បក្សប្រឆាំងប្រកាសបើកចំហឲ្យមហាជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់តំណាងបក្សខ្លួន

លោក ប៉ុល ហំម ថ្លែងនៅ​ស្នាក់ការណបក្សសង្គ្រោះជាតិនាពេលកន្លងមក (រូបភាព៖ ហ្វេសប៊ុក លោក កឹម សុខា)

គណបក្សប្រឆាំង បានប្រកាសផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទូទៅ អាចឈរជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ តំណាងឲ្យគណបក្សសង្គ្រោះជាតិបាន បើទោះបីជាអ្នកទាំងនោះ មិនមែនជាសមាជិក ឬសកម្មជនរបស់គណបក្សសង្គ្រោះជាតិក៏ដោយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួននៅទីស្នាក់ការគណបក្សចាក់អង្រែលើនៅព្រឹកនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក ប៉ុល ហំម លើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងប្រកាសជាសាធារណៈឲ្យមានការដាក់ពាក្យសុំឈរឈ្មោះជាក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានទូលំទូលាយ។

លោកបន្តថា អ្នកមានសមត្ថភាពអាចដាក់ពាក្យសុំឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បាន បើទោះបីជាអ្នកនោះមិនមែនជាសមាជិករបស់គណបក្សក៏ដោយ។

លោកបន្ថែមថា៖ «គណបក្សសង្គ្រោះជាតិនឹងធ្វើសេចក្តីប្រកាសជាសាធារណៈឲ្យមានការដាក់ពាក្យសុំឈរឈ្មោះឃុំ-សង្កាត់ឲ្យបានទូលំទូលាយ គឺយើងមិនមែនកម្រិតត្រឹមតែសមាជិករបស់យើងតែក្នុងគណបក្សទេ  អ្នកមិនទាន់ចូលជាសមាជិកក្នុងគណបក្សយើងក៏ដោយ បើពេលនោះគាត់មើលឃើញថា គាត់មានប្រជាប្រិយភាព អាចថាជាប់ឆ្នោតបាន មានសមត្ថភាព ពេលនោះយើងនឹងពិចារណា»

លោក ប៉ុល ហំម បន្តថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស ក៏ជំរុញឲ្យមានស្ត្រី និងយុវជនចូលរួមដាក់ពាក្យឈរឈ្មោះជាក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ។

លោក ប៉ុល ហំម លើកឡើងទៀតថា គណបក្សនឹងបន្តធ្វើកំណែទម្រង់ប្រជាធិបតេយ្យក្នុងបក្សរបស់ខ្លួនបន្ថែមទៀតចាប់ពីថ្នាក់លើ ដល់ថ្នាក់មូលដ្ឋាន ដោយថា រាល់សេចក្តីសម្រេចធ្វើឡើងតាមយន្តការ មិនមែនដោយបុគ្គល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ