លោក ហ៊ុន សែន ថាមិនព្រមចុះចេញ ខណៈលោក កឹម សុខា រំពឹងឈ្នះឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលកាន់អំណាចជិត៤០ឆ្នាំមកនេះ នៅតែបង្ហាញជំនឿចិត្តខ្ពស់ថា គណបក្សរបស់លោកនឹងឈ្នះឆ្នោតឆ្នាំ២០១៨ទៀត ហើយថាលោកនឹងមិនព្រមចុះចេញពីអំណាចឡើយ​។

នៅក្នុងពិធីចែកសញ្ញាបត្រនៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ថ្លែងថា លោកមិនព្រមចុះចេញពីតំណែងទេដរាបណាប្រជាពលរដ្ឋនៅតែបោះឆ្នោតគាំទ្រលោកជានាយករដ្ឋមន្ដ្រី។ លោកអះអាងថា រដ្ឋាភិបាលរបស់លោកកើតចេញពីឆន្ទៈរបស់ពលរដ្ឋ មិនមែនកើតចេញដោយឯកឯង ឬដោយការលួចបន្លំឡើយ។

លោកមានប្រសាសន៍ថា៖ «អញ្ចឹងដាក់សំណួរហើយថា លោក ហ៊ុន សែន ឯងប៉ុន្មានអាណត្តិហើយ ម៉ិចក៏មិនព្រមទៅណា? អាហ្នឹង គឺករណីទាក់ទងជាមួយនឹងការបោះឆ្នោត បើប្រជាពលរដ្ឋនៅត្រូវការខ្ញុំ! ខ្ញុំនៅតែធ្វើធ្វើអីខ្ញុំ»

លោក​ ហ៊ុន សែន ធ្លាប់បានព្រមានជាញឹកញាប់ថា កម្ពុជានឹងផ្ទុះសង្គ្រាម បើសិនគណបក្សលោកចាញ់ឆ្នោត។ លោកក៏ព្រមានដែរថា គ្មាននោះទេ ការផ្ទេរអំណាចទៅឲ្យគណបក្សប្រឆាំង ប៉ុន្ដែគឺមានការផ្ទេរអំណាចបន្ដទៅកូនចៅរបស់គណបក្សប្រជាជន។

ពីខេត្តត្បូងឃ្មុំ ខណៈពេលជួបអ្នកគាំទ្រនៅស្រុកមេមត់ នៅថ្ងៃចន្ទនេះដែរ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បង្ហាញក្ដីរំពឹងខ្ពស់ថា គណបក្សលោកនឹងឈ្នះឆ្នោតឆ្នាំ២០១៨ខាងមុខ។ លោកថ្លែងដូច្នេះ ដោយលោកអាងទៅលើការកើនឡើងនៃសំឡេងគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតឃុំសង្កាត់លើកនេះ ទោះមានការគំរាមសង្គ្រាម និងការធ្វើទុក្ខបុកម្នេញយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរនៅតែទៅបោះឆ្នោត ដោយសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។

លោក កឹម សុខា អះអាងថា លទ្ធផលបោះឆ្នោតឃុំសង្កាត់លើកនេះជាសញ្ញាវិជ្ជមានមួយ ដែលនាំឲ្យគណបក្សសង្គ្រោះជាតិនឹងឈ្នះឆ្នោតទៅដឹកនាំរដ្ឋាភិបាលនាពេលខាងមុខ។ លោកបន្ថែមថា ប្រជាពលរដ្ឋខ្លះមិនសូវចាប់អារម្មណ៍ចំពោះការបោះឆ្នោតឃុំសង្កាត់ទេ ប៉ុន្ដែពួកគេនឹងចេញទៅបោះឆ្នោតនៅថ្នាក់ជាតិ ដើម្បីផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំតែម្ដង។

លោកថ្លែងថា៖ «បើសិនណាបោះឃុំសង្កាត់បាន៣លានទៅហើយ ជិត៤៤ភាគរយទៅហើយ ដើម្បីឈ្នះឆ្នោត ដើម្បីដឹកនាំរាជរដ្ឋាភិបាល ត្រូវការតែ៥១​ភាគ​រយតើ ខ្វះ៧ភាគរយទៀតតើ មានអ្នកខ្លះគេថា ខ្ជិលបោះឃុំ ចាំដូរ ចាំដូរមេដំបូលតែហ្មងទៅ ហើយអ្នកខ្លះមកពីរោងចក្រមក គេកាត់លុយទៀត អញ្ចឹងហើយកុំជឿសិន ចាំ២០១៨ អាណាកាត់អី កាត់ទៅ មកបោះដូរឲ្យទាល់តែបាន»

ទោះជាមានសារព្រមានពីរឿងសង្គ្រាមក៏ដោយ តែលោក កឹម សុខា អះអាងថាពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត គឺកម្ពុជានឹងគ្មានសង្គ្រាមឡើយ។

បើតាមលទ្ធផលស្ទង់មតិសំងាត់មួយ ដែលអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្សព្វផ្សាយនោះបង្ហាញថា បេក្ខភាពលោក សម រង្ស៊ី គឺមានការគាំទ្រច្រើនជាងគេពីពលរដ្ឋរហូតដល់៨៤ភាគរយ និងតាមពីក្រោយដោយ លោក កឹម សុខា ទទួលបានការគាំទ្រ៧៤ភាគរយ ប៉ុន្តែលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទទួលបានការគាំទ្រ៦៣ភាគរយ។

កាលពីបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ គណបក្សប្រជាជនរបស់លោក ហ៊ុន សែន បានចាញ់ឆ្នោតគណបក្ស ហ៊្វុន ស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ។ កាលនោះ លោក ហ៊ុន សែន មិនព្រមចុះចេញពីតំណែងឡើយ ដោយនៅតែតវ៉ារហូតបានក្លាយជានាយករដ្ឋមន្ដ្រីទី២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ