LICADHO៖ កុមារ និងអ្នកទោសពន្ធនាគារ ងាយរងគ្រោះដោយអំពើទារុណកម្ម

អង្គការ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) រកឃើញថា អ្នកដែលងាយ​​​​រង​គ្រោះដោយអំពើទារុណកម្មជាងគេ គឺកុមារ និងអ្នកទោសជាប់ពន្ធនាគារ។

ក្នុងថ្ងៃខួបលើកទី៣០ នៃទិវាអន្តរជាតិគាំពារជនរងគ្រោះដោយអំពើទារុណកម្ម ថ្ងៃនេះ លីកាដូ បានរំលឹកនៅ Facebook របស់ខ្លួនថា៖​ «អំពើទារុណកម្ម គឺត្រូវបានហាមឃាត់នៅក្នុងច្បាប់ជាតិកម្ពុជា និងច្បាប់អន្តរជាតិ»។ ប៉ុន្តែ «អំពើទារុណកម្ម នៅតែបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងប៉ុស្តិ៍នគរបាល ពន្ធនាគារ ឬមណ្ឌលឃុំឃាំងនានាផ្សេងទៀត។ ជនរងគ្រោះ ភាគច្រើនជាជនដែលងាយ​​​​រង​គ្រោះជាងគេនៅក្នុងសង្គម ជាពិសេសកុមារ និងអ្នកទោសពន្ធនាគារ»

លីកាដូ សំណូមពរយ៉ាងទទូច សូមឲ្យបញ្ឈប់នូវគ្រប់ទម្រង់នៃអំពើទារុណកម្មនៅក្នុងប្រទេសកម្ពុជា ហើយសូមឲ្យផ្តល់នូវយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើនេះ និងក្រុមគ្រួសាររបស់អ្នកទាំងនោះផងដែរ។

ថ្ងៃនេះ គឺជាទិវាអន្តរជាតិគាំពារជនរងគ្រោះដោយអំពើទារុណកម្ម ដែលជាគម្រប់ខួបទី៣០ នៃសន្ធិសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬ​ទណ្ឌ​​កម្ម​ឯទៀត ដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប បានចូលជាធរមាន។

ប្រជាពលរដ្ឋ និងអង្គការផ្សេងទៀតទូទាំងពិភពលោកបានប្រារព្ធទិវានេះ ចំណែកឯអង្គការលីកាដូ បានតាំងស្លាកនៅមុខការិយាល័យរបស់ខ្លួនដែលមានរូបបាតដៃ និងមានសរសេរអក្សរថា «បញ្ឈប់អំពើទារុណកម្ម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ