អង្គការ១៨ព្រួយបារម្ភពីដំណើរការបោះឆ្នោត បន្ទាប់ពីមេទ័ពព្រមានបង្រ្គាបអ្នកតវ៉ា

អង្គការនិងសមាគមចំនួន១៨ បានបង្ហាញការព្រួយបារម្ភរបស់ខ្លួន ពីដំណើរការបោះឆ្នោតនៅកម្ពុជា ក្រោយមេទ័ពបានបញ្ជាឲ្យកងទ័ពទាំងអស់ការពារនិងប្រឆាំងនឹងបដិវត្តន៍ពណ៌ ខណៈការបោះឆ្នោតឃុំសង្កាត់ជិតមកដល់។

អង្គការ និងសមាគទាំងនោះ រួមមាន អង្គការ​ខុមហ្វ្រែល ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោតនិចហ្វិច អង្គការ FACT សមាគមអាដហុក និងអង្គការធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួនទៀត។

នៅក្នុងខែឧសភាឆ្នាំ២០១៧នេះ រដ្ឋមន្ដ្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានគំរាមថានឹងវាយបាក់ធ្មេញ ប្រសិនបើមានការតវ៉ានឹងលទ្ធផលបោះឆ្នោតដូចពេលមុននោះ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន ក៏បានប្រកាសឲ្យកងទ័ពត្រូវប្រឆាំងដាច់ខាតនូវ «បដិវត្តន៍ពណ៌» ហើយកាលពីម្សិលម៉ិញនេះ លោក ហ៊ុន សែន បានថ្លែងការពារលើសម្តីអ្នកទាំងពីរនោះថែមទៀត។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៥ឧសភាឆ្នាំ២០១៧នេះ អង្គការសង្គមស៊ីវិលចំនួន១៨ បានបង្ហាញការព្រួយបារម្ភ ចំពោះការលើកឡើងរបស់មេទ័ពទាំងនោះ ដោយយល់ថា អគ្គមេបញ្ជាការ មេបញ្ជាការ មន្រ្តីជាន់ខ្ពស់ និងកងទ័ពនៃកងយោធពលខេមរភូមិន្ទទាំងអស់ត្រូវគោរពក្រមសីល ធម៌យោធិននៃកងយោធពលខេមរភូមិន្ទ ដែលចែងថា ហាមប្រើឥទ្ធិពលអំណាចនៃតួនាទីដូច ជាការនិយាយដោយផ្ទាល់ ឬប្រយោលដែលមានន័យគំរាមកំហែងដល់អាយុជីវិត រូបរាងកាយ ដើម្បីបំភិតបំភ័យ ការលើកឡើងដោយផ្ទាល់មាត់ ដោយយោងលើព្រឹត្តិការណ៍ពីអតីតកាល និងហាមជ្រៀតជ្រែកក្នុងកិច្ចប្រតិបត្តិការណ៍បោះឆ្នោត។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ត្រូវគោរពគោលបំណងនៃផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារបោះឆ្នោត ដោយកងកំលាំងប្រដាប់ អាវុធត្រូវផ្តល់កិច្ចសហប្រតិបត្តិការជាមួយ គ.ជ.ប និងត្រូវអនុវត្តតាមបទបញ្ញត្តិ ដែលមានចែងក្នុងច្បាប់នានា ពិសេសច្បាប់បោះឆ្នោត ព្រមទាំងបទបញ្ជា ឬនីតិវិធីរបស់ គ.ជ.ប និងត្រូវធានា សុវត្តិភាពដល់បេក្ខជនមកពីគ្រប់គណបក្សនយោបាយ ដែលចូលរួមប្រគួតប្រជែង។

ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថានិចហ្វិច លោក សំ គន្ធាមី បន្ថែមលើសេចក្តីថ្លែងការណ៍នេះថា «ការលើកឡើងរបស់មេទ័ពទាំងនោះ គ្រាន់តែយើងព្រួយបារម្ភថា ចង់ឲ្យកងយោធពលខេមរភូមិន្ទទាំងអស់ហ្នឹង គាត់មានអព្យាក្រឹត្យភាព មានវិជ្ជាជីវៈ គោរពតាមច្បាប់បោះឆ្នោត និងមានក្រមសីលធម៌ ដើម្បីជៀសវាងកុំឲ្យប្រជាពលរដ្ឋ ឬ អ្នកបោះឆ្នោត និងសាធារណៈគាត់ភ័យខ្លាច ព្រោះការថ្លែងសារហ្នឹង វាហាក់បីដូចជា ប៉ះពាល់ដល់អារម្មណ៍បោះឆ្នោត»។

ប្រហាក់ប្រហែលគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែលលោក កង សាវាង្ស មានប្រសាសន៍​ថា មូលហេតុដែលអង្គការសង្គមស៊ីវិលបង្ហាញព្រួយបារម្ភ ចំពោះការលើកឡើងរបស់មេទ័ពនោះដោយសារថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទទាំងនោះ បានចូលរួមនយោបាយ ដោយថា ការថ្លែងសារបែបនេះ អាចធ្វើប៉ះពាល់ដល់អ្នកបោះឆ្នោត។

លោកបន្ថែមថា៖ «យើងព្រួយបារម្ភ ដោយសារតែមានថ្នាក់ដឹកនាំ នៃផ្នែកទាំងអស់ហ្នឹងគាត់ចូលរួមនយោបាយ ដល់អញ្ចឹងហើយយើងព្រួយបារម្ភថា ការយកកម្លាំងទាំងអស់នេះ ក្នុងការចូលរួមធ្វើនយោបាយ អញ្ចឹងយើងចង់បានកំលាំងអស់នេះ រក្សារនូវភាពអព្យាក្រឹត្យ ព្រោះកាលណា បើកម្លាំងទាំងអស់ហ្នឹងមិនអអព្យាក្រឹត្យទេ វាជាបញ្ហាមួយ សម្រាប់ប្រទេសជាតិហើយ»។

នៅថ្ងៃនេះដែរ ក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលនិងថ្កោលទោសចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិលទាំងនោះ ដោយចាត់ទុកថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិល មានចេតនាញុះញុង ជាការលាបពណ៌ និងជាការប្រមាថមាក់ងាយកិត្តិយស តួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ។

ក្រសួងការពារជាតិ បញ្ជាក់ទៀតថា សកម្មភាព និងអនុសាសន៍ របស់មន្រ្តីជនខ្ពស់កងយោធពលខេមរភូមិន្ទ កន្លងមកនោះ គឺមិនប៉ះពាលដល់ដំណើរការបោះឆ្នោតឡើយ។

ឆ្លើយតបនឹងការថ្កោលរបស់ក្រសួងការពារជាតិនេះ លោក សំ គន្ធាមី មានប្រសាសន៍ថា «សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិហ្នឹង គាត់អាចយល់ច្រឡំទេ ព្រោះសេចក្តីថ្លែងការណ៍ របស់អង្គការសង្គមស៊ីវិល អំពីសាររបស់មេទ័ពហ្នឹង គឺមានបំណងល្អ មិនមានបំណងលក្ខណៈញុះញង់ទេ ឬក៏បន្ថោកអីទៅដល់កងយោធពលខេមរភូមិន្ទ ក៏អត់ដែរ គឺយើងមានបំណងថា ចង់ឲ្យមន្រ្តីយោធាដែលរក្សារសន្តិសុខតាមការិល័យបោះឆ្នោតទាំងហ្នឹង សូមរក្សាវិជ្ជាជីវៈ គោរពច្បាប់ និងគោរពក្រមសីលធម៌ទេ ហើយកុំឲ្យមានការបំភិតបំភ័យទៅអ្នកចូលរួមការបោះឆ្នោតប៉ុណ្នឹងទេ»។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២៤ឧសភាឆ្នាំ២០១៧ គ.ជ.ប បានណែនាំឲ្យកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ទាំងអស់ត្រូវអនុវត្តច្បាប់ ហើយថា គ្រប់ដំណាក់កាល នៃការបោះឆ្នោតហាមដាច់ខាតការយកតួនាទី ឬសិទ្ធិអំណាច ក្នុងនាមជាកងកងកម្លាំងប្រដាប់អាវុធរបស់ជាតិ ដើរបំផុសបំផុល បំភិតបំភ័យ និងគំរាមកំហែងតាមគ្រប់រូបភាព ដែលបង្ករឲ្យមានការរំជើបរំជួលបាត់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាពិសេសមិនត្រូវប្រើអំណាច ឬឥទ្ធិពលទៅប្រព្រឹត្តសកម្មភាពណាមួយ ដើម្បីគាំទ្រ ឬប្រឆាំង នឹងបក្ខជនឈរឈ្មោះបោះឆ្នោត តំណាង ឬភ្នាក់ងារ សកម្មជន និងអ្នកគាំទ្របក្សនយោបាយណាមួយឡើយ។

សេចក្តីប្រកាសរបស់គ.ជ.ប ដដែល បញ្ជាក់ទៀតថា គ្រប់សកម្មភាពប្រតិបត្តិការណ៍របស់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិទាំងអស់ គឺមិនត្រូវបើប្រាស់រូបភាពប្រដាប់អាវុធគគ្រឹកគគ្រេង ដែលនាំឲ្យមានការភាន់ច្រឡំបង្កភាពភ្ញាក់ផ្អើលជ្រួលច្របល់ និងការភ័យខ្លាចក្នុងស្រទាប់មហាជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ