ទាហានភូមិភាគទី៤រងការចោទថា កាប់បំផ្លាញដំណាំពលរដ្ឋនៅខេត្ដសៀមរាប

យោធាយោធភូមិភាគទី៤ ប្រចាំការនៅទិសមុខ ស្ថិតនៅឃុំកន្ទួតស្រុកស្វាយលើ ខេត្ដ​សៀមរាប រងការចោទថា កាប់បំផ្លាញដំណាំពលរដ្ឋ លួចយកសម្ភារៈ ​ព្រមទាំងប្រើហឹង្សា។

តំណាងពលរដ្ឋនៅភូមិសែនជ័យ ឃុំកន្ទួត លោក ស៊ុំ សាយ ប្រាប់វីអូឌីនៅថ្ងៃទី២៦ខែកក្កដានេះថា ដំណាំដំឡូងមី របស់ប្រជាពលរដ្ឋជាច្រើនហិចតា ត្រូវបានក្រុមយោធាយោធភូមិភាគទី៤ ប្រចាំនៅតំបន់នោះ កាប់បំផ្លាញជាបន្ដបន្ទាប់ ដោយចោទពួកគាត់ថា បង្កបង្កើនផលលើ​ដី​របស់រដ្ឋខុសច្បាប់ ខណៈដែលអ្នកភូមិអះអាងថា ពួកគេរស់នៅលើដីនោះជាង១០ឆ្នាំមកហើយ។

លោកបន្ដថា ក្រុមយោធាទាំងនោះ មិនត្រឹមបំផ្លាញដំណាំកសិកម្មប៉ុណ្ណោះទេ ថែមទាំងបានប្រើហឹង្សា និងបាញ់គម្រាមអ្នកភូមិផដដែរ។

លោកបន្ដថា៖ «គេកាប់បាន គេនាំកូនចៅគេដើរប្រមូលដាក់ដុតទាំងអស់ ទាំងកូនចៅមេគេទាំងអស់កន្លងមក បានប៉ុន្មានថ្ងៃ ថ្ងៃទី៥ទី៦ គេចាប់មនុស្សមក​វ៉ៃទៀត បងចាប់ញិល ឡេងមួយ ចាប់ហង់ជ្រុនមួយចាប់វ៉ៃ។ ថា ដីនោះ ដីគេ ខ្ញុំមិនដែល​ឃើញផង មកនៅក្រោយប្រជាពលរដ្ឋទៀត»។

តំណាងពលរដ្ឋមួយរូបទៀត លោក ហង់ ជ្រុន ឲ្យដឹងថា លោកត្រូវបានក្រុមយោធាទាំងនោះវាយដំ និងបាញ់កាំភ្លើងគម្រាមជាច្រើនគ្រាប់ ប៉ុន្ដែគ្មានសមត្ថកិច្ច ឬអាជ្ញាធររកដំណោះស្រាយ ដល់ពួកគាត់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកថា ក្រុមទាហាន ក៏បានហាមឃាត់អ្នកភូមិមិនឲ្យបង្កបង្កើនផលលើដីជម្លោះ ព្រមទាំងលួចទ្រព្យសម្បត្ដិពលរដ្ឋនោះផងដែរ ដែលលោកថា ទាហានទាំងនោះ បង្ខំឲ្យពួកគាត់ទៅកាប់យកដីព្រៃនៅកន្លែងផ្សេង។ លោកថា ពួកគាត់កំពុងព្រួយបារម្ភពីការខ្វះខាតស្បៀង ចិញ្ចឹមជីវិតនាពេលខាងមុខនេះ។

លោកបន្ដថា៖ «គេមិនឲ្យធ្វើមិនឲ្យអីដីហ្នឹង នៅស្រពិច​ស្រពិល ដីគ្មានបានធ្វើស្រូវអង្ករតែទាហានគេធ្វើបាន ប៉ុន្ដែពួកខ្ញុំ គេមិនឲ្យធ្វើ គេគម្រាមមិនឲ្យធ្វើ ពីរឿងមិនឲ្យធ្វើ លើដីខ្ញុំគេថាដីរបស់គេ គេចាប់ចងគេយកកាំភ្លើងមកវ៉ៃ»

វីអូឌី នៅមិនទាន់អាចទាក់ទង មេបញ្ជាការយោធភូមិភាគទី៤ លោក ជា ម៉ន ដើម្បីសុំឆ្លើយការឆ្លើយតបករណីចោទប្រកាន់នេះបាននៅឡើយទេ។

អ្នកនាំពាក្យសាលាខេត្ដសៀមរាប លោក លី សំរិទ្ធិ មានប្រសាសន៍ថា លោកមិនទាន់ទទួលដំណឹងពីការប្រើហឹង្សា និងការកាប់បំផ្លាញដំណាំពលរដ្ឋនៅឡើយទេ ប៉ុន្ដែលោកថា ​ជម្លោះដីធ្លីនៅតំបន់ស្រុកស្វាយលើ លោក ធ្លាប់បានដោះស្រាយបានមួយចំនួនហើយ និងមួយចំនួនទៀតមិនទាន់មានដំណោះស្រាយ។

លោកបន្ដថា៖«បាទហើយ យើងក៏ធ្លាប់បានសម្របសម្រួលជាមួយគ្នាដែរ ជាមួយអ្នកគ្រប់គ្រងនៅទីនោះ​ ជាមួយអង្គភាពយោធភូមិភាគទី៤ ហើយដោះស្រាយបញ្ហាបានមួយចំនួនហើយ»

ទោះជាយ៉ាងណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អាដហុកខេត្ដសៀមរាបលោក ច័ន្ទ ចំរើន មានប្រសាសន៍ថា តាមការអង្កេតកន្លងមក ជម្លោះដីធ្លីនេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ និងពួកគាត់ធ្លាប់បានស្វែងរកដំណោះស្រាជាច្រើនស្ថាប័ន ប៉ុន្ដែគ្មានប្រសិទ្ធិភាព។

លោកបន្ដថា ពលរដ្ឋនៅតំបន់នោះ បានតាំងទីលំនៅមុនយោធា ដែលលោកថា អាជ្ញាធរគួរដោះស្រាយជួនពួកគាត់ដោយសន្ដិវិធី។ លោកបានហៅការការប្រើហឹង្សា និងការបំផ្លាញដំណាំពលរដ្ឋនោះ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ