ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ថា​សមត្ថកិច្ច​កំពុង​តាម​រក​ព្រះ​អង្គ

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក្នុងបន្ទប់ផ្សាយ ​VOD កាល​ពីពេល​កន្លង​មក

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលអ្នកធ្វើការស្និទ្ធនឹងលោក កែម ឡី អះអាងថាសមត្ថកិច្ចកំពុងតាមរកព្រះអង្គតែមិនដឹងថាក្នុងបំណងអ្វីនោះទេ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រាប់វីអូឌីថាព្រះអង្គបានទទួលទូរសព្ទពីជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅម៉ោង៧ព្រឹកនេះ ដោយអះអាងថារូបគេជានគរបាល ហើយប្រាប់ព្រះអង្គថាមានសមត្ថកិច្ចកំពុងតាមរកព្រះអង្គ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុអ្វីទេរួចបិទទូរសព្ទវិញ។

ព្រះអង្គមានសង្ឃដីកាថា៖ ទទួលទូរស័ព្ទតាំងពីម៉ោង៧ព្រឹកនេះថា គាត់ជាប៉ូលីសគាត់អាណិតគាត់ស្រលាញ់ហើយគាត់ប្រគេនដំណឹងមកតេជគុណ សុំឲ្យតេជគុណរកកន្លែងមានសុវត្ថិភាពទៅ ព្រោះឥឡូវនេះខាងប៉ូលីសគេតាមដានរកតេជគុណហើយ។ … អត្មាគិតតាមឧត្តមបណ្ឌិតរបស់លោក កែម ឡី ដែលថា យើងរស់នៅស្រុកមួយដែលមានខ្លា មានសត្វសាហារវមានពស់វែកអីច្រើន យើងខំប្រឹងគេចទៅណាក៏គេចមិនរួចដែរ ពិបាកនឹងគេចណាស់ បើគេចង់ចាក់គេចង់ខាំវាងាយស្រួលសម្រាប់គេទេ ព្រោះយើងឋិតក្នុងទីតាំងមួយដែលគេអាចធ្វើបាបយើងបានគ្រប់ពេល

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បន្តថាព្រះអង្គមានការបារម្ភខ្លះដែរពីសុវត្ថិភាព តែព្រះអង្គថាទោះជាចង់គេចទៅណាក៏មិនរួចដែរបើសមត្ថកិច្ចចង់ចាប់ព្រះអង្គនោះ។

នៅពេលសួថា តើព្រះអង្គបានប្តឹងទៅអាជ្ញាធរឲ្យជួយការពារសុវត្ថិភាពទេ?

ព្រះតេជគុណប៊ុត ប៊ុនតិញ មានដីកាបន្តថាព្រះអង្គពុំមានជំនឿលើសមត្ថកិច្ចទេ។

ព្រះអង្គមានដីកាបន្ថែមថា៖ អត្មាមិនដែលមានជំនឿលើជំនួយទៅលើអាជ្ញាធរអីទេ អត់ត្រូវការប្តឹងអីទាំងអស់ព្រោះគ្មានន័យ និងខាតពេលវេលាដែលត្រូវដាក់លិខិតប្តឹងទៅអាជ្ញាធរហ្នឹង អត់ន័យទាំងអស់

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានបដិសេធពីដំណឹងដែលថាសមត្ថកិច្ចតាមរកចាប់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដោយលោកថាមិនមានហេតុផលណាដែលសមត្ថកិច្ចត្រូវការតាមរកព្រះអង្គនោះទេ។ លោកមានប្រសាសន៍ថា៖ “សូមព្រះអង្គគិតឡើងវិញមើលថាក្រែងលោ វាមិនមែនសមត្ថកិច្ចឬមួយយ៉ាងម៉េចយ៉ាងម៉ា ហីក៏អ្នកដទៃបើជាសមត្ថកិច្ចគ្មានទេ!

លោកបានបន្ថែមថា បើមានការគំរាមណាមួយដល់ព្រះអង្គ សូមព្រះអង្គនិមន្តទៅប៉ុស្តិ៍ប៉ូលីសណាដែលនៅក្បែរព្រះអង្គដើម្បីទទួលបានការការពារ។

លោកថា៖ “យើងការពារគ្នាទាំងអស់ កាលណានៅក្បែរៗព្រះអង្គ មើលៗព្រះអង្គផង។ បើយើងដាក់សមត្ថកិច្ចទៅថាធ្វើការគំរាមអីលោក បើលោកមិនស្នើសុំ

ក្រោយពីមានការបាញ់សម្លាប់លោក កែម ឡី ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថាមានគេកំពុងតាមដានព្រះអង្គ។ បន្ទាប់ពីមានការបាញ់សម្លាប់លោក កែម ឡី មនុស្សមួយចំនួនដែលធ្លាប់ធ្វើការស្និទ្ធជាមួយលោកកែម ឡី បានចាកចេញពីប្រទេសកម្ពុជាដូចជាព្រះតេជគុណ សាន សុជា និងកូនភ្លោះ ជុំ ហួត ជុំ ហួរ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ