វិភាគ៖ ចំណុចដូចនិងខុសគ្នារវាងគណបក្សកាន់អំណាចនិងបក្សប្រឆាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ

ប្រទេសកម្ពុជាពេលនេះបានមកដល់បរិបថថ្មីមួយដែលគណបក្សនយោបាយធំៗពីរមានកម្លាំង​គាំទ្រ​ប្រហាក់​ប្រហែលគ្នា ដោយអាចនិយាយបានថាជារលកនយោបាយថ្មីនៅកម្ពុជា។

គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជិត៤០ឆ្នាំមកនោះ ត្រូវបានប្តូរប្រធានបក្សថ្មី បន្ទាប់ពីលោក ជា ស៊ីម ទទួលមរណៈភាព។ លោក ហ៊ុន សែន ដែលកំពុងដឹកនាំរដ្ឋាភិបាល បានក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៥។

ចំណែក លោក កឹម សុខា បានក្លាយជាប្រធានគណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៧នេះ ក្រោយ​ពី​លោក សម រង្ស៊ី ប្រកាសលាលែងពីប្រធានបក្ស ខណៈតំណាងរាស្ត្រគណបក្ស​កាន់អំណាចកែប្រែច្បាប់ស្តីពីគណបក្សនយោបាយដោយហាមមិនឲ្យទណ្ឌិតធ្វើជាប្រធាន​បក្ស។

បើនិយាយពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាកាលពីបោះឆ្នោត​ឆ្នាំ២០១៣ គណបក្សនេះ បានសន្លឹក​ឆ្នោតជាង៣លានសន្លឹក ខណៈគណបក្សសង្រ្គោះជាតិបានជិត៣លានស្លឹក​ ពោលតិចជាងប្រហែល៣សែនសំឡេង។

លទ្ធផលនេះបង្ហាញថា នៅកម្ពុជាមានតែគណបក្សនយោបាយធំៗពីរប៉ុណ្ណោះដែលមានអ្នក​គាំទ្រ​ប្រហាក់​ប្រហែលគ្នា ខណៈដែលគណបក្សផ្សេងទៀត មិនមានកៅអីចូលទៅអង្គុយក្នុងរដ្ឋសភា។

វាជាប្រវត្តិសាស្ត្រថ្មីដែរ ដែលគណបក្សសង្រ្គោះជាតិឬហៅម្យ៉ាងថាជាគណបក្សប្រឆាំង​ចាស់​ជាង​គេ អាចដាក់បេក្ខជនឈរឈ្មោះ​ជាសមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បានគ្រប់​ទូទាំងប្រទេស​ស្មើ​គ្នានឹងគណបក្សកាន់អំណាច។

កាលពីដើមឡើយ គណបក្សប្រឆាំងមិនអាចរក​មនុស្សឲ្យឈរឈ្មោះ​ជាតំណាងគណបក្ស​របស់​ខ្លួននៅគ្រប់​ឃុំ​ សង្កាត់ បានឡើយ ដោយថាសកម្មជនបក្សនេះមួយចំនួនមានការ​ភ័យខ្លាច ហើយ​អ្នក​ទៀត​មិន​មានលក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​។ ប៉ុន្តែការ​បោះ​ឆ្នោត​ឃុំ សង្កាត់ឆ្នាំ២០១៧នេះ សកម្មជនគណបក្សសង្រ្គោះជាតិ មានការ​ប្រជែង​គ្នាយ៉ាង​ស្វិត​ស្វាញ ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព ​មេឃុំ ចៅសង្កាត់។​

បេក្ខជនជា​មេឃុំ ចៅសង្កាត់ របស់គណបក្សសង្រ្គោះជាតិមួយភាគជាយុវជនវ័យក្មេង​ដែល​ទើប​ប្រឡូកក្នុងឆាក​យោបាយ ខណៈបេក្ខជនមេឃុំ ចៅសង្កាត់ភាគច្រើន​របស់​គណបក្សប្រជាជនកម្ពុជាគឺជាមនុស្សដដែលៗដែលមានវ័យចំណាស់ៗ។

គណបក្សប្រជាជនកម្ពុជា អួតថា បេក្ខជនរបស់ខ្លួនគឺ «ជាមនុស្សមានបទពិសោធន៍រាប់​សិប​ឆ្នាំមកហើយ ក្នុង​ការងារ​ឃុំ សង្កាត់» ប៉ុន្តែគណបក្ស​​សង្រ្គោះជាតិអួតថា បេក្ខជន​របស់​ខ្លួន​ជា ​«មនុស្ស​ជំនាន់​ថ្មី មានសក្តានុពលផ្នែក​បច្ចេកទេស ​និង​ធ្វើ​ការងារ​លឿនរហ័ស»។

នាយកអង្គការឃ្លាំមើលការបោះឆ្នោត​មួយ ហៅកាត់ថា និចហ្វិច លោក សម គន្ធាមី កត់​សំ គាល់​ថា គោលនយោបាយអភិវឌ្ឍន៍ភូមិឃុំរបស់គណបក្សធំៗទាំងពីរលោកថា​ប្រហាក់​ប្រ​ហែល​គ្នា។ ប៉ុន្តែគណបក្សប្រជាជនចំណាយថវិកាច្រើនជាង​សម្រាប់​ការ​ឃោសនាបោះឆ្នោត។

លោកបន្តថា «មេគណបក្សទាំងពីរហាក់ដូចជាមិនទាន់​ប៉ះសំដីគ្នាធ្ងន់​ធ្ងរ​នៅឡើយទេ»។

បើនិយាយពីគណបក្សប្រជាជនវិញ ទោះជាឈ្នះឆ្នោត៣អាណត្តិជាប់ៗគ្នាក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិក៏ដោយ តែលោក ហ៊ុន សែន មិនដែលចេញមុខ​ដឹកនាំ​ការឃោសនារកសំឡេងឆ្នោតម្តងណាឡើយ អំឡុងយុទ្ធនាការដែលផ្តល់​ដោយ​គណៈកម្មាធិការជាតិ​រៀ​បចំ​ការ​បោះឆ្នោត។ ប៉ុន្តែអ្វីដែលប្លែកនៅពេលនេះគឺលោក ហ៊ុន សែន នៅក្នុង​តំ​ណែង​​ជា​ប្រធានគណបក្សកាន់អំណាចបានប្រកាសជិះរថយន្ត​អត់​ដំបូលស្វែងរក​សំឡេង​ឆ្នោត​នៅភ្នំពេញ​ ជា​ថ្ងៃ​បញ្ចប់​នៃយុទ្ធនាការឃោសនា។

ដោយឡែក លោក កឹម សុខា នៅក្នុង​តំណែងថ្មីជាប្រធានគណបក្សប្រឆាំង បានជិះរថយន្ត​បើក​ដំបូលធ្វើយុទ្ធនាការ​ឃោសនាទូទាំងប្រទេសតាំងថ្ងៃ​ចាប់ផ្តើមរហូតមក ហើយគ្រោង​បន្តរហូតដល់​ថ្ងៃបិទបញ្ចប់​។ នេះមិនមែនជារឿងថ្មីសម្រាប់​មេដឹកនាំ​គណបក្ស​ប្រឆាំងនោះទេ។

នៅក្នុង​បរិបថថ្មីនៃរលកនយោបាយនៅកម្ពុជាពេលនេះអ្នកវិភាគខ្លះ​ និយាយថា កម្ពុជាដើរ​ក្នុង​នាំ​សហរដ្ឋអាមេរិកដែលមានតែគណបក្សធំៗពីរ ដែលមានកម្លាំង​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា។​ ប៉ុន្តែសហរដ្ឋអាមេរិកបាន​ប្តូរ​វេន​ដឹកនាំប្រទេសមហាអំណាចនេះជាទៀងទាត់​រាល់​ពីរអាណត្តិ ពោលគឺ៨ឆ្នាំម្តង។

តាមការកត់សំគាល់របស់អ្នកវិភាគ អំឡុងពេលឃោសនាមួយសប្តាហ៍មកនេះ មេដឹកនាំគណបក្សប្រជាជន​កម្ពុជាមិនសូវបង្ហាញគោលនយោបាយអ្វីដែលធ្វើ​ពលរដ្ឋចាប់អារម្មណ៍ទេក្រៅតែអះអាងថាបន្តធ្វើនូវអ្វីដែល​ធ្លាប់ធ្វើ​កន្លងមក។​ ប៉ុន្តែ​លោក ហ៊ុន សែន និងមេទ័ពមួយចំនួន បានប្រើ​សារគំរាមម្តងហើយម្តងទៀតថា «អាចមានសង្រ្គាម​បើ​ខ្លួន​ចាញ់​ឆ្នោត»។

សម្រាប់​មេដឹកនាំគណបក្សសង្រ្គោះជាតិវិញ អ្នកវិភាគកត់សំគាត់ថា «ហាក់មិនបាន​ឆ្លើយ​តប​ទៅ នឹងការ​គំរាម​ដដែលៗនេះទេ» ដោយ​អះអាងថា ខ្លួនមិនខ្វល់ ហើយគិតតែអំពាវនាវឲ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សខ្លួន ដោយ​ថានឹងទទួលបានថវិកាក្នុងមួយឃុំ៥០ម៉ឺនដុល្លារ និងមានការគោរពសិទ្ធិពលរដ្ឋ។

លោក សូ ចន្ថា​ សាស្ត្រាចារ្យផ្នែកនយោបាយ វិភាគថា យុទ្ធសាស្ត្រគំរាមកំហែង និង​ការ​ប្រើប្រាស់សំភារៈអូសទាញ លោកថាមិនមានឥទ្ធិពលទៀតទេ។

លោកកត់សំគាល់ថា «ឆ្នាំ២០១៣យើងឃើញដែរការគំរាមកំហែង ការ​បង្កើត​ឲ្យមានសង្រ្គាមអី បើសិនជាចាញ់​ឆ្នោត​អីហ្នឹងប៉ុន្តែ​លទ្ធផល​២០១៣​នៅតែ​ឆ្លុះ​បញ្ចាំងថាពលរដ្ឋនៅតែ​បោះ​ឆ្នោត​ឲ្យ​បក្សប្រឆាំងដដែល។ អាណត្តិនេះខ្ញុំគិតថាការគំរាមកំហែង​លែងមាន​ឥទ្ធិ​ពលទៅ​លើអ្នក​បោះ​ឆ្នោត​ទៀត​ហើយ។ ខ្ញុំគិតថាគណបក្សណាដែល​ប្រើការគំរាមកំហែងពលរដ្ឋ រឿង​សង្រ្គាម រឿង​អសន្តិសុខអីនោះ ខ្ញុំគិតថាមិនទទួលបានការគាំទ្រច្រើនទេ»។

កាលពីមុនបោះឆ្នោតឆ្នាំ២០១៣ មេដឹកនាំគណបក្សកាន់អំណាចបានព្រមានថា បើ​ខ្លួនចាញ់​ឆ្នោត​នឹង​ឈប់ធ្វើបុណ្យ និងព្រមានដកហូតម៉ាស៊ីនបូមទឹកពីកសិករជាដើម។

លោក សូ ចន្ថា កត់សំគាល់ថា ចរន្តផ្លាស់ប្តូរហើយចង់ឲ្យមានកំណែទម្រង់នៅថ្នាក់​មូលដ្ឋាន​ចាប់​ផ្តើម​ប្រែបប្រួលឡើង ហើយនឹងមានការប្រកួត​ប្រជែង​ដោយ​ស្វិតស្វាញ។

លោកយល់ថា «ជាទស្សនៈខ្ញុំគិតថាការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នឹងមានការ​ប្រកួត​ប្រជែង​គ្នា​ដោយ​ស្រួចស្រាវនៅថ្នាក់​មូល​ដ្ឋាន​ពិសេសគណបក្សពីរ គណបក្សកាន់អំណាចនិង​បក្សប្រឆាំង។ ប្រសិនបើបក្សបប្រឆាំងទទួលបានសំឡេងច្រើនដល់៥០%នោះមានន័យថាជាឱកាសដែលបក្សប្រឆាំងដណ្តើមបានជ័យជម្នះពេលខាងមុខ»។

ការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ខែមិថុនាខាងមុខនេះ មានគណបក្សនយោបាយ​ចំនួន១២​ចូលរួមប្រកួត​ប្រជែងប៉ុន្តែមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ​ប៉ុណ្ណោះ​ដែលបានដាក់​បេក្ខជនរបស់​ខ្លួន​ឈរឈ្មោះនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ