Thai Airway សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​​ភ្ជាប់​ជើង​ហោះហើរ​ទៅ​អាមេរិក​ឡើង​វិញ

(រូបភាពពី Bangkok Post)

ក្រុមហ៊ុន Thai Airway សម្លឹងទៅរកការចាប់ផ្ដើមជើងហោះហើរទៅកាន់សហរដ្ឋអាមេរិកឡើងវិញ ប៉ុន្តែពួកគេនឹងប្ដូរទៅកាន់ព្រលានយន្តហោះនៅទីក្រុង Seatle ឬ San Francisco ជំនួសឲ្យព្រលានយន្តហោះនៅទីក្រុង Los Angeles ដែលក្រុមហ៊ុននេះធ្លាប់ប្រើប្រាស់កាលពីពេលមុន។

សារព័ត៌មានបាងកក ប៉ុស្តិ៍របស់ថៃ បានដកស្រង់សម្ដីប្រធានក្រុមហ៊ុន Thai Airway លោក Charamporn Jotikasthira ដែលបានថ្លែងថាពេលវេលានៃការចាប់ផ្ដើមជើងហោះហើរទៅកាន់ទឹកដីអាមេរិកគឺអាស្រ័យទៅលើអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិនិងរដ្ឋបាលអាកាសចរណ៍អាមេរិកដែលនឹងតំឡើងចំណាត់ថ្នាក់អាកាសចរណ៍របស់ប្រទេសថៃ។

សារព័ត៌មានបាងកកប៉ុស្តិ៍ បានផ្សាយថាក្រុមហ៊ុន Thai Airway បានផ្អាកជើងហោះហើររបស់ខ្លួនពីទីក្រុងបាងកកទៅកាន់ទីក្រុង Los Angeles កាលពីខែតុលាឆ្នាំមុននៅក្នុងផែនការស្តារស្ថានភាពរបស់ខ្លួនឡើងវិញ បន្ទាប់ពីខាតបង់អស់ប៉ុន្មានឆ្នាំមកនោះ។

ប៉ុន្តែលោក Charamporn បាននិយាយថាក្រុមហ៊ុនអាកាសចរណ៍ជាតិថៃមួយនេះកំពុងពិចារណាអំពីការភ្ជាប់ជើងហោះហើរទៅកាន់អាមេរិកឡើងវិញ ដោយសារលោកមើលឃើញកំណើនតម្រូវការ។ លោកបន្ថែមថាជើងហោះហើរអាចនឹងចាប់ផ្ដើមឡើងវិញនៅឆ្នាំបន្ទាប់។

រដ្ឋបាលអាកាសចរណ៍អាមេរិកកាលពីខែធ្នូឆ្នាំមុនបានទម្លាក់ចំណាត់ថ្នាក់របស់របស់វិស័យអាកាសចរណ៍ថៃ មកនៅត្រឹមប្រភេទលេខ២ដែលមានន័យថាក្រុមហ៊ុនអាកាសចរណ៍ថៃមិនត្រូវបានអនុញ្ញាតឲ្យបើកជើងហោះហើរថ្មី បង្កើនការហោះហើរទៅអាមេរិក ឬផ្ដល់ប្រភេទយន្តហោះដែលមានប្រើប្រាស់នាពេលសព្វថ្ងៃនោះឡើយ។

ចំណាត់ថ្នាក់វិស័យអាកាសចរណ៍ថៃធ្លាក់ចុះ បន្ទាប់ពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិកាលពីខែមិថុនាឆ្នាំមុនបានចេញ «ភ្លើងក្រហម» ដែលបង្ហាញនូវក្ដីបារម្ភអំពីសុវត្ថិភាពជើងហោះហើរ បន្ទាប់ពីប្រទេសថៃមិនអាចបំពេញទៅតាមមាត្រដ្ឋានមានបញ្ញត្តិនៅក្នុងវិស័យអាកាសចរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ