លូវច្បា​ប់។ព្រោះ​នៅ​កម្ពុជា រដ្ឋធម្មនុញ្ញអាស្រ័យសភា ជាអ្នកឲ្យសច្ចាប័ន បើសភាបដិសេធ អញ្ចឹ​ងរាល់កា​របោះ​បង្គោលហ្នឹ​ងក៏វាមិ​នទាន់​ស្រា​ច់បាច់ដែរ»។

បើតាមអ្នកវិភាគ គេនៅមិនទាន់ដឹងថា បក្សកាន់អំណាច និងដាក់សម្ពាធទៅបក្សប្រឆាំង រហូតដល់ពួកគេ ប្រកា​សទទួ​លស្គាល់ការបោះបង្គោលព្រំដែន កម្ពុជា វៀតណាម នោះតាមរបៀបណានៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ