ក្រុមប្រឹក្សាធម្មនុញ្ញគំាទ្រ​លើវិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ ខណៈគេថាច្បាប់នេះផ្ទុយរដ្ឋធម្មនុញ្ញ

អតីតរដ្ឋមន្ត្រីក្រសួងដែនដីលោក អ៊ឹម ឈុនលឹម

ក្រុមប្រឹក្សាធម្មនុញបានសម្រេច​គំាទ្រការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទៅ​តាមការ​ចង់​បានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈមជ្ឈដ្ឋានជាច្រើន រួមទាំងគណបក្សប្រឆាំងអះអាងថាច្បាប់នេះផ្ទុយ​នឹងរដ្ឋធម្មនុញ្ញ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញបាន​​ទទួល​ស្គាល់​សំណើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោ​​បាយ​​ថ្មី ដោយ​ឥត​កែប្រែ​ចំណុច​ណាមួយ​ឡើយ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ស្នើ​កែប្រែ​ជា​​លើក​ទី២ តាម​ការ​ចង់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈច្បាប់នេះបង្កើតឡើង​ត្រូវបាន​គេ​មើលឃើញថា បង្កើតឡើង ដើម្បីផាត់លោក សម​ រង្ស៊ី ចេញពីឆាកនយោបាយ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មានសមាសភាព​៩រូប ដែលតំណាងឲ្យព្រះមហាក្សត្រ៣រូប ឧត្តមក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម៣រូប​ និង៣រូបទៀតមក​ពីរដ្ឋសភា។

សាស្ត្រាចារ្យនយោបាយលោក សូ ចន្ថា យល់ឃើញថា សមាសភាពក្រុមប្រឹក្សាធម្មនុញ្ញដែល​សម្រេច​គំាទ្រ ដោយឥយកែប្រែលើ​ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ តាមការចង់បានរបស់លោក ហ៊ុន សែន ថាសុទ្ធសឹងតែមន្ត្រីជាន់ខ្ពស់​បក្សកាន់អំណាច។ ករណីនេះលោកថា ពេលច្បាប់នេះចូលជាធរមាន នឹង​​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា​ដើរថយក្រោយ។

លោកនិយាយថា«យើងនិយាយពីស្ថាប័នរដ្ឋធម្មនុញ្ញជាស្ថាប័នកំពូលយើងឃើញថាសមាជិកភាគច្រើនគឺជាមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច។ ដូច្នេះចង់មិនចង់ចំាបាច់ត្រូវតែសម្រប ឬសម្រេចទៅតាមអ្វីដែលចង់បានរបស់គណបក្សកាន់អំណាច បើយើងនិយាយពីមុខងាររបស់ស្ថាប័នជាតិ ស្ថាប័នដែលឯករាជ្យប៉ុន្តែសមាសភាពបុគ្គលដែលទៅកាន់កិច្ចការហ្នឹងមកពីគណបក្សនយោបាយ ខ្ញុំគិតថាចង់មិនចង់គឺត្រូវតែស្ថិតនៅក្រោមឥទ្ធិពល ឬការសម្រេចបែបនយោបាយធ្វើឲ្យការប្រកួតប្រជែងនយោបាយក្នុងសង្គម ប្រជាធិបតេយ្យជួបបញ្ហា​​​»

ខណៈដែលច្បាប់ដ៍ចម្រូងចម្រាស់នេះ ត្រូវបញ្ជូនទៅព្រះមហាក្សត្រ ដើម្បីឡាយ​ព្រះហស្ត​លេខា​ប្រកាស​ឲ្យ​ប្រើនោះ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានយាងចេញទៅប្រទេសចិន ក្រោម​ហេតុ​ផល​ពិនិត្យព្រះរាជសុខភាព​។

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម​លោក មាស នី មានប្រសាសន៍ថា រដ្ឋធនុញ្ញកម្ពុជាចែងថា អំណាច​ចំនួន៣ធំៗត្រូវចែកដាក់ពីគ្នា រួមមានអំណាចនីតិបញ្ញត្តិ នីតិ​ប្រតិ​បត្តិ និងអំណាច​តុលាការ​។ ករណីនេះ​លោកថា បើមន្ត្រីមិនបែងចែកការងារឲ្យដាច់ពីគ្នាទេ ដោយលោកលើឧទាហរណ៍ថា ករណីវិសោធកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីៗនេះ នឹងធ្វើ​ឲ្យប៉ះ​ពាល់​ដល់​អតីតមេដឹកនាំបក្សប្រឆំាង​​​លោក សម រង្ស៊ី និងបក្សនយោបាយតូចៗផ្សេងទៀត​។

លោកមានប្រសាសន៍ថា «បើខ្ញុំមើលមែនទែនទៅ វាហាក់ដូចជាមានផលប៉ះពាល់ធ្ងន់ជាង គ្រាន់តែតំរង់ទៅរកឯកឧត្តម សម រង្ស៊ី តែម្នាក់ ព្រោះនៅក្នុងហ្នឹងដោយសារតែនៅស្រុកយើងវាមានបញ្ហាចំនោទសួរច្រើនទៅលើការមានឯករាជ្យភាពរបស់តុលាការ ហើយនិងការប្រកបវិជ្ជាជីវៈរបស់តុលាការ ខ្មែរយើង វានៅមានការចោទប្រកាន់ពីសាធារណៈជនថា វាមិនមានយុត្តិធម៌ ដល់ចឹងទៅវាអាចឲ្យគណបក្សណាដែលគេមានអំណាច គេអាចប្រើតុលាការឲ្យធ្វើអ្វីឲ្យគេ ដើម្បីបំណងរបស់គេ វានឹងមានផលប៉ះពាល់ដល់លើបក្សតូចៗដែលគ្មានអំណាច»។
វីអូឌី មិនអាចទាក់ លោក អ៊ឺម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបាននៅឡើយទេ។

ច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើ​ធ្វើ​វិសោធនកម្ម​ឡើងវិញម្តងហើយ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧ និង​ត្រូវបាន​ចូល​ជាធរមាន បន្ទាប់ពីបានចុះហត្ថលេខាកាលពីថ្ងៃទី៧ខែមីនា ដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ និង​ជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅចិន។

ខ្លឹមសារសំខាន់​ក្នុងច្បាប់ស្តីពីគណបក្សនយោបាយនេះ​ គឺមិនអនុញ្ញាតិឲ្យប្រធាន ឬអនុប្រ​ធាន​គណ​​បក្សនយោបាយណា ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មាន​សិទ្ធិដឹកនាំបក្សបាននោះទេ។ លើស​ពី​នេះទៀត បើប្រធាន អនុប្រធាន​បក្សណា​មួយ បាន​ប្រព្រឹត្ត​បទល្មើសព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​ប្តឹង​ទៅតុលាការកំ​ពូល ដើម្បី​រំលាយបក្សនោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ