មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីនគរបាលឲ្យយកបុណ្យស័ក្តិរបស់ខ្លួនទៅបម្រើប្រជាពលរដ្ឋថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជៀសវាងការយកអំណាចតួនាទីទាំងនោះទៅប្រព្រឹត្តអំពើដែលផ្ទុយពីច្បាប់បានកំណត់នោះ។
នៅក្នុងពិធីបំពាក់ឋានន្តរស័ក្តិដល់នាយនគរបាលជាន់ខ្ពស់កាលពីថ្ងៃអង្គារម្សិលមិញ លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់នគរបាលឲ្យ ពង្រឹងសមត្ថភាពគោរពវិជ្ជាជីវៈ ការបំពេញតួនាទី ការពារដែនអធិបតេយ្យភាពប្រទេស និង បម្រើប្រជាពលរដ្ឋ ជៀសវាងការប្រព្រឹត្តិខុសច្បាប់ផ្សេងៗ។នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឯម សំអាន មិនបានបញ្ជាក់ឲ្យចំថា ការប្រព្រឹត្តខុសច្បាប់ដែលលោកហាមនោះមានករណីអ្វីខ្លះនោះទេ ប៉ុន្តែកន្លងមក នគរបាលមួយចំនួនរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធគ្រឿងញៀន ឬ ករណីជូញដូរឈើខុសច្បាប់ជាដើម។