លោក កឹម សុខា៖ មានគេរំខាន ពេលឃោសនានៅខេត្តឧត្តរមានជ័យ

លោក កឹម សុខា អតីតប្រ​ធានគណបក្សប្រឆាំង (ហ្វេសប៊ុកលោក កឹម សុខា)

មេដឹកនាំបក្សប្រឆាំង ដែលកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មានការរំខានដល់សកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិ។

នៅថ្ងៃសុក្រទី២៦ឧសភាឆ្នាំ២០១៧ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា អះអាងថា ខណៈដែលក្រុមអ្នកគាំទ្រ និងរូបលោកកំពុងឃោសនាបោះឆ្នោតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ លោកថា មានការរំខានដោយសំឡេងតន្ត្រី ដែលចាក់តាមឧបករណ៍បំពងសំឡេង (ធុងបាស់)។ នេះ ដោយយោងតាមវីដេអូ បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក។

លោកថ្លែងថា៖ «គណបក្សសង្គ្រោះជាតិចង់ប្រកួតគ្នាលើគោលនយោបាយ អត់មានប្រកួតកម្លាំងបាយទេ អត់ដែលទៅរំខាននរណាទេ អត់ទៅប្រើអំពើហិង្សាទេ គណបក្សសង្គ្រោះជាតិឈ្នះ គ្មានទេអំពើហិង្សា គ្មានទេសង្គ្រាម។ នៅពេលគណបក្សសង្គ្រោះជាតិ មិនទាន់ឈ្នះ បងប្អូនឃើញទេ គេមករំខានយើងអញ្ចឹង …. យើងទ្រាំសិនទៅបងប្អូន អ្នករំខានគេ អ្នកធ្វើទុក្ខបុកម្នេញគេ អ្នកគំរាមគេ ប្រជាពលរដ្ឋ មិនបោះឆ្នោតឲ្យជាដាច់ខាត»។

អធិការរងក្រុងសំរោងលោក ស្សី សារិទ្ធិ ថាមិនបានដឹងរឿងនេះទេ ព្រោះលោកមានធុរៈទៅបំពេញភារៈកិច្ចនៅឃុំមួយផ្សេងទៀត។ លោកថា៖ «អូ ខ្ញុំអត់បានដឹងផង ខ្ញុំនៅឯឃុំឆ្ងាយ ព្រោះអីខ្ញុំនៅឯឃុំឆ្ងាយ​ អត់ដឹង គេនៅឯក្រុង»។

មន្ដ្រីសម្រួបសម្រួលអង្គការអាដហុក នៅខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យ VOD ដឹងនៅថា ពិតជាមានករណីចាក់តន្ត្រីតាមធុងបាស់ ដោយបំពងសំឡេងរំខានដល់សកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិមែន។ លោកថា ផ្ទះដែលចាក់តន្ត្រីនោះ ជារបស់មន្ដ្រីយោធា និងថា ទោះមានការណែនាំពីគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំសង្កាត់យ៉ាងណា ក៏ពួកគេនៅតែបន្ដសកម្មភាពដដែល។​

មន្ដ្រីសម្រួបសម្រួលអង្គការអាដហុក ចាត់ទុកករណីនេះថា ជាការរំលោភដល់សិទ្ធិធ្វើការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានធានាដោយច្បាប់។​

លោកថា៖ «នៅខាងក្រោយឆាក ដែលរៀបចំ​​ នៅខាងជើងវត្តសំរោង គឺមានចាក់ធុងបាស់ ហើយម្ដុំត្រង់ហ្នឹង ជាផ្ទះរបស់យោធា ដែលធ្វើឲ្យមានការរំខានទៅដល់ការឃោសនារបស់គណបក្សសង្គ្រោះជាតិ ទោះពីជាមានការចុះទៅអន្ដរាគមក៏ដោយ ក៏ខាងការរំខានគេនៅតែបន្ដចាក់អញ្ចឹងទៅ។ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា វាជាការមួយរំលោភទៅលើច្បាប់»។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថា លោកមិនទាន់ដឹងរឿងនេះទេ ប៉ុន្ដែលោកថា គ.ជ.ប នឹងពិនិត្យលើករណីនេះ បើសិនមានបណ្ដឹងពីគណបក្សសង្គ្រោះជាតិ។

លោកថា៖ «បាទ ទាល់តែមានបណ្ដឹង បើសិនគណបក្សគាត់ស្រុះស្រួលគ្នា ព្រោះកន្លងមកមានការលើសលួសគ្នា គ.ជ.ប មិនមែនចាប់ផ្ដើមឡើងដោះស្រាយ ទុកឲ្យគណបក្សទាំងពីរ បើសិនជាមិនពេញចិត្ត ដូចការរស់នៅរបស់ប្រជាពលរដ្ឋអញ្ចឹង បើសិនការទាស់អធ្យាស្រ័យគ្នា ទី១ ចរចាគ្នា ហើយទី២ ប្ដឹងទៅអាជ្ញាធរដើម្បីដោះស្រាយបញ្ហា»។

នៅព្រឹកថ្ងៃសុក្រទី២៦ខែឧសភានេះដែរ អាជ្ញាធរ និងកងកម្លាំងខេត្តឧត្ដរមានជ័យ ក៏បានរារាំងឃាត់ក្បួនរថយន្តរបស់ប្រជាពលរដ្ឋ ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ ដើម្បីសាកសួររកលិខិតស្នាមសុំការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ មួយសន្ទុះក្រោយមក មានការសម្របសម្រួលឲ្យធ្វើដំណើរ តែមិនមានចាក់សំឡេងឃោសនា ទើបសមត្ថកិច្ចព្រមអនុញ្ញាតឲ្យសកម្មជនបក្សប្រឆាំង ធ្វើដំណើរទៅមុខទៀត។

យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់បក្សនយោបាយនៅកម្ពុជា បានចាប់ផ្ដើមតាំងពីថ្ងៃទី២០ខែឧសភា ហើយនឹងត្រូវបញ្ចប់ទៅនៅថ្ងៃទី២មិថុនាឆ្នាំ២០១៧ សម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះ។ មន្ដ្រីគ.ជ.ប ឲ្យដឹងថា បើគិតចាប់ពីថ្ងៃឃោសនាដំបូង រហូតដល់ថ្ងៃទី២៥ខែឧសភានេះ គ.ជ.ប បានទទួលដោះស្រាយបណ្ដឹងចំនួន៣៤ កំឡុងពេលឃោសនាបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ