លោក ហ៊ុន សែន រំលឹកឲ្យមន្រ្តីក្រោមឱវាទខំបំរើពលរដ្ឋបន្ទាប់ពីបាត់អាសនៈ

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន ចាប់ផ្តើមរំលឹកមន្រ្តីក្រោមឱវាទរបស់ខ្លួនឲ្យពង្រឹងអភិបាលកិច្ចឡើងវិញ បន្ទាប់ពីគ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោត គណបក្សប្រជនកម្ពុជាបាត់បង់អាសនៈជិត៥០០ឃុំសង្កាត់។

លទ្ធលផ្លូវការដែលប្រកាសដោយគ.ជ.ប កាលពីថ្ងៃទី២៥ខែមិថុនាឲ្យដឹងថា ការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៤នេះ គណបក្សប្រជាជន បាត់តំណែងមេឃុំសង្កាត់ អស់ជិត៥០០ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង៤ ០០០ទៀត ដែលចំនួនបាត់បង់នេះ បានទៅលើបក្សប្រឆាំង។

ក្នុងពិធីចែកសញ្ញបត្រដល់និស្សិតនៅរាជធានីភ្នំពេញនាថ្ងៃទី២៦ខែមិថុនានេះ លោកនាយករដ្ឋមន្រ្តី បានប្រាប់ដល់មន្រ្តីក្រោមឱវាទឲ្យខិតខំបំរើការងារ និងដោះស្រាយបញ្ហាជូនពលរដ្ឋឲ្យទាន់ពេលវេលា ដោយលោករំលឹកឲ្យមន្រ្តីទាំងនោះ ចាត់ទុកខ្លួនជាខ្ញុំបំរើពលរដ្ឋ ហើយត្រូវបំរើការងារឲ្យពលរដ្ឋពេញចិត្តផងដែរ។

លោកបន្ថែមថា៖ «យើងត្រូវរំលឹកដាស់ទើនគ្រប់មន្រ្តីទាំងអស់ ដើម្បីធ្វើការបំរើប្រជាជនដោយការស្មោះត្រង់ ពួកគាត់គឺចៅវាយ ឯយើងគឺជាខ្ញុំបំរើ អញ្ចឹងគឺត្រូវធ្វើដូចម្តេចឲ្យចៅវាយពេញចិត្តនេះ ជាបញ្ហាដែលអស់លោកត្រូវរៀបចំឥរិយាបទបែបណា ដើម្បីនឹងឆ្លើយតបជាមួយនឹងចៅវាយក្នុងពេលដែលចៅវាយត្រូវការ»

លោក ហ៊ុន សែន ក៏បានក្រើនរំលឹកមន្រ្តីក្រោមឱវាទទាំងនោះ ឲ្យណែនដល់ក្រុមគ្រួសារធ្វើអំពើល្អ ដោយមិនឲ្យយកឥទ្ធិពលរបស់ខ្លួន ឬឪពុកម្តាយទៅប៉ះពាល់ ឬគំរាមកំហែងអ្នកដ៏ទៃឡើយដោយថា ដើម្បីលើកស្ទួយនិងជួយការពារមុខមាត់រដ្ឋាភិបាល។

លោកបន្ថែមថា៖ «មិនមែនរឿងកំប៉ិកកំប៉ុកទេ រឿងប្តីសក្តិបី ប្រពន្ធសក្តិបួន កូនសក្តិ៥នេះគឺខ្មែរ ស្អប់ណាស់ប្រយ័ត្នអាកន្លែងហ្នឹង ខ្ញុំខ្លួនឯងគឺជាអ្នកដែលស្អប់បំផុតអាហ្នឹង អញ្ចឹងបានជានៅពេលដែលមានលទ្ធិភាពគ្រប់គ្រងប្រទេសនេះកូនរបស់ខ្ញុំ ចៅរបស់ខ្ញុំត្រូវតែជាកូនដែលល្អមិន អាចប្រើប្រាស់នៅឥទ្ធិពលរបស់ឪពុកម្តាយទៅប៉ះពាល់និងគំរាមកំហែងអ្នកដទៃទេ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា លោកហាក់ពុំមានជំនឿងលើការលើកឡើងរបស់លោកនាយកនាយករដ្ឋមន្រ្តីពេលនេះទេ ដោយថា កន្លងមកលោក ហ៊ុន សែន ធ្លាប់ប្រសាសន៍ច្រើនដងហើយដល់មន្រ្តីក្រោមឱវាទទាំងនោះពាក់ព័ន្ធនឹងផ្សេងទៀត ប៉ុន្តែមន្រ្តីមួយចំនួនមិនបានអនុវត្តតាមឲ្យមានប្រសិទ្ធិភាពនោះទេ។

លោកបន្តថា ដើម្បីឲ្យមន្រ្តីក្រោមឱវាទទាំងនោះខិតខំបំរើការងារជូនពលរដ្ឋមានប្រសិទ្ធិភាព មានតែពលរដ្ឋខ្លួនឯងទេជាសម្រេច គឺជំរុញតាមរយៈការបោះឆ្នោត។

លោកបន្ថែមថា៖ «ខ្ញុំនៅមានជំនឿតិចតួច ដោយសារតែគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈហ្នឹងរដ្ឋាភិបាលអនុម័តយូរហើយ គោលនយោបាយហ្នឹង វាមិនសូវមានប្រសិទ្ធិភាពទេ ពីព្រោះអីគោលនយោបាយហ្នឹង គេតម្រូវឲ្យមន្រ្តីជាអ្នកផ្តល់សេវាហ្នឹងបំពេញភារៈកិច្ចក្នុងឥរិយាបទជាអ្នកជួយសម្រប់សម្រួលដល់ប្រជាពលរដ្ឋ ប៉ុន្តែភាពជាចៅវាយនាយរបស់មន្រ្តីហ្នឹង មកលើប្រជាពលរដ្ឋហ្នឹងវាបានចាក់ ឬសជ្រៅពេកធ្វើឲ្យការប្រែឥរិយាបទពីភាពជាចៅវាយនាយមកជាអ្នកបំរើប្រជាពលរដ្ឋហ្នឹងពុំសូវមានប្រសិទ្ធិភាពទេ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋមានបញ្ហាអ្វីមួយហ្នឹងរកអ្នកជួយដោះស្រាយឲ្យពលរដ្ឋមិនបានទេ»

តែទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនក៍បានលើកទឹកចិត្តដល់មន្រ្តីក្រោមឱវាទឲ្យក្លាហានហ៊ាននិយាយការពិតពីបញ្ហាដែលកើតមាននៅថ្នាក់មូលដ្ឋានជូនថ្នាក់លើដឹងដោយថា ដើម្បីងាយធ្វើការដោះស្រាយជាជាងនិយាយភូតកុហក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ