ចិន​ស្នើ​ឲ្យ​អាមេរិក​គាំ​ទ្រ​ការ​ចាប់​ផ្ដើម​​ចរចា​ឡើង​វិញ​ជាមួយ​ហ្វីលីពីន

(រូបភាពពី Reuters)

រដ្ឋមន្ត្រីការបរទេសចិនបានស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ឲ្យគាំទ្រការចាប់ផ្ដើមការចរចារវាងប្រទេសចិននិងហ្វីលីពីនឡើងវិញជុំវិញជម្លោះសមុទ្រចិនខាងត្បូង បន្ទាប់ពីសាលក្រមអន្តរជាតិមួយបានស ម្រេចឲ្យក្រុងប៉េកាំងចាញ់ក្ដីនៅក្នុងជម្លោះដែនទឹកនេះនៅដើមខែកក្កដានេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ចិនមិនបានចូលរួមក្នុងសវនការតុលាការមជ្ឈត្តកម្មអន្តរជាតិនៅទីក្រុងឡាអេទេ ហើយបានបដិសេធទទួលយកសាលក្រមចេញដោយតុលាការនេះកាលពីថ្ងៃទី១២ ខែកក្កដា ដែលសម្រេចឲ្យហ្វីលីពីនឈ្នះក្ដីនោះ។

នៅឯជំនួបនៅទីក្រុងវៀងចន្ទន៍កាលពីថ្ងៃម្សិលមិញប្រមុខកាទូតចិនលោក Wang Yi បានប្រាប់លោក Kerry ថា ចិននិងអាស៊ានបានឯកភាពគ្នាថាជម្លោះនោះគួរវិលត្រឡប់ទៅរកផ្លូវត្រូវវិញតាមរយៈកិច្ចសន្ទនាផ្ទាល់ជាមួយភាគីពាក់ព័ន្ធ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីលោក Wang ដែលបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃនេះថាប្រទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកគាំទ្រការចាប់ផ្ដើមការសន្ទនាឡើងវិញរវាងចិននិងហ្វីលីពីន ហើយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិននិងអាស៊ាន ដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពតំបន់។

ចិនបានបន្ទោសអាមេរិកម្ដងហើយម្ដងទៀត ចំពោះការដុតបញ្ឆេះភាពតានតឹងនៅសមុទ្រចិនខាងត្បូងនិងចូលពាក់ព័ន្ធក្នុងជម្លោះនេះ ប៉ុន្តែក្រុងវ៉ាងស៊ីងតោនបានបដិសេធការចោទប្រកាន់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ