លោក សុខ ទូច ជំរុញទៅរដ្ឋាភិបាលឲ្យវែកមុខ​អ្នកនៅពីក្រោយឃាតកម្មលោក កែម ឡី

ប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​ លោក សុខ ទូច។ (រូបថតឯកសារ)

ដៃគូវិភាគម្នាក់របស់លោកបណ្ឌិត កែម ឡី ជំរុញទៅរដ្ឋាភិបាលឲ្យវែកមុខអ្នកពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកវិភាគល្បីឈ្មោះរូបនេះ ដោយលោកថាបើរកអ្នកបញ្ជាពីក្រោយឃាតកម្មនេះមិនឃើញថា នឹងធ្វើឲ្យប៉ះពាល់ដល់សន្លឹកឆ្នោតរបស់គណបក្សកាន់អំណាច។

លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងហាងទំនិញក្នុងស្ថានីយប្រេងកាល់តិចនៅខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

លោក សុខ ទូច ដែលទើបទទួលបានងារជាបណ្ឌិតសភាចារ្យពីរដ្ឋាភិបាលនោះថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញនៅពេលពិធីបញ្ចុះសពលោក កែម ឡី ថារដ្ឋាភិបាលត្រូវទទួលខុសត្រូវលើការវែកមុខរកអ្នកពាក់ព័ន្ធករណីឃាតកម្មនេះ ដោយលោកថាបើរដ្ឋាភិបាលមិនបានធ្វើឲ្យមានតម្លាភាពទេ នោះប្រជាពលរដ្ឋនឹងមិនបោះឆ្នោតឲ្យនៅពេលខាងមុខ។ លោកបន្តថា៖ ទុកភារកិច្ចនេះឲ្យរដ្ឋាភិបាល ហើយបើរដ្ឋាភិបាលមិនបានបកស្រាយ មិនបានរកឃើញនូវឧក្រិដ្ឋជននៅពីក្រោយទេ ហើយគ្មានការបកស្រាយណាច្បាស់លាស់ទេ ប្រជាជនគឺជាតុលាការ។ ៥ឆ្នាំមានតុលាការប្រជាជនម្តង អញ្ចឹងទេ ត្រូវទាមទាររកសេចក្តីពិតសម្រាប់មនុស្សជំនាន់ក្រោយ ហើយយើងអត់អាចបែកបាក់គ្នាបានទេ

លោក សុខ ទូច បានផ្អាកធ្វើការវិភាគតាមប្រព័ន្ធផ្សព្សផ្សាយមួយរយៈ ក្រោយពីរដ្ឋាភិបាលសម្រេចបង្កើតក្រុមស្រាវជ្រាវកិច្ចការព្រំដែនកម្ពុជា-វៀតណាមនៅរាជបណ្ឌិតសភាកម្ពុជាដែលមានលោក សុខ ទូច ធ្វើជាប្រធានក្រុម។

ទោះជាយ៉ាងណាលោកបណ្ឌិត សុខ ទូច បញ្ជាក់ថា លោកនឹងចាប់ផ្តើមវិភាគពីបញ្ហាសង្គមឡើងវិញ បន្ទាប់ពីអស់ពីលោក កែម ឡី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានមួយចំនួនថាសមត្ថកិច្ចពិបាកក្នុងការស្វែងរកអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក កែម ឡី ដោយអះអាងថាមកពីជនសង្ស័យម្នាក់ដែលចាប់បាននោះមិនព្រមឆ្លើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ អះអាងថាអ្នកដែលនៅពីក្រោយឃាតកម្មនេះ គឺជាភ្នាក់ងារបរទេស។ លោកបន្តថា៖ “ការរកមុខឃាតករដៃដល់គឺយើងកំពុងរកឃើញសង្ស័យម្នាក់ ឯការរកអ្នកដែលរៀបចំសេណារិយោនៅពីក្រោយ គឺយើងកំពុងតាមដាន ហើយខ្ញុំយល់ឃើញថា គ្មាននរណាក្រៅពីបរទេសដែលជួលលោក កែម ឡី ឲ្យធ្វើជាភ្នាក់ងារបរទេសនិងឧបត្ថម្ភលុយទេ“។

លោកបណ្ឌិត កែម ឡី ត្រូវបានប្រជាពលរដ្ឋរាប់សែននាក់ដាក់ងារថាជាបុរសសម្តីមាសហ៊ាននិយាយការពិត និងរិះគន់រដ្ឋាភិបាលចំៗទៅលើភាពអសកម្មនៃការដឹកនាំរបស់រដ្ឋាភិបាល។

មុនពេលមានការបាញ់សម្លាប់ លោកបានបកស្រាយពន្យល់បន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការ Global Witness ដែលដាក់ចំណងជើងថា «អាណាចក្រជំនួញត្រកូលហ៊ុន» ដែលរបាយការណ៍របស់អង្គការនោះជាញឹកញាប់ត្រូវបានរដ្ឋាភិបាលប្រតិកម្មខ្លាំងៗនិងមិនដែលឲ្យតម្លៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ