សមាជិកសភាអាមេរិកព្រួយបារម្ភពីសារនយោបាយលោក ហ៊ុន សែន ព្រមានរឿងសង្គ្រាម

ប្រភពរូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

សមាជិកសភាសហរដ្ឋអាមេរិក បានបង្ហាញក្ដីព្រួយបារម្ភ បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ព្រមានច្រើនដងពីរឿងផ្ទុះសង្គ្រាមនៅកម្ពុជា ខណៈការបោះឆ្នោតកំពុងខិតចូលមកដល់។

ក្នុងលិខិតចុះថ្ងៃទី២៥ឧសភាឆ្នាំ២០១៧ ដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Rex W. Tillerson ក្រុមសមាជិកសភាអាមេរិករួមមានលោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) លោក ស្ទីវ ឆាបុត (Steve Chabot) និងលោក អែតវឺត រ៉យ (Edward R. Royce) បានសំដែងក្ដីបារម្ភរបស់ពួកគេ ដោយថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រើពាក្យសម្ដីញុះញង់ឲ្យមានហិង្សា និងយុទ្ធសាស្ដ្របំភិតបំភ័យពលរដ្ឋម្ចាស់ឆ្នោត តាមរយៈការថ្លែងសារព្រមានដដែលៗថា កម្ពុជានឹងមានសង្គ្រាម បើគណបក្សកាន់អំណាចចាញ់ឆ្នោតនាពេលខាងមុខ។

បើតាមលិខិតដដែលនេះ សមាជិកសភាសហរដ្ឋអាមេរិក ទទូចឲ្យរដ្ឋាភិបាលកម្ពុជាធានានិងគោរពសិទ្ធិពលរដ្ឋកម្ពុជាទាំងអស់ ដោយអាមេរិកសង្ឃឹមថា អាចបន្ដកិច្ចសហការជាមួយកម្ពុជា ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី​ និងយុត្តិធម៌នៅកម្ពុជា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន លើកឡើងថា នេះគ្រាន់តែជាការយល់ឃើញមួយផ្នែកតូចរបស់សមាជិកសភាអាមេរិក ដោយលោកថា គណបក្សប្រជាជនជាស្ថាបនិកនៃសន្ដិភាពនៅកម្ពុជា និងមិនដែលបំភិតបំភ័យគំរាមកំហែងពលរដ្ឋទេ។

លោកមានប្រសាសន៍ថា សារសង្គ្រាមរបស់លោក ហ៊ុន សែន ជារឿងត្រឹមត្រូវ ដោយថា រដ្ឋាភិបាលនឹងធ្វើសង្គ្រាមដើម្បីរក្សាសន្ដិភាព ទោះក្នុងតម្លៃណាក៏ដោយ។

លោកថា៖ «ឆន្ទៈមោះមុតក្នុងការពារជាតិ ការពារប្រជាជននេះ គឺដាច់ខាង យើងត្រូវប្រើសង្គ្រាមដើម្បីសន្ដិភាព ក៏យើងត្រូវប្រើដែរ មិនជនណា ឬគណបក្សណាមកធ្វើឲ្យរង្គោះរង្គើរដល់សន្ដិភាព ស្ថិរភាពនយោបាយទេ។ ខ្ញុំយល់ថា មានគណបក្សទេ ដែលជាស្ថាបនិកសន្ដិភាព»។

សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយលោក​ ឯម សុវណ្ណារ៉ា យល់ថា ការទទូចរបស់សមាជិកសភាអាមរិក គឺមិនមានឥទ្ធិពលអ្វីលើគណបក្សកាន់អំណាចនោះទេ ដោយថា គឺវាគ្រាន់ជាការជំរុញទឹកចិត្តពលរដ្ឋ និងចង់ឃើញការបោះឆ្នោតខាងមុខមានតម្លាភាពប៉ុណ្ណោះ។ លោកថា គណបក្សកាន់អំណាចអាចថ្លែងសារនយោបាយតាមចិត្ត ដោយថា ទោះវាហាក់ផ្ទុយនឹងច្បាប់ និងសារអំពាវនាវរបស់ព្រះមហាក្សត្រក៏ដោយ។

លោកថា៖ «តាមពិតក្នុងគោលការណ៍ប្រជាធិបតេយ្យ នៅក្នុងគោលការណ៍ច្បាប់ វាមិនអាចទេ មានលិខិតសាររបស់ព្រះមហាក្សត្រ ក៏ប៉ុន្ដែដោយសារព្រះមហាក្សត្រ លោកពុំសូវមានឥទ្ធិពលអំណាច អញ្ចឹងរដ្ឋាភិបាល គណបក្សកាន់អំណាច គឺមានឥទ្ធិពលជាង»។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ហ៊ុនសែន នៅតែបន្ដលើកពីរឿងសង្គ្រាម​ និងបានប្រាប់មេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថា បើមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាល លោកថា គឺមានតែកូនចៅគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ជាអ្នកដឹកនាំបន្ដ គឺមិនមែនគណបក្សប្រឆាំងនោះទេ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមណាមួយ ពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននៅឡើយទេ។

កាលពីថ្ងៃទី១៩ឧសភាកន្លងទៅ ក្រសួងការបរទេសអាមេរិក ក៏បានទទូចឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើយ៉ាងណាធានាឲ្យបាននូវសិទ្ធិនយោបាយ ដោយចៀងវាងការគំរាមកំហែង បំភិតបំភ័យ និង ត្រូវគោរព សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋកម្ពុជាទាំងអស់ ខណៈការបោះឆ្នោតឃុំសង្កាត់កំពុងខិតចូលមកដល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ