មេដឹកនាំចិននិងរុស្ស៊ីគ្រោងជួបលោកគីម ជុងអ៊ុនឆាប់ៗ

តាមគម្រោងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងជួបជាមួយមេដឹកនាំកូរ៉េខាងត្បូង លោក មូនជែ អ៊ីន នៅថ្ងៃសៅរ៍ទី២៧ចុងសប្តាហ៍នេះ ហើយនឹងជួបជាមួយមេដឹកនាំអាមេរិក​លោក ដូណល ត្រាំនៅដើមខែមិថុនាខាងមុខ។​

គោលបំណងនៃការជួបនេះគឺការដោះស្រាយបញ្ហានយោបាយដើម្បីរក្សាសន្តិសុខនៅក្នុងតំបន់ ហើយកូរ៉េខាងត្បូង និងអាមេរិក​ចង់ឲ្យកូរ៉េខាងជើងរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែ។​

ទន្ទឹមនឹងថ្ងៃកំណត់ជួបមេដឹកនាំអាមេរិកនិងមេដឹកនាំកូរ៉េខាងត្បូងជិតដល់នោះ មេដឹកនាំចិននិង មេដឹកនាំរុស្ស៊ីដែលមិនបានត្រៀមទុកមុន​ក៏បញ្ជាក់ថា ពួកគេនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងនៅពេលឆាប់ៗខាងមុខនេះដែរ។​

មន្ត្រីជាន់ខ្ពស់របស់ចិនថ្លែងប្រាប់CNNថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងនៅពេលឆាប់ៗខាងមុខនេះ។​ ទោះយ៉ាងណាមន្ត្រីនោះមិនបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ចាប់ផ្តើមនៅថ្ងៃណា និងមានចំណុចសំខាន់ៗអ្វីខ្លះដើម្បីពិភាក្សានោះទេ។​

ទោះយ៉ាងណាបច្ចុប្បន្ននេះ ចិនគឺជាប្រទេសសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើង ឬអាចថា កូរ៉េខាងជើងកំពុងតែត្រូវការចិនជួយដើម្បីទប់ទល់សម្ពាធពីអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក។​

កាលពីថ្ងៃទី២៦ខែកុម្ភៈលោក គីម ជុងអ៊ុន និង ភរិយាបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដែលមានលក្ខណៈបិទបាំង ប៉ុន្តែក្រោយមកក៏ផ្សព្វផ្សាជាសាធារណៈ។​

មានការវិភាគជាច្រើនលើកឡើងថា ដំណើរទស្សនកិច្ចដែលធ្វើឡើងហើយ និងដំណើរទស្សនកិច្ចដែលគ្រោងធ្វើនៅពេលឆាប់ៗនេះរវាងមេដឹកនាំចិននិងកូរ៉េខាងជើង គ្មានអ្វីក្រៅពីការរៀបចំផែនការទប់ទល់ជាមួយអាមេរិកនិងសម្ព័ន្ធមិត្តផ្សេងទៀតដែលកំពុងរៀបចំឲ្យមានការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

ចំណែកប្រទេសរុស្ស៊ីដែលមានព្រំដែនជាប់ជាមួយកូរ៉េខាងជើង​ ហើយការទំនាក់ទំនងជាមួយប្រទេសទាំងពីរធ្លាក់ចុះជាច្រើនឆ្នាំមកនេះ ក៏ស្ទុះស្ទារទៅរកកូរ៉េខាងជើងដែរ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក Sergey Lavrov  ថ្លែងថា លោកបានទទួលលិខិត របស់កូរ៉េខាងជើងហើយកាលពីសប្តាហ៍មុនដែលអញ្ជើញលោកទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យូងយ៉ាង ប៉ុន្តែមិនបានបញ្ជាក់ថ្ងៃជាក់លាក់ទេ។​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថ្លែងថា ក្នុងដំណើរទស្សនកិច្ចនេះជាផ្នែកមួយដែលអាចបើកផ្លូវឲ្យលោក វ្លាឌី ពូទីនជួបប្រជុំដើម្បីជជែកការងារសំខាន់ៗជាមួយលោក គីម ជុងអ៊ុននៅពេលឆាប់ៗ។​

បើពិនិត្យមើលផលប្រយោជន៍សេដ្ឋកិច្ចប្រទេសចិននិងរុស្ស៊ី ជាយក្សនៅអាស៊ីនោះ ទទួលបានតិចតួចណាស់ពីប្រទេសកូរ៉េខាងជើងតូចមួយ ប៉ុន្តែបើនិយាយពីស្ថានភាពនយោបាយ និងការពង្រឹងសន្តិសុខវិញ កូរ៉េខាងជើងហាក់មានផលប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ។​

បច្ចុប្បន្នទាំងចិននិងរុស្ស៊ីហាក់កំពុងមានការរត់ប្រឆាំងទាំងផ្នែកសេដ្ឋកិច្ចនិង អាវុធជាមួយអាមេរិក​។ ដោយកូរ៉េខាងជើងជាប្រទេសមួយដែលគេស្គាល់ថា មានផ្ទៃដីតូច តែហ៊ានព្រមាន​បាញ់ប្រហារដោយអាវុធនុយក្លេអ៊ែពីទៅកាន់អាមេរិក​និងសម្ព័ន្ធមិត្តរបស់អាមេរិក​ជាញឹកញាប់ ពិសេសគឺកូរ៉េខាងត្បូងនិងជប៉ុន។​

ក្នុងស្ថានភាពដែលកូរ៉េខាងជើងកំពុងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចនិងសម្ពាធឲ្យរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែ ចិននិងរុស្ស៊ីហាក់កំពុងចេញមុខការពារ ឬ សម្របសម្រួលរកផ្លូវកណ្តាលមួយដើម្បីកុំឲ្យកូរ៉េខាងជើងខាតបង់ច្រើនពេក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ