មន្រ្តីបក្ស​ប្រឆាំង​ថា​អាជ្ញាធរប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា​

(រូបថតពីហ្វេសប៊ុក)

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរប៉ុនប៉ងឃាត់ខ្លួននៅម៉ោងជាង១១និង៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពីលោកមិនបានចូលខ្លួនបំភ្លឺនៅតុលាការជាលើកទីបី។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់វីអូឌីថានៅម៉ោងប្រមាណ១១និង៣៥នាទី រថយន្តរបស់លោក កឹម សុខា ប្រភេទMercedes ត្រូវបានកងកម្លាំងប្រដាប់អាវុធមួយក្រុមប៉ុនប៉ងឃាត់ខ្លួន លោក កឹម សុខា នៅលើផ្លូវនរោត្តម ក្បែរសាលាពញាហុក តែលោកថារថយន្តនោះមិនមានវត្តមានរបស់លោក កឹម សុខានោះទេ។ លោកបន្តថារថយន្តនោះមានភរិយារបស់លោក កឹម សុខា និងអ្នកបើករថយន្តតែប៉ុណ្ណោះ។ លោកចាត់ទុកថានេះជាការប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា ហើយថានេះជាការរំលោភលើអភ័យឯកសិទ្ធិ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថាលោកសង្ស័យថាករណីនេះដោយសារលោក កឹម សុខា មិនបានចូលបំភ្លឺនៅតុលាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅសាជាថ្មី ឲ្យលោក កឹម សុខា ចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី២៦ ខែឧសភា វេលាម៉ោង៩ព្រឹក លើសំណុំរឿងសញ្ចារកម្ម ក្រោយពីលោកមិនបានចូលបំភ្លឺ។

កន្លងទៅ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងថាអ្នកមានអភ័យឯកសិទ្ធិទាំងអស់មិនអាចប្រឆាំងវិធានការរបស់រដ្ឋាភិបាលឬនគរបាលយុត្តិធម៌នោះទេ។ លោកពន្យល់ថាប្រសិនបើតុលាការចោទប្រកាន់អ្នកមានអភ័យឯកសិទ្ធិ ទាល់តែមានការព្យួរអភ័យឯកសិទ្ធិ។ លោកបញ្ជាក់បន្ថែមថាប្រសិនបើករណីមិនចូលតាមការកោះហៅរបស់តុលាការ លោក កឹម សុខា នឹងត្រូវចាប់ខ្លួន ដោយថានេះជាបទល្មើសជាក់ស្តែង។

លោកមានប្រសាសន៍ថា៖ “លិខិតដែលយើងឃើញថាព្រះរាជអាជ្ញាកោះហៅលោកកឹម សុខា មក។ [បើ]លោក កឹម សុខា គាត់មក តាមការកំណត់។ មកដល់គាត់ប្រាប់ថាខ្ញុំតំណាងរាស្រ្ត ខ្ញុំមានអភ័យឯកសិទ្ធិ ខ្ញុំជឿថាព្រះរាជ្ញាថាលោកអាចឆ្លើយសំណួរនេះទេ បើគាត់មិនឆ្លើយ ក៏អត់ដឹងធ្វើអីគាត់ដែរ គឺគាត់ត្រូវត្រឡប់ទៅវិញ តែគាត់ប្រឆាំងការទៅ។ សូមជម្រាបថាគាត់បង្កើតបទល្មើសជាក់ស្តែង  អារឿងធំមិនគិត ទៅជាបង្កើតរឿងមួយធំជាងហ្នឹងទៅទៀត អញ្ចឹងគេមិនចាប់អារឿងគាត់អី សញ្ចារកម្មអីទេ គេចាប់រឿងអាបទល្មើសថ្មី ភ្លាមៗនេះ”

ចំណែកមេធាវីចំនួន៥រូបរបស់លោក កឹម សុខា បានបកស្រាយផ្លូវច្បាប់ទៅកាន់ព្រះរាជអាជ្ញាក្នុងលិខិតមួយចុះថ្ងៃទី២៤ ខែឧសភាថាតុលាការគ្មានសិទ្ធិនាំខ្លួនលោក កឹម សុខា ទេ ដរាបណាដំណើការនីតិវិធីច្បាប់ស្ថិតក្នុងការស៊ើបអង្កេតបឋមនោះ។ លិខិតនោះបញ្ជាក់ថាដំណាក់កាលស៊ើបអង្កេតបឋមដូចសំណុំរឿងលោក កឹម សុខា ដែលតុលាការកំពុងដំណើការនីតិវិធីនេះ ក្រុមមេធាវីអះអាងថា តំណាងអយ្យការមិនមានសិទ្ធិអំណាចណាមួយដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌឲ្យប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំកូនក្តីពួកគេឲ្យចូលបង្ហាញខ្លួនឬនាំខ្លួនបានទេ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ