វ៉ានីឡា ដាក់​​បណ្ដាសារអតីតសង្សារ ក្រោយអស់ជំនឿតុលាការ

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 11:14 AM | កំសាន្ដ | 0 | 6581

ក្រោយពីសារភាពថា​​អស់ជំនឿកាន់តែខ្លាំងលើប្រព័ន្ធតុលាការក្រោយ​​រឿងក្ដីរបស់ខ្លួនអូសបន្លាយ១ឆ្នាំទៅហើយ នៅតែលោកគុយ សិទ្ធិស័ក្ដ ជាអតីតសង្សារមិនខ្វល់ចូលខ្លួនទៅបំភ្លឺទាំងនៅក្រសួងមហាផ្ទៃ និងតុលាការនោះ តារាចម្រៀងវ៉ានីឡាបានអះអាងថានាងមានតែការដាក់បណ្ដាសារប៉ុណ្ណោះ​ ដើម្បីអោយជនដែលបង្កការឈឺចាប់ដល់នាងទទួលរងនូវទណ្ឌកម្មដែលគេគួរតែទទួល។ នាងបានប្រកាសថា ​ ទេវតាមានភ្នែក នឹងដើរតួជាតុលាការកាត់ទោសចំពោះជននោះមិនអោយបានសុខនោះទេ ជំនួសអោយ​ប្រព័ន្ធតុលាការ ដែលខ្វះសមត្ថភាពធ្វើការដោះស្រាយរឿងនេះអោយទាន់កំហឹងរបស់នាងបាន។

កញ្ញា វ៉ានីឡា និយាយថា៖ «ខ្ញុំប្រហែលជាមិនអាចដាក់អ្នកដែលប្រព្រឹត្តិអំពើបាបមកលើខ្ញុំ ប៉ុន្តែព្រះមានភ្នែក! អ្នកនឹងមានជីវិតរស់នៅដើម្បីតែទទួលទោស តែខ្ញុំមានជីវិតដើម្បី​រស់ដោយមានន័យ​»។ សម្ដីមួយមួយម៉ាត់នេះ ​ត្រូវគេចាត់ទុកថាជាការលួងចិត្តខ្លួនឯង ក្រោយពីនាង​ទទួលរងនូវអំពើហិង្សារផង ការ​ជេរប្រមាថ និងការបង្ខូចឈ្មោះតាមរយៈការបង្ហោះរូប​ភាពអាក្រាតផង តែមិនទាន់ឃើញប្រព័ន្ធច្បាប់ណាមួយ​ចាប់ខ្លួន លោកគុយ សិទ្ធិស័ក្ដ ជាអតីតសង្សាររបស់នាង អោយមកសូម្បីតែចូលខ្លួនមកបំភ្លឺបានម្ដងនៅឡើយ។

នាងថាជាការឈឺចាប់ណាស់នៅពេលដែលនាងគ្រាន់តែសុំបែកហើយ​ក៏ត្រូវបុរសម្នាក់នោះវាយដំ និងគំរាមកំហែងដល់ជីវិត និងឈានទៅបង្ហោះរូប​​​នាងអាក្រាតបំផ្លាញអនាគតរបស់នាងតែម្ដង ដើម្បី​អោយនាងស្អុយ​ឈ្មោះ និងបាត់បង់ទាំងអាជីពមកទល់សព្វថ្ងៃព្រោះតែការអាម៉ាស់។ ប៉ុន្តែងាកទៅមើល លោកគុយ សិទ្ធិស័ក្ដ ដែលមានឪពុកពាក់ផ្កាយ៣ វិញ នាងថានៅតែមានសេរីភាព ហើយហាក់មិនរអារនឹងបណ្ដឹងរបស់នាងទាល់តែសោះ។ កុំថាឡើយគ្រួសារខាងប្រុសចូលខ្លួនដោះស្រាយសូម្បីតែម្ដង គឺសូម្បីតែការទាក់ទងមកសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការក៏គ្មាន ហើយថែមទាំងបោះសម្ដីអោយនាងបន្តប្ដឹងតាមចិត្តទៀត ដែលហាក់ដូចជាមិនខ្វល់រឿងប្រព័ន្ធច្បាប់។

នាងថា ក្រោយពេលអតីតសង្សារលួងលោមយកនាងធ្វើជាសង្សារ បុរសជាកូនអ្នកមាននេះ​​រមែង​​បិទសិទ្ធិ និងប្រើការគំរាមកំហែងមកលើនាងម្ដងជាពីរដងមិនអោយនាងបែក​ ហើយមកពីនាងមិនចង់អោយមានរឿងវែងឆ្ងាយទើបចេះតែទ្រាំ។ យ៉ាងណាក៏ដោយ ការសេពគប់យូរទៅៗបានធ្វើអោយនាងកាន់តែឈឺចាប់​​និងទទួលរងទណ្ឌកម្មដដែលហើយដដែលទៀត ដោយក្នុងពេលខ្លះលោកបញ្ជិះរថយន្តនាងបើកលឿនដូចហោះដើម្បី​បំភ័យស្មារតី​ ហើយអោយតែនិយាយស្ដីអ្វីមិនបានត្រូវគ្នាក៏ឈានដល់វាយទះទប់ និងចាប់កាច់កនាងនៅក្នុងឡានយ៉ាងព្រៃផ្សៃជាដើម។

នាងថាជម្លោះចុងក្រោយដែលនាំនាងសុំបែកមែនទែន គឺដោយសារតែលោក គុយ សិទ្ធិស័ក្ដ ទារយកឡាននាងជិះ ហើយដោយនាងមិនព្រម​លោកក៏ផ្ដើមដោយសម្ដី ង៉ែងៗ និងស្ទុះវ៉ៃនាងប៉ងដូចចង់សម្លាប់ ដោយនាងចាត់ទុកថាបើរត់ចុះពីលើឡានមិនទាន់គឺពិតជាមានគ្រោះថ្នាក់ធំ។ នាង​ថាក្រោយហេតុការណ៍នោះ នាង និងបងប្រុសនៅតែគ្មានគម្រោងប្ដឹង ដោយគ្រាន់តែសុំអោយលោក គុយ សិទ្ធិស័ក្ដ ប្រគល់រថយន្តរបស់នាងដែលលោកបើក​យកទៅមកអោយនាងវិញប៉ុណ្ណោះ ប៉ុន្តែមកពីលោកមិនព្រមទើបឈានដល់ការដាក់បណ្ដឹងនៅសាលាសង្កាត់ និងសាលាខ័ណ្ឌ ហើយប៉ុន្មានថ្ងៃក្រោយពីលោកប្រគល់រថយន្តអោយ ក៏មានរូប​អាក្រាតបង្ហោះឡើងតែម្ដង។ នាងថា​ខ្លួនបានសុំអោយគ្រួសាររបស់លោក គុយ សិទ្ធិស័ក្ដ ជួយ​ដោះស្រាយជុំវិញរឿងនោះ ប៉ុន្តែលទ្ធផលចុងក្រោយគឺម្ដាយរបស់លោកបានបោះពាក្យអោយនាងទៅប្ដឹង ទើប​​នាង និងលោក សុខ ជំនោរ ជាបងប្រុសសម្រេចចិត្ត​​ដាក់បណ្ដឹងទៅកាន់ក្រសួង​មហាផ្ទៃពីបទ ប្រើប្រាស់អំពើហិង្សារបង្ករបួសស្នាម និងបង្ហោះរូបអាក្រាតបង្ខូចឈ្មោះជាសាធារណៈ។

នាងថាតាំងពីបណ្ដឹងធា្លក់ដល់ដៃប្រព័ន្ធច្បាប់ គឺភាគីខាងជនជាប់ចោទបញ្ជូនមេធាវីមកតុលាការតែម្ដងគត់ ហើយក៏ស្ងាត់សូន្យទៅវិញក្នុងពេលខាងតុលាការបានត្រឹមតែ​​​អះអាងថាអោយរង់ចាំចំណាត់ការៗ ឡើងនាងយល់ថាលែងមានសង្ឃឹមទៅហើយ។ នាងមានសង្ឃឹមមិនច្រើនដូចមុនទៀតទេសម្រាប់ការនាំខ្លួនអតីតសង្សារដែលនាងបានប្ដឹងពីបទ បន្ទាប់ពីឃើញចំណាត់ការកាត់ក្ដី​បន្តអូសបន្លាយមួយឆ្នាំទៅហើយ គិតត្រឹមចុងខែមិថុនា ក្នុងឆ្នាំ​២០១៧នេះ។ យ៉ាងណាមិញនាងថាខ្លួននៅមានបណ្ដាសារមួយទៀតដើម្បី​ដាក់ទោសដល់អតីតសង្សារដើម្បីអោយជនដែលធ្វើអោយនាងឈឺចាប់នោះទទួលរងនូវការដាក់ទោសពីព្រះ។

នាងនិយាយថា​​​បណ្ដាសារគឺជារឿងទ័លច្រកចុងក្រោយ ប៉ុន្តែក៏ធ្វើអោយជីវិតនារីរងគ្រោះដូចនាងមានកម្លាំងចិត្តជាងមុនផងដែរ ដោយនាងនៅតែលើកឡើងដដែលៗថា៖ «ទោះតុលាការរបស់មនុស្សធ្វើអ្វី​​អតីតសង្សារនាងមិនបាន តែតុលាការព្រះនឹងធ្វើអោយជនរស់នៅដើម្បីទទួលទោសអស់មួយជីវិត អោយសមនឹងការឈឺចាប់របស់នាង»

មកដល់ពេលនេះ គេនៅតែឃើញ លោក គុយ សិទ្ធស័ក្ដ មិនខ្វល់តបត ដោយនៅលើហ្វេសប៊ុកលោកមិនមានសំណេរណាមួយ​ឆ្លើយតបនឹងប្រតិកម្មរបស់វ៉ានីឡានោះទេ ខណៈដែលទូរស័ព្ទរបស់លោក​ក៏មិនអាចទាក់ទងសុំការបំភ្លឺបាន។

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required