អាជ្ញាធររារាំងមិនឲ្យសមាគមខ្មែរកម្ពុជាក្រោមយកញត្តិទៅដាក់នៅរដ្ឋសភា

សកម្មភាពកងកម្លាំងប្រដាប់អាវុធរាំងសមាគមខ្មែរកម្ពុជាក្រោម

ពឹ្រកថ្ងៃចន្ទនេះ អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងរារាំងមិនឲ្យសហគមន៍ខ្មែរក្រោមដែលងប្រមូលផ្ដុំគ្នានៅវត្តចាស់ ត្រើយខាងកើតទន្លេចតុមុខ ហែញត្តិទៅដាក់នៅរដ្ឋសភា ទាក់ទង រឿងបាត់បង់ទឹកដីខ្មែរក្រោមទៅវៀតណាមនោះទេ។

កងកម្លាំងប្រដាប់អាវុធខ្ទង់រយនាក់បានឈរជើង និងដាក់ពង្រាយនៅម្ដុំខាងមុខវត្ត «ចាស់» រាជធានីភ្នំពេញ ចាប់តាំងពីព្រលឹមថ្ងៃនេះ ខណៈដែលសហគមន៍ខ្មែរកម្ពុជាក្រោម គ្រោងហែញត្តិដាក់ទៅស្ថាប័នរដ្ឋសភា ដោយស្នើឲ្យរាជរដ្ឋាភិបាលបញ្ចូលថ្ងៃបាត់បង់ដីកម្ពុជាទៅវៀតណាម ជាបុណ្យជាតិ។

នាយកប្រតិបត្តិសហគមន៍ខ្មែកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បង្ហាញការខកចិត្តចំពោះការរារាំងនេះ ដោយចាត់ទុកការរំលឹកខួបនៃការបាត់បង់ទឹកដីថាជាផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ លោកបន្តថា រដ្ឋាភិបាលគួរតែបើកចិត្តឲ្យទូលាយ ហើយឈប់យកកម្លាំងមករារាំង ឬ បង្រា្កបប្រជាពលរដ្ឋដែលគ្រាន់យកញត្តិទៅដាក់នៅរដ្ឋសភាបន្តទៀត ដោយថាមិនបានចំណេញអ្វីដល់រដ្ឋាភិបាល មានតែធ្វើឲ្យគណបក្សប្រជាជនកម្ពុជានឹងបាត់បង់សន្លឹកឆ្នោតកាន់ច្រើន។

លោកថា៖ «នេះជារឿងជាតិទាំងអស់គ្នា មិនមែនជារឿងយុវជន ជារឿងខ្មែរក្រោមទេរឿងប្រទេសកម្ពុជាទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ រឿងកម្ពុជាក្រោមទឹកដីរបស់ខ្មែរ ហើយយើងគ្រាន់តែរំលឹកឡើងវិញតើ ។ ​ប្រវត្តិសាស្ត្រកុំឲ្យវា ប្រវត្តិសាស្ត្ររដែលនឹងវាវិលមកជាន់ក អស់ដីអស់ទឹក​​ បន្តិចទៀតក្រែងតែដូចកម្ពុជាក្រោមដូចគ្នាទេ ដល់ពេលនោះបានអង្គុយយំដូចគ្នាអត់បានធ្វើប៉ូលិស អញ្ចេះទេអត់បានធ្វើប៉ូលិស​ មកវាយចឹងទេបើទៅយួនគេយកដីអស់នោះ អា​នឹងគេបញ្ជាវិញ គេវាយវិញឲ្យដឹង​​អាពេលនោះបានប៉ុណ្ណឹង។ ខំថែរក្សាទាំងអស់គ្នា ខំពង្រឹងទាំងអស់គ្នា ជួយឲ្យ ប្រជាពរដ្ឋលោកយល់ដឹងជាពិសសេស យុវជនទៅ បើយើងនៅតែប្រើប្រាស់បែបនឹងទៀត ប្រជាពលរដ្ឋគេឃើញហើយ​ គេឃើញ​​គេ អានឹងជាសេចក្តីសម្រេចចិត្តបស់គាត់លើសន្លឹកឆ្នោត​ កុំឃើញគេមិនមាត់កុំឃើញរាស្ត្រមិនមាត់ថាគេខ្លាចយើងគេអីមិនមែនទេយល់ខុសហើយយល់ច្រឡំហើយ»

ក្រុមសមត្ថកិច្ចដែលរារាំងការដាក់ញត្តិនេះ និយាយថា ថ្នាក់លើជាអ្នកបញ្ជាឲ្យរារាំង។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី មានប្រសាសន៍ថា ការមិនអនុញ្ញាតឲ្យធ្វើការហែរក្បួននៅតាមដងផ្លូវនោះ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាលាធារណៈ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគម​ អាដហុក លោក សឹង សែនករុណា ចាត់ទុកការរារាំងនេះថា ជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ។

លោកថា៖ «យើងឃើញហើយថា តាមគោលការណ៍សង្គមគោរពលទ្ធិប្រជាធិបតេយ្យគួរតែបើកឱកាស្យពួកគាត់បានដាក់ញត្តិទៅតាម អ្វីដែលបានរៀបចំ​ ហើយត្រង់ថាតើខាងរដ្ឋសភាដែលគាត់នៅស្ថាប័នរដ្ឋសភាទទួលឬក៏មិនបានទទួល​អានឹងជារឿងមួយផ្សេងទៀត។ យើងឃើញថាពួកគាត់មិនទាន់ទៅដាក់ យើងឃើញការរារាំងមិនឲ្យប្រមូលផ្ដុំ មិនឲ្យហែរក្បួន ត្រូវបានសមត្ថកិច្ចជាច្រើនត្រូវបានរារាំងនៅក្នុងផ្លូវមាត់ទន្លេ»

យ៉ាង​ណា​ក៏​ដោយ សមត្ថកិច្ច​​​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​​៣​គ្រឿង ដោយដឹក តំណាងអ្នកដាក់ញត្តិ និងពលរដ្ឋ​ប្រមាណ​១០​នាក់ ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភាដូចការគ្រោងទុក។

ខ្លឹមសារនៃញត្តិនោះគឺសហគមន៍ខ្មែរកម្ពុជាក្រោមសុំដាក់បញ្ចូលថ្ងៃទី៤មិថុនា ដែលបារាំងសេសកាត់ទឹកដីខ្មែរចំនួន២១ខេត្តទៅឲ្យវៀតណាមគ្រប់គ្រងមកដល់សព្វថ្ងៃនោះគឺ ជាថ្ងៃបុណ្យជាតិដើម្បី​រំលឹកការចងចាំ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ