សកម្មជន​ដីធ្លី​គ្រោង​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ស្លៀក​ខ្មៅ​នៅ​ថ្ងៃស្អែក​ទៀត​

សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅនៅជិតរង្វល់មូលចោមចៅកាលពីពេលកន្លងទៅ (ដោយ លី បេទ្បា)

សកម្មជនដីធ្លីនៅក្នុងទីក្រុងភ្នំពេញ អះអាងថា ពួកគេនឹងបន្តធ្វើយុទ្ធនាការស្លៀកខ្មៅនៅថ្ងៃស្អែកទៀត ដើម្បីទាមទាឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស សមាគមអាដហុក ៤រូប និង មន្ត្រីរៀបចំការបោះឆ្នោតមួយរូប។

តំណាងសកម្មជនដីធ្លីមកពីតំបន់ថ្មគោល អ្នកស្រី ច្រាយ នីម ប្រាប់វីអូឌីថា សមាជិកសហគមន៍របស់អ្នកស្រី នឹងជួបជុំគ្នានៅក្នុងបរិវេណបុរីសន្តិភាព ២ ស្ថិតក្បែរពន្ធនាគារព្រៃស ដើម្បីលើកបដាទាមទាឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង ៥នាក់នោះ ឲ្យមានសេរីភាពវិញ។

ទោះបីជាយ៉ាងណាអ្នកស្រីថា មិនទាន់ដឹងច្បាស់ពីចំនួនអ្នកចូលរួមតវ៉ានៅថ្ងៃស្អែកនៅឡើយទេ។

ចំណែកឯតំណាងសកម្មជនដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី ប្រាប់ថា សកម្មជនអាវខ្មៅតំបន់បឹងកក់ប្រមាណ ៥០ នាក់ ក៏គ្រោងនឹងធ្វើការជួបជុំគ្នានៅក្នុងសហគមន៍នៅថ្ងៃស្អែកផងដែរ។ អ្នកស្រីបន្តថា សហគមន៍តំបន់បឹងកក់ នឹងថ្លែងសារទៅកាន់រដ្ឋាភិបាល និងបង្ហោះប៉ោងប៉ោង ដែលទាមទាឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស និង មន្ត្រី គ.ជ.ប។

អ្នកស្រីទេព វន្នី បន្តថា៖ «បើការរំលោភសិទ្ធិមនុស្សចេះតែកើនឡើងយ៉ាងនេះ បើយើងចេះតែនាំគ្នាខ្លាចនឹងអត់មានលទ្ធផលអ្វីល្អប្រសើរសម្រាប់យើងទេ គឺមានតែការតស៊ូនឹងឯង។ មានតែយើងមានភាពក្លាហាន ដើម្បីរើបម្រះក្នុងការគាបសង្កត់បិទសិទ្ធិសេរីភាពពីរដ្ឋាភិបាល ទើបយើងបានជោគជ័យ។ ជាក់ស្ដែងយើងឃើញហើយ សូម្បីតែអ្នកការពារសិទ្ធិមនុស្ស ក៏លែងមានសិទ្ធិសេរីភាពក្នុងការបំពេញតួនាទីបំពេញកាត្វកិច្ចរបស់គាត់»។

ប្រជាសហគមន៍មានជម្លោះដីធ្លី បានធ្វើយុទ្ធនាការអាវខ្មៅនេះលើកទី៧ រួចមកហើយ ដោយចាប់ផ្តើមតាំងពីថ្ងៃទី៩ ខែឧសភាកន្លងមក។ ស្ត្រីសកម្មជនដីធ្លីទាំងនោះ ត្រូវបានអាជ្ញាធររារាំង និងចាប់ខ្លួនជាបន្តបន្ទាប់ ហើយពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។

មន្ត្រីរដ្ឋាភិបាលធ្លាប់ហៅយុទ្ធនាការអាវខ្មៅនេះថា ជាបដិវត្តពណ៌មានបំណងផ្ដួលរលំរដ្ឋាភិបាល ហើយអាជ្ញាធរក៏បានព្យាយាមទប់ស្កាត់សកម្មភាពនេះជាហូរហែផងដែរ៕

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់ វីអូឌី កាលពីថ្ងៃអង្គារកន្លងមកថា ការពាក់អាវខ្មៅមិនមែនខុសច្បាប់នោះទេ តែសកម្មភាពហែក្បួនស្រែកឡូឡា គឺខុសច្បាប់។ លោកបន្ថែមថាការដោះលែង ឬមិនដោះលែង វាជាដែនសមត្ថកិច្ចរបស់តុលាការ មិនមែនការតវ៉ារបស់ពួកគេអាចមានឥទ្ធិពលជំរុញឲ្យមានការដោះលែងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ